ជាតិ
លោក ឈាង វណ្ណា​រិ​ទ្ធ ថា​ឡាវ​មានឱកាស​លេចធ្លោ​ក្នុងពេល​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១៦
20, Dec 2015 , 12:01 pm        
រូបភាព
ដោយ:
 
​វ៉ាស៊ីនតោន​៖ ប្រទេស​ឡាវ​នឹង​ក្លាយជា​ប្រធាន​សមាគម​អាស៊ាន​ជា​លើក​ទី​២​នៅ​ថ្ងៃទី​១​ខែមករា​ឆ្នាំ ២០១៦ ខាងមុខ​ក្រោយពី​ធ្វើជា​ប្រធាន​អាស៊ាន​កាលពី​ឆ្នាំ​២០០៤​។ ឆ្នាំ​២០១៦​នេះ​ក៏​ជា​ឆ្នាំ​ទី​១​នៃ​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ផងដែរ​។ អ្នកវិភាគ​មួយរូប​គឺ លោក ឈាង វណ្ណា​រិ​ទ្ធ សាស្ត្រាចារ្យ​ខាង​ការសិក្សា​អំពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​សាកលវិទ្យាល័យ Leeds នៅ​ចក្រភព​អង់គ្លេស បាន​ពិភាក្សា​ជាមួយ​លោក សឹង សុផាត នៃ VOA អំពី​ឱកាស​និង​ការ​ប្រឈម​សំខាន់ៗ​ខាង​សេដ្ឋកិច្ច និង​នយោបាយ​អន្តរជាតិ ដែល​ប្រទេស​ឡាវ​នឹង​ប្រឈម​ក្នុងពេល​ធ្វើជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំក្រោយ​។​


 
​គម្លាត​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​៖
​លោក ឈាង វណ្ណា​រិ​ទ្ធ ថ្លែងថា ប្រទេស​ឡាវ​ដែលមាន​ស្ថានភាព​សេដ្ឋកិច្ច​ប្រហាក់ប្រហែល​នឹង​កម្ពុជា​នឹង​ប្រឈម​នឹង​កិច្ចការ​យ៉ាងច្រើន​ក្នុងពេល​ធ្វើជា​ប្រធាន​អាស៊ាន ប៉ុន្តែ​នេះ​ក៏​ជា​ឱកាស​សម្រាប់​ប្រទេស​ដែល​មិនមាន​ជាប់​សមុទ្រ​នេះ​បង្រួម​គម្លាត​អភិវឌ្ឍ​សេដ្ឋកិច្ច​រវាង​ប្រទេស​អាស៊ាន​នានា​។ លោក​ថា ប្រទេស​ឡាវ​នឹង​ផ្តោតលើ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​គមនាគមន៍​ផ្លូវគោក​ក្នុង​តំបន់ និង​ការជំរុញ​ការតភ្ជាប់​រវាង​សហគ្រាស​ធុន​តូច​និង​មធ្យម (SME) ជាមួយ​ក្រុមហ៊ុន​ធំៗ​។ លោក​ថា សហគ្រាស​ធុន​តូច​និង​មធ្យម​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ដោយសារ​គេ​ត្រូវការ​មូលធន​ចំណាយ​តិច​និង​បង្កើត​ការងារ​ក្នុង​មូលដ្ឋាន​តែម្តង​។​
 
​គ្រប់គ្រង​ជម្លោះ​នយោបាយ​តំបន់​៖
​ឆ្នាំ​២០១៦​ដែល​ប្រទេស​ឡាវ​ធ្វើជា​ប្រធាន មិន​ត្រឹមតែ​ជា​ឆ្នាំ​ដែលមាន​សារៈសំខាន់​ខាង​សម្រាប់​សេដ្ឋកិច្ច​អាស៊ាន​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ឆ្នាំ​សំខាន់​សម្រាប់​នយោបាយ​អ​ន្ត​រ​ជាតិ​របស់​អាស៊ាន​ផងដែរ​។ មេដឹកនាំ​អាស៊ាន​នឹង​ជួបជុំគ្នា​ជា​លើកដំបូង​បំផុត​នៅ​សហរដ្ឋអាមេរិក ដែល​នេះ​លោក ឈាង វណ្ណា​រិ​ទ្ធ ថា​នឹង​ផ្តល់ឱកាស​ដល់​ប្រទេស​ឡាវ​និង​អាស៊ាន​ដើម្បី​លេចធ្លោ​ក្នុង​ឆាក​អន្តរជាតិ​។ ម្យ៉ាងទៀត​លោក​ថា ប្រទេស​ឡាវ​ទំនងជា​នឹង​អាច​ចាត់ចែង​បញ្ហា​ភាព​តានតឹង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​បាន​ដោយ​ជៀសវាង​បាន​នូវ​ភាពចម្រូងចម្រាស​ដែល​បាន​កើតឡើង​ក្នុងអំឡុង​កិច្ចប្រជុំ​អាស៊ាន​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១២​។ ប៉ុ​ន្តេ​ឡាវ​ខ្លួនឯង​នឹង​ប្រឈម​នឹង​ការ​ត្រូវ​ដោះស្រាយ​បញ្ហា​ទំនប់​វា​រី​អគ្គីសនី​ចម្រូងចម្រាស់​របស់ខ្លួន​ជាមួយ​ប្រទេសជិតខាង​។​
 
​ភូមិសាស្ត្រ​មេគង្គ​និង​សមុទ្រ​ចិន​ខាងត្បូង​៖
​ការណ៍​ដែល​ប្រទេស​ឡាវ​ជា​ប្រធាន​អាស៊ាន​ក៏​ទំនង​នឹង​ទាញ​ចំណាប់អារម្មណ៍​ទៅលើ​តំបន់​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នយោបាយ​ថ្មី​មួយ គឺ​តំបន់​ទន្លេមេគង្គ​។ ប្រទេស​ឡាវ​ស្ថិតនៅ​ចំ​កណ្តាល​តំបន់​អនុតំបន់​ទន្លេមេគង្គ​នៃ​អាស៊ីអាគ្នេយ៍​ដីគោក ដែល​រួមមាន​ប្រទេស​កម្ពុជា មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម​ផងដែរ ដែល​ប្រទេស​និ​មួយៗ​មាន​ផលប្រយោជន៍​ខុសៗ​គ្នា​។ លោក ឈាង វណ្ណា​រិ​ទ្ធ ថ្លែងប្រាប់ VOA ថា តំបន់​នេះ​កាន់​តែមាន​សារៈសំខាន់​ខ្លាំង​ឡើង​ខាង​ភូមិសាស្ត្រ​នយោបាយ​សម្រាប់​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក ដែល​មហាអំណាច​ទាំងពីរ​នេះ​ក្នុងពេល​កន្លងមក​បាន​ផ្តោតលើ​បញ្ហា​សេដ្ឋកិច្ច​ក្នុង​តំបន់​នេះ​ជាជាង​បញ្ហា​សន្តិសុខ​។ ប៉ុន្តែ​លោក​ថា ដោយសារ​ទីតាំង​តំបន់​នេះ​នៅ​ជិត​នឹង​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​តំបន់​មេគង្គ​នេះ​ជា​«​ច្រកទ្វារ​យុទ្ធ​សា​ស្ត្រ‍​»​មួយ​របស់​ចិន​។ ការណ៍​នេះ​ធ្វើ​ឲ្យ​ភាព​តានតឹង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ងាយ​មាន​ឥទ្ធិពល​ទៅលើ​តំបន់​មេគង្គ​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com