កីឡាជាតិ
ជាតិ
កម្ពុជា​ទទួលបាន​ផលប្រយោជន៍​អ្វីខ្លះ​ចំពោះ​ការធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ប៉េតង់​?
16, Dec 2015 , 7:19 pm        
រូបភាព
ដោយ:
​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​១៩ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែធ្នូ ដោយមាន​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​ចំនួន​១២២​នាក់ តំណាងឱ្យ ១១​ប្រទេស ។ ការប្រកួត​នឹងធ្វើ​នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា អគារ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​។ តើ​កម្ពុជា​ទទួលបាន​ផលប្រយោជន៍​អ្វីខ្លះ​ពី​ការធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​កីឡា​ប៉េតង់​?



​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា ការធ្វើជា​ម្ចាស់ផ្ទះ​នេះ​យើង​ទទួលបាន​ផលប្រយោជន៍​ពីរ​គឺ​ផង​ប្រយោជន៍​ដោយ​ប្រយោល និង​ផលប្រយោជន៍​ដោយផ្ទាល់​។ ដោយ​លោក​បាន​ពន្យល់ថា​ផលប្រយោជន៍​ដោយ​ប្រយោល​នោះ​គឺ​ផលចំណេញ​ខាង​ផ្នែក​សេដ្ឋកិច្ច នៅពេល​មាន​ព្រឹត្តិការណ៍​អ្វីមួយ​កើតឡើង​នៅក្នុង​ប្រទេស​ណាមួយ នឹងមាន​ចលនា​នៃ​ការលក់ នឹង​ការជួល​របស់របរ​ផ្សេងៗ ជាពិសេស​មាន​ចលនា​ខាង​ពា​ណិ​ជ្ចក​ម្ម​។ ចំណែក​ផលប្រយោជន៍​ដោយផ្ទាល់​នោះ គឺ​ទទួលបាន​ការដកស្រង់​កំរិត​បច្ចេកទេស និង​បណ្តុះ​សតិសម្បជញ្ញៈ​ដល់​កីឡាករ​កីឡាការិនី ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ ឱ្យ​ចេះ​ស្រលាញ់ ចេះ​យកចិត្តទុកដាក់ និង​គាំទ្រ​វិស័យ​កីឡា​។​

​លោក ប៊ូ ជុំ​សេរី បញ្ជាក់ថា​៖«​ការធ្វើជា​ម្ចាស់ផ្ទះ​យើង​ទទួលបាន​ផលប្រយោជន៍​ដោយផ្ទាល់ និង​ដោយ​ប្រយោល​។ ផលប្រយោជន៍​ដោយ​ប្រយោល​គឺ​ផលចំណេញ​ខាង​ផ្នែក​ខាង​សេដ្ឋកិច្ច ចំ​ណែ​ល​ផលប្រយោជន៍​ដោយផ្ទាល់​នោះ​គឺ​កំរិត​បច្ចេកទេស និង​ការបណ្តុះ​សតិសម្បជញ្ញៈ​កីឡាករ​កីឡាការិនី និង​ប្រជាពលរដ្ឋ​ឱ្យមាន​ការស្រលាញ់ ការចូល​ចិត្ត​និង​ការ​គា​ទ្រ​»​។

​លោក​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រំ​ឮ​ក​ផងដែរ​ថា ជាក់ស្តែង​កាលពី​ឆ្នាំ​១៩៦៦ កម្ពុជា​បានរៀបចំ​ព្រឹត្តិការណ៍​ព្រី​ស៊ី​ហ្គេម​មួយ ដើម្បី​ត្រៀម​មុន​ការរៀបចំ​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​១៩៧៣ ។ គួរ​បញ្ជាក់ថា​ការប្រកួត​ស៊ី​ហ្គេម​នៅ​ឆ្នាំ​១៩៧៣ កម្ពុជា​ទទួលបាន​មេដាយមាស​កំរិត​កំពូល​សម្រាប់​ការប្រកួត​នោះ នេះ​អាច​ឆ្លុះបញ្ចាំង​ថា​យើង​អាច​ទទួលបាន​ផលប្រយោជន៍​ដោយផ្ទាល់​ពី​ការរៀបចំ​ព្រី​ស៊ី​ហ្គេម​។

​លោក អ៊ិន គឹម​ស្រ៊ុន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​កីឡា​ប៉េតង់​ច្រើនដង វា​ធ្វើឱ្យ​ស្ថិតិ​របស់​កម្ពុជា​មានកា​រ​កើនឡើង​នឹង​ជា​ឱកាស​មួយ​សម្រាប់​កម្ពុជា​ក្នុងការ​ផ្សព្វផ្សាយ​ពី​ការរៀបចំ​របស់​ឱ្យ​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​ស្គាល់ ជាពិសេស​ប្រទេស​នៅលើ​ពិភពលោក​។ ហើយ​វា​ជាមួយ​ដ៏​ល្អ​សម្រាប់​កម្ពុជា​ក្នុងការ​ឈានទៅរក​ភាពជា​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​ការប្រកួត​ជើងឯក​ពិភពលោក​ផងដែរ​។

​លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការធ្វើជា​ម្ចាស់ផ្ទះ​ច្រើនដង​មាន​ប្រយោជន៍ កាលណា​យើង​រៀបចំ​ច្រើនដង​ស្ថិតិ​របស់​យើង​ត្រូវបាន​គេ​បង្ហោះ​ក្នុង​វេ​ប​សាយ​ធ្វើ​គេ​ដឹងថា តើ​នៅក្នុង​តំបន់​អាស៊ី​កម្ពុជា​ធ្លាប់ធ្វើ​ម្ចាស់ផ្ទះ​បាន​ប៉ុន្មាន​ដង​? ហើយ​វា​ជាការ​សន្សំ​ពិន្ទុ​ដើម្បី​ឈានទៅរក​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​ការប្រកួត​ជើងឯក​ពិភពលោក​»​។​

​គួរ​បញ្ជាក់ថា កម្ពុជា​បានដាក់​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​១៩ ប្រចាំឆ្នាំ​២០១៦ ចំនួន ២៤​នាក់​ក្នុងនោះ​បុរស​២​ក្រុម នារី​២​ក្រុម និង​យុវជន​២​ក្រុម ដោយ​ក្នុង​មួយក្រុម​មាន​៤​នាក់​៕


Tag:
 ​កីឡា​ប៉េតង់​
© រក្សាសិទ្ធិដោយ thmeythmey.com