ពីនេះ ពីនោះ
វិធី​ដ៏​មាន​ប្រសិទ្ធភាព​ធ្វើឱ្យ​គេង​លក់​ល្អ​
13, Dec 2015 , 11:04 am        
រូបភាព
ដោយ: ថ្មីៗ

​តើ​អ្នក​រាងដូចជា​អស់កម្លាំង ហើយ​ហាក់ដូច​ជាមាន​កង្វល់​និង​មាន​ស្ត្រេ​ស មែន​ទេ​? ទាំងអស់នេះ​អាចជា​លទ្ធផល​នៃ​ការ​គេង​មិនបាន​គ្រប់គ្រាន់​ហើយ​។ ការ​គេង​លក់​ល្អ​អាចជួយ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ជ្រះថ្លា មាន​ខួរក្បាល​ស្រឡះ និង​ដំណើរការ​មេតាបូលីស​ល្អប្រសើរ​។​



​បើតាម​ការសិក្សា​មួយ​នៅក្នុង​ឆ្នាំ​២០០៩ ដែល​ដឹកនាំ​ធ្វើ​ដោយ​វិទ្យាស្ថាន Institut du Sommeil et de la Vigilance មនុស្សពេញវ័យ​អាយុ​ពី​២៥​ដល់​៣៥​ឆ្នាំ​ដេក​ជា​មធ្យម​៧​ទៅ​៨​ម៉ោង​ក្នុង​១​យប់ៗ ក៏ប៉ុន្តែ​មាន​ជនជាតិ​បារាំង​ប្រហែលជា​៣០%​ដែល​គេង​បាន​តិចជាង​៧​ម៉ោង​។​

ចង់​គេង​ឱ្យ​បានល្អ​មិនមែនជា​រឿង​អ្វី​ពិបាក​ទេ គឺ​អ្នក​គ្រាន់តែ​ត្រូវ​ចូល​គេង​ឱ្យបាន​ទៀងទាត់​ម៉ោង តែប៉ុណ្ណោះ​បាន​ហើយ​។​
​តើ​ម៉ោង​ពេល​ចូល​គេង​វា​មានការ​ប៉ះពាល់​ដល់​គុណភាព​នៃ​ការ​គេង​យ៉ាងដូចម្តេច​?

ពួក​អ្នកស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​វ៉ា​ស៊ី​ង​តោន​បាន​រកឃើញថា ម៉ោង​ពេល​ចូល​គេង​ក៏មាន​សារសំខាន់​ដូចជា​ចំនួន​ម៉ោង​ដែល​គេ​បាន​គេង​លក់​ដូច្នោះ​ដែរ​។ បើកាលណា​ម៉ោង​ចូល​គេង​ផ្លាស់ប្តូរ​ចុះឡើង បើទោះជា​គេ​គេង​បាន​គ្រប់​ចំនួន​ម៉ោង​ក៏ដោយ​ក៏​គុណភាព​នៃ​ការ​គេង​មិន​បានល្អ​ទេ ហើយ​វា​ធ្វើឱ្យ​ប្រព័ន្ធ​អ៊ី​មុយ​នី​តេ​ចុះខ្សោយ​ថែមទៀត​។ ហើយ​ការផ្លាស់ប្តូរ​ម៉ោង​ចូល​គេង​ញឹកញាប់​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​បាន​។​

​ចង្វាក់​គេង​-​ភ្ញាក់ (rythme circadian du sommeil)
​ចង្វាក់​គេង​-​ភ្ញាក់​នេះ​ប្រៀបបាន​ដូចជា​នាលិ​កា​ជីវសាស្ត្រ​មួយ ដែលមាន​ចំពោះ​គ្រប់​មនុស្ស​និង​សត្វ ហើយ​មាន​រយៈពេល​ប្រហាក់ប្រហែល​នឹង​២៤​ម៉ោង​។ គឺជា​ចង្វាក់​ដែល​បែងចែក​ថា​ពេលណា​ជា​ពេល​គេង និង​ពេលណា​ជា​ពេល​ភ្ញាក់រ​ឮ​ក​ដឹងខ្លួន​។ ចំពោះ​មនុស្ស​យើង ចង្វាក់​គេង​-​ភ្ញាក់​នេះ​មាន​តួនាទី​សំខាន់​ខ្លាំងណាស់​ចំពោះ​យន្តការ​ជាច្រើន ដូចជា​ចរន្តឈាម​រត់ ការ​ដុះ​សក់ ពេល​គេង​និង​ពេល​ភ្ញាក់ ហើយ​និង​សីតុណ្ហភាព​រាងកាយ​ជាដើម​។​

​ចង្វាក់​គេង​-​ភ្ញាក់​ដែល​ស្ថេ​រ​មិន​ប្រែប្រួល​ធ្វើឱ្យ​សរីរាង្គ​មានដំណើរ​ការល្អ​ដូច​ប្រក្រតី ម្ល៉ោះហើយ​សុខភាព​ក៏​ល្អ​ដែរ​។ ក៏ប៉ុន្តែ​បើសិនជា​ចង្វាក់​គេង​-​ភ្ញាក់​នេះ​ត្រូវបាន​ធ្វើឱ្យ​ច្របូកច្របល់ ដោយ​ការផ្លាស់ប្តូរ​ម៉ោង​ចូល​គេង (​ដោយ​ការធ្វើការ​ពេលយប់ ឬ​ធ្វើដំណើរ​តាម​យន្តហោះ​ទៅ​ទីកន្លែង​ផ្សេង​) នោះ​វា​នឹងធ្វើ​ឱ្យ​បាត់​លំនឹង​នៃ​ការ​គេង ដែល​ធ្វើឱ្យ​សុខភាព​មិនល្អ​ទេ​។​

​តើ​ធ្វើយ៉ាងណា​ដើម្បី​ឱ្យបាន​គេង​លក់​ល្អ​?

-    ទី​១ គឺ​ត្រូវ​ចូល​គេង​ឱ្យ​ទៀងទាត់​ពេលវេលា គឺ​ចូល​គេង​នៅ​ម៉ោង​ដដែល រួច​ភ្ញាក់​មកវិញ​នៅ​ម៉ោង​ដដែល​ដែរ ។​
-    ទី​២ គឺ​ត្រូវ​គេង​ឱ្យបាន​៧​ម៉ោង​យ៉ាងតិច​ក្នុង​១​យប់ៗ​។​

​ម្យ៉ាងទៀត អ្នក​ត្រូវ​ទុកពេល​១​ម៉ោង​ក្រោយពី​ងើប​ពី​គេង​ដើម្បីឱ្យ​ស្វាង​ងងុយ​និង​រៀបចំខ្លួន​មុន​នឹងធ្វើ​អ្វីមួយ និង​១​ម៉ោង​ទៀត​មុននឹង​គេង​លក់  ដូច្នេះ​ត្រូវ​ទម្លាប់​ចូល​គេង​ឱ្យបាន​៩​ម៉ោង​មុន​។​

​ឧទាហរណ៍​ថាបើ​អ្នក​ត្រូវ​ចេញទៅ​ធ្វើការ​នៅ​ម៉ោង​៧​ព្រឹកស្អែក អ្នក​ត្រូវ​ចូល​គេង​នៅ​ម៉ោង​១០​យប់​នេះ (៩​ម៉ោង​មុន​)៖ ដោយ​គិតថា​អ្នក​អាច​ត្រូវការ​ពេល​១​ម៉ោង​ដើម្បីឱ្យ​គេង​លក់ រួចហើយ​គេង​ចំនួន​៧​ម៉ោង និង​ត្រូវការ​ពេល​ចំនួន​១​ម៉ោង​ទៀត​ដើម្បី​រៀបចំខ្លួន​មុននឹង​ចេញទៅ​ធ្វើការ ។ បើ​ទម្លាប់​បែបនេះ​ឱ្យបាន​ជាប់ ដល់​យូរៗ​ទៅ​វា​ទៅជា​ធម្មតា​មិនចាំបាច់​ខំប្រឹង​ទេ ហើយ​អ្នកនឹង​សង្កេតឃើញថា​សុខភាព​របស់​អ្នកនឹង​បាន​កាន់តែ​ប្រសើរឡើង​ជាមិនខាន​ទេ​៕

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​
​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com