ព័ត៍មានសុខភាព
សុខភាព៖ កត្តា​ដែល​ធ្វើ​ឲ្យ​អ្នក ឆាប់​ចាស់​ជាង​អាយុ​
27, Jun 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភាព​ចាស់ គឺជា​ដំណើរការ​ធម្មជាតិ ដែល​មនុស្ស​គ្រប់គ្នា ត្រូវតែ​ឆ្លងកាត់ ហើយ​ភាព​ចាស់ជរា​នេះ​ទៀតសោត ក៏​គ្មាន​នរណាម្នាក់ អាច​គ្រប់គ្រង​បាន​ផងដែរ ប៉ុន្តែ ក្នុង​ករណីខ្លះ អ្នកនឹង​ឆាប់​ចាស់ ឬ​មិន​ងាយ​ចាស់ ក៏​ដោយសារតែ​កត្តា​ពិសេស​មួយចំនួន ដូចជា របៀប​រស់នៅ ការថែទាំ​ខ្លួន និង​សម្រស់ ប្រវត្តិ​គ្រួសារ អារម្មណ៍ និង​សុខភាព​ផ្ទាល់ខ្លួន​។​


 
​អ្នក​ដែល​រវល់​នឹង​ការងារ​ច្រើន គ្មាន​ពេលវេលា​សម្រាក​គ្រប់គ្រាន់ អ្នក​មិនចេះ​ថែរក្សា​សម្រស់ អ្នក​ជក់បារី អ្នក​ផឹកស្រា ... ភាគច្រើន នឹង​ឆាប់​ចាស់​ជាង​អាយុ​របស់ខ្លួន​។ បញ្ហា​សុខភាព​រ៉ាំរ៉ៃ ក៏​នឹងធ្វើ​ឲ្យ​អ្នក​ទ្រុឌទ្រោម ឬ​ឆាប់​ចាស់​ដែរ​។​
 
​ពិបាកចិត្ត ខ្វល់ចិត្ត​
​ស្ត្រេ​ស ការបាក់​ទឹកចិត្ត ការ​អន្ទះអន្ទែង និង​ក្តី​សោកសង្រេង គឺជា​មូលហេតុ​ចម្បង ដែល​ធ្វើ​ឲ្យ​ស្បែ​កមុខ​អ្នក​ជ្រីវជ្រួញ និង​ឆាប់​ចាស់​មុន​អាយុ​។ ស្ត្រេ​ស អាចធ្វើ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​អ្នក ចុះខ្សោយ​ជា​លំដាប់ ដោយ​មិនដឹង​ខ្លួន​។​
 
ចំណីអាហារ​មិន​គ្រប់គ្រាន់ និង​គ្មាន​សុខភាព​ល្អ​
​ទម្លាប់​អាក្រក់​ក្នុងការ​ទទួលទាន ឬ​ការ​ទទួលទាន​អាហារ​គ្មាន​ជីវជាតិ ឬ​វីតាមីន នឹងធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ​ខ្ពស់ ទៅនឹង​ភាព​ចាស់ជរា ទាំង​សុខភាព និង​សម្រស់​។ ចំណីអាហារ​គ្មាន​សុខភាព ធ្វើ​ឲ្យ​ខូចខាត​ស្បែក ស្បែក​ជ្រីវជ្រួញ និង​សូម្បីតែ​ជំងឺមហារីក​។​
 
​គេង​មិន​ទៀងទាត់ ឬ​មិនបាន​គ្រប់គ្រាន់​
​វា​ជា​ទម្លាប់​ដ៏​អាក្រក់​មួយ ដែល​ធ្វើ​ឲ្យ​ឆាប់​ចាស់​។ អ្នក​គួរតែ​គេង​ឲ្យ​បាន​ទៀង​ម៉ោង និង​ឲ្យ​បាន​ពី ៦ ទៅ ៨ ម៉ោង​ក្នុង​មួយ​យប់ៗ​។​
 
​ការជក់បារី និង​ផឹកស្រា​
​កត្តា​ទាំងពីរ​រួមផ្សំ នឹងធ្វើ​ឲ្យ​អ្នក​កាន់តែ​ឆាប់​ចាស់​។ ក្រៅពី​ឆាប់​ចាស់ វា​ក៏​នឹង​ប៉ះពាល់ ដល់​សុខភាព​សរីរាង្គ​នានា​ផងដែរ ដូចជា សួត ក្រពះ​ពោះវៀន និង​ថ្លើម​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com