ជាតិ
លោក ហេង សំរិន​៖ កិច្ចប្រជុំ​APA អាច​បន្សាប​អំពើហិង្សា​ក្នុង​តំបន់ និង​សាកលលោក​
09, Dec 2015 , 4:47 pm        
រូបភាព
​ប្រធានរដ្ឋសភា​កម្ពុជា លោក ហេង សំរិន បាន​សម្តែង​ក្តីសង្ឃឹម​យ៉ាង​មាំ​ថា លទ្ធផល​នៃ​កិច្ចប្រជុំសភា​តំបន់​អាស៊ី​លើក​ទី​៨ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ពេលនេះ នឹង​អាច​កម្ចាត់​ភាពវឹកវរ​នានា​ដែល​កំពុង​កើតមាន​នៅក្នុង​តំបន់ និង​សាល​កលោក​ទាំងមូល​។ ការ​ថ្លែង​ដូច្នេះ ធ្វើឡើង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ផ្លូវការ​នៃ​សភា​តំបន់​អាស៊ី​លើក​ទី​៨ ដែល​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ កាលពី​ម៉ោង​៩​ព្រឹក នា​ថ្ងៃទី​៩ ខែធ្នូ នេះ​។



​លោក ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា និង​ជា​ប្រធាន​នៃ​កិច្ចប្រជុំសភា​តំបន់​អាស៊ី (APA) បាន​រំពឹងទុក​ថា ព្រឹត្តិការណ៍​នៃ​ការជួបជុំ​របស់​តំណាង​ប្រជាជន​អាស៊ី​ទាំង​២២​ប្រទេស លើ​ទឹកដី​កម្ពុជា​នាពេលនេះ នឹង​ផ្តល់​ផល​វិជ្ជមាន ក្នុងការ​ពន្លត់​អំពើហិង្សា​និង​ភយន្តរាយ​ទាំងឡាយ ដែល​កំពុង​កើន​មាន និង​យាយី​នៅក្នុង​តំបន់​មួយចំនួន រួមទាំង​សាកលលោក​ផងដែរ​។​

​ប្រធាន​នៃ​កិច្ចប្រជុំ​APA រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ស្មារតី​រួម​នៃ​តំណាង​ប្រជាជន​អាស៊ី​ទាំង​២២​ប្រទេស​នាពេលនេះ បានបង្ហាញ​ពី​ផល​វិជ្ជមាន​ស្ទើរ​គ្រប់​ទិដ្ឋភាព នៃ​សង្គម​ប្រជាជាតិ​អាស៊ី​។ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា លទ្ធផល​ដែល​ប្រសូត្រចេញពី​កិច្ចប្រជុំ​នេះ នឹង​បន្សាប​រាល់​ការប៉ុនប៉ង​បង្ក​អរិភាព​ណាមួយ ហើយ​អាច​នាំ​ពិភពលោក​ឲ្យ​វិល​មករក​ភាពប្រក្រតី​ឡើងវិញ​»​។​

​ក្រៅពី​លោក ហេង សំរិន ឥស្សរជន​ជាន់ខ្ពស់​មួយចំនួនទៀត ក៏បាន​ឡើង​ថ្លែង​សុន្ទរកថា​ផងដែរ ដើម្បី​ស្វាគមន៍ និង​សាទរ​ចំពោះ​ការបើក​កិច្ចប្រជុំ​នេះ ។ ឥស្សរជន​ជាន់ខ្ពស់​ទាំងនោះ រួមមាន លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធ​សភាកម្ពុជា​, លោក ងួន ញ៉ិល អនុប្រធាន​ទី​២​នៃ​រដ្ឋសភា​, លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​, លោក មៀន រ៉ា​ហ្សា​រ៉ា​បា​នី ប្រធាន​APA និង​លោក ម៉ា​ស៊ូ​ត អ៊ីស្លាម​មី  អគ្គលេខាធិការ​ស្តីទី​APA​។ ក្រោយ​បញ្ចប់​ពិធី​បើក​កិច្ចប្រជុំ​នេះ មហាសន្និបាត​APA ក៏បាន​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ម៉ោង ១១​ព្រឹក​។

​អ្នកចូលរួម​ប្រជុំ មាន​ប្រមាណ​ជាង​២០០​នាក់​ដែល​សុទ្ធតែជា​សមាជិកសភា​ពី​បណ្តា​ប្រទេស​ទាំង​២១ រួមទាំង​កម្ពុជា​ផងដែរ ដោយ​លើកយក​ប្រធានបទ «​ការជំរុញ​សន្តិភាព ការផ្សះផ្សា និង​ការសន្ទនា​ក្នុង​តំបន់​អាស៊ី​» មក​ពិភាក្សា​។ ទាក់​នឹង​ប្រធានបទ​នេះ​ផង​ដែរ កាលពី​ថ្ងៃទី​៨ ម្សិលមិញ លោក ឈាន វុន ក្នុងនាម​ជា​អនុប្រធាន​ក្រុម​ជាតិ​នៃ​មហាសន្និបាត​APA បាន​អះអាងថា រយៈ​មួយ​សប្តាហ៍​ពោលគឺ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១២ នៃ​កិច្ចប្រជុំ​នេះ តំណាង​សភា​ទាំងនោះ នឹង​ជជែក​គ្នា​ជាច្រើន​ពី​វប្បធម៌​សន្ទនា ដែល​កម្ពុជា​តែង​ប្រើប្រាស់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​កន្លងមក​។​

​សូមបញ្ជាក់​សាជាថ្មី​ថា កិច្ចប្រជុំ​ដ៏​ធំ​នេះ ពុំមាន​វត្តមាន​របស់​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូប ចូលរួម​នោះទេ​៕


Tag:
 APA
© រក្សាសិទ្ធិដោយ thmeythmey.com