ជាតិ
លោក ទេព នីថា នឹង​កាន់តំណែង​អគ្គលេខាធិការ គជប ទៀត​
26, Dec 2015 , 9:39 pm        
រូបភាព
​អ្នកវិភាគ​នយោបាយ យល់ឃើញថា លោក ទេព នីថា នឹង​អាច​ទទួលបាន​តំណែង​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ទៀត ព្រោះ​ស្ថាប័ន​បោះឆ្នោត​នេះ អាច​ស្ថិតនៅក្រោម​ឥទ្ធិពល​នយោបាយ និង​មិនទាន់មាន​ភាព​ឯករាជ្យ​ពេញលេញ​។ លោក ទេព នីថា ដែល​កំពុងកាន់​តួនាទី​អគ្គលេខាធិការ​បច្ចុប្បន្ន បានដាក់​ពាក្យ​ប្រជែង​តំណែង​អគ្គលេខាធិការ​ថ្មី​នេះ ដោយ​អះអាងថា លោក​មាន​បទពិសោធ​ច្រើន និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បំពេញ​តួនាទី​នេះ​។ នៅ​ដើមខែ មករា ឆ្នាំ​២០១៦ គ​.​ជ​.​ប នឹង​ប្រកាស​ឈ្មោះ​បេក្ខជន ដែល​ប្រឡង​ជាប់​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការរង គ​.​ជ​.​ប ។



​តំណែង​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី គឺ​ស្ថិតនៅក្រោម​ការសម្រេច​បែប​នយោបាយ​ទាំងស្រុង ដូច្នេះ​លោក ទេព នីថា ដែល​បានដាក់​ពាក្យ​ចូលកាន់​តំណែង​នេះ នឹង​អាច​ទទួលបាន​តំណែង​អគ្គលេខាធិការ គ​.​ជ​.​ប នេះ​ទៀត​។ នេះ​ជាការ​សាកល្បង​ទាយ​របស់លោក អ៊ូ វីរៈ ដែល​បាន​មើលឃើញថា គ​.​ជ​.​ប មិនទាន់មាន​ភាព​ឯករាជ្យ​ពេញលេញ​នៅឡើយ​ទេ​។ អ្នកវិភាគ​រូបនេះ បាន​សម្លឹង​ឃើញថា ការដាក់​ពាក្យ​ចូលកាន់​តំណែង​អគ្គលេខាធិការ គជប នេះ គឺ​ដោយសារ​លោក ទេព នីថា អាច​ទទួលបាន​ការលើក​ទឹកចិត្ត និង​ការជំរុញ​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​ថា ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ស៊ិ​ក ប៊ុន​ហុក ក៏​ទំនងជា​មិន​ចង់​ដាក់​អ្នកណា​ផ្សេង​កាន់តំណែង​អគ្គលេខាធិការ​នេះ ជំនួស​លោក ទេព នីថា ដែរ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកវិភាគ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​យល់ថា ប្រហែលជា​លោក ទេព នីថា នឹង​កាន់តំណែង​អគ្គលេខាធិការ គ​.​ជ​.​ប នេះ​ដដែល ព្រោះ​ការដាក់​ពាក្យ​នេះ​គឺ​លោក ទេព នីថា អាច​ទទួលបាន​ការជំរុញ ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​។ ហើយ​មើលទៅ​ប្រធាន គ​.​ជ​.​ប ក៏​ចង់ទុក​លោក ទេព នីថា នៅក្នុង​តួនាទី​នេះ​បន្តទៀត​ដែរ ព្រោះ គ​.​ជ​.​ប គឺ​ស្ថិតនៅក្រោម​គណបក្សនយោបាយ មិនទាន់​ឃ្លាតឆ្ងាយ​ទេ ​»​។​

​លោក សូ ចន្ថា ក៏បាន​មើលឃើញ​ដូច​លោក អ៊ូ វីរៈ ដែរ​។ អ្នកវិភាគ​នយោបាយ​រូបនេះ យល់ឃើញថា ការប្រកាស​ជ្រើសរើស អគ្គលេខាធិការ គ​.​ជ​.​ប​ជា​សាធារណៈ​ពេលនេះ គ្រាន់តែ​ជាការ​បំភាន់​ភ្នែក​ប្រជាពលរដ្ឋ កុំ​ឲ្យ​ចោទថា គ​.​ជ​.​ប មិនមាន​ភាព​ឯករាជ្យ​ប៉ុណ្ណោះ​។ លោក ចន្ថា បន្ថែមថា តួនាទី​អគ្គលេខាធិការ គជប ថ្មី​នេះ ទំនងជា​ស្ថាប័ន គ​.​ជ​.​ប បានរៀបចំ​ទុក​តំណែង​នេះ​រួចជាស្រេច​ហើយ​សម្រាប់​លោក ទេព នីថា​។​«​ខ្ញុំ​គិតថា ខាង​គណបក្ស​ប្រជាជន គេ​មិន​ផ្លាស់ប្ដូរ​លោក ទេព នីថា ទៅណា​ទេ​។ ហើយ​ប្រធាន គ​.​ជ​.​ប ក៏​មកពី​ខាង​គណបក្ស​ប្រជាជន​ទៀត ដូចនេះ​គេ​នឹង​ទុក​តំណែង​នេះ​ឲ្យ​លោក ទេព នីថា ព្រោះ​លោក ទេព នីថា ធ្លាប់ធ្វើ​ការងារ ហើយ​ពួកគេ​អាច​ទំនាក់ទំនង​គ្នា​បាន​ស្រួល​។ ហើយ​ការជ្រើសរើស​បេក្ខជន​ប្រឡង​ចូលកាន់​តួនាទី អគ្គលេខាធិការ​នេះ គ្រាន់តែ​បំភាន់​ភ្នែក​ប្រជាពលរដ្ឋ​ទេ​»​។ នេះ​ជាការ​មើលឃើញ​របស់លោក សូ ចន្ថា​។

​តែ​យ៉ាងណា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហង្ស ពុទ្ធា ធ្លាប់​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បើទោះជា​លោក ទេព នីថា ដាក់ពាក្យ​កាន់តំណែង​ជាថ្មី​ក៏ដោយ តែ​ការជ្រើសរើស​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការរង គជប គឺ​អនុវត្ត​តាមរយៈ​ការបោះឆ្នោត​សម្រេច​ពី​សមាជិក​គ​.​ជ​.​ប​ដោយ​សំឡេង ៥០ ភាគរយ​បូក ១ ។

​ទោះជា​មានការ​បោះឆ្នោត​ជ្រើសរើស ដោយ​សំឡេង​៥០ ភាគរយ​បូក ១​ក្ដី ក៏​អ្នកវិភាគ​ទាំងពីរ​នេះ នៅតែ​មើលឃើញថា លោក ទេព នីថា នឹង​កាន់​តួនាទី​នេះ​ដដែល​។ ទាំង​លោក អ៊ូ វីរៈ ទាំង​លោក សូ ចន្ថា យល់ឃើញថា សន្លឹកឆ្នោត​មួយ​សន្លឹក ចេញពី​ដៃ​លោក ហង្ស ពុទ្ធា សមាជិក​ឯករាជ្យ​ទី​៩ នៃ គ​.​ជ​.​ប អាច​មិន​ឯករាជ្យ​ដោយ​លម្អៀង​បោះឆ្នោត​គាំទ្រ លោក ទេព នីថា ដែរ​។

​អ្នកវិភាគ​ទាំងពីរ​នេះ យល់ឃើញថា បើ គ​.​ជ​.​ប នៅតែ​ទុក​លោក ទេព នីថា នៅក្នុង​តួនាទី​នេះ​ដដែល នោះ គ​.​ជ​.​ប នឹងមិន​មាន​អ្វី​ផ្លាស់ប្ដូរ​ល្អ​ជាង​មុន​ទេ ហើយក៏​មិនមាន​ភាព​ឯករាជ្យ​ដែរ​។ ទាំង​លោក អ៊ូ វីរៈ ទាំង​លោក សូ ចន្ថា មើលឃើញថា មាន​ក្រុមអ្នកច្បាប់​និង​អង្គការ​សង្គម​ស៊ីវិល មួយចំនួន​ដែល​អាចមាន​សមត្ថភាព​កាន់​តួនាទី​នេះ ជំនួស​លោក ទេព នីថា​។ លោក អ៊ូ វីរៈ សម្លឹង​ឃើញ​លោក ហេង មណី​ចិន្តា នាយក​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍​ដែល​បានដាក់​ពាក្យ​ចូលកាន់​តួនាទី​អគ្គលេខាធិការ​នេះ គឺ​សាក​សម​ទទួល​តំណែង​ជំនួស​លោក ទេព នីថា ពីព្រោះ​លោក ហេង មណី​ចិន្តា ជា​បុគ្គល​កណ្ដាល ដែល​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្សនយោបាយ​ណាមួយ​ឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com