ជាតិ
សង្គមជាតិ
សមត្ថកិច្ច​ថា ក្រុម​ចោរកម្ម លួច ឆក់ ប្លន់ ចងក្រង​ជា​បណ្ដាញ​ច្រើន
22, Dec 2015 , 5:52 pm        
រូបភាព
 
​អំពើ​លួច ឆក់ ប្លន់ ដែល​បាន​ផ្ទុះឡើង​ផ្ទួនៗ​គ្នា​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​ឃើញថា កើតចេញពី​ក្រុម​ចោរកម្ម ដោយមាន​បក្សពួក​និង​បណ្តាញ​ច្រើន​។ នេះ​ជាការ​អះអាង​របស់លោក ម៉ត់ ជា​តូ អគ្គ​ស្នងការរង​នគរបាលជាតិ ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​រួម​រវាង តុលាការ អយ្យការ និង​នគរបាល​យុត្តិធម៌ ដែល​ប្រព្រឹត្តទៅ​នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌ នា​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ ។​

 
​លោក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​បញ្ជាក់ថា ជនល្មើស​មួយចំនួន​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន បាន​សារភាពថា ពួកគេ​ចេញមក​ពី​ក្រុម​បក្សពួក ដែល​ចងក្រង​ជា​បណ្ដាញ​តៗ​គ្នា​ជា​បន្តបន្ទាប់ ក្នុង​ការធ្វើសកម្មភាព​ចោរកម្ម​។ យ៉ាងណាក៏ដោយ លោក មិនអាច​បញ្ជាក់​ឲ្យ​លម្អិត ទាក់ទង​នឹង​មេខ្លោង ឬ​បណ្តាញ​ចោរកម្ម​នោះទេ ដោយសារតែ​លោក​អះអាងថា បញ្ហា​នេះ​កំពុងតែ​ស្ថិតក្នុង​ការស៊ើបអង្កេត​របស់​សមត្ថកិច្ច​។ 
 
​នៅ​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន អគ្គ​ស្នងការរង​នគរបាលជាតិ​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​រហូតមកដល់​ពេលនេះ យើង​ស្រាវជ្រាវ​ឃើញថា ភាគច្រើន​ចោរលួច ចោរឆក់ ចោរប្លន់ ដែល​យើង​ចាប់បាន គឺមាន​ក្រុម​បក្ស​របស់​ពួកគេ​។ ម្យ៉ាងទៀត អ្នក​ដែល​យើង​កំពុងតែ​តាម​ចាប់ ក៏​ឆ្លៀត​ទៅ​បង្កើត​ក្រុម​ថែមទៀត ដើម្បី​ធ្វើ​សកម្មភាព​បន្ត​»​។ 
 
​លោក ម៉ក់ ជី​តូ បាន​ប្តេជ្ញាចិត្ត​ថា សមត្ថកិច្ច​នឹង​ខិតខំ​បំពេញការងារ ដើម្បី​បង្ការ​និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ ក្នុងករណី​លួច ឆក់ ប្លន់ ក្នុង​គោលបំណង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ដល់​ប្រជាពលរដ្ឋ និង​សង្គមជាតិ​។ 
 
​ជុំវិញ​បញ្ហា​ចោរកម្ម​នេះ មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួលបន្ទុក​ព័ត៌មាន សន្តិសុខ និង​បង្ក្រាប​បទល្មើស លោក ហុង វិ​ណុល បាន​បដិសេធថា ក្រុម​ជនល្មើស​ដែលមាន​អាវុធ​ខុសច្បាប់​ចេញ ឆក់ ប្លន់ ទាំងនោះ គឺ​មិនមាន​អ្វី​ជាប់​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច ដូច​មតិ​រិះគន់​មួយចំនួន​ឡើយ​។​ លោក​បាន​អះអាងថា ការប្រើប្រាស់​អាវុធ​រប​ស់ជន​ល្មើស​ទាំងនោះ គឺ​ពួកគេ​មាន​ប្រភព​នៃ​អាវុធ​ខុសច្បាប់ ដែល​បាន​ចែករំលែក​អាវុធ​គ្នា ឬក៏​ដោះដូរ​គ្នា ក្នុង​ការចេញ​ប្រព្រឹត្ត​បទល្មើស​។​
 
​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានបញ្ជាក់​បែបនេះ​ថា​៖«​រហូតមកដល់​ថ្ងៃនេះ រាល់​ជនល្មើស​ដែល​សមត្ថកិច្ច​ចាប់បាន មិនទាន់​ឃើញ​ជនសង្ស័យ​ណា​ម្នាក់​សារភាពថា ទិញ​អាវុធ​ពី​ឃ្លាំង ឬ​ក្រសួងការពារជាតិ​នេះ​ទេ​។ ពួកគេ​អាច​ចែករំលែក​គ្នា ឬក៏​ដោះដូរ​គ្នា​ទៅវិញទៅមក តែបើ​ថា​ឲ្យ​ទិញ​ពី​ឃ្លាំង​អាវុធ​តែម្តង ដូចជា​គ្មានទេ​»​។​
 
​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៥​នេះ បទល្មើស​លួច មាន​១០៣៨ បទល្មើស​ឆក់​មាន ៩​ករណី បទល្មើស​ប្លន់​មាន ២៥០​ករណី​។ បើ​ប្រៀបធៀប​នឹ​ឆ្នាំ​២០១៤ បទល្មើស​ទ​ទាំងអស់នេះ បាន​ថយចុះ​ប្រមាណ​១៤​ភាគរយ​៕
 

Tag:
 ចោរកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com