ពីនេះ ពីនោះ
ពុទ្ធិ​ពិត កើត​ពី​ការពិសោធ ជាក់ស្ដែង​និង​សមត្ថភាព​វិចារណញ្ញាណ​!
30, Dec 2015 , 8:23 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តាំងពី​សម័យបុរាណ​មក ចរន្ត​គំនិត​រវាង​អ្នក​ពិសោធ​និយម និង​អ្នក​គិត​បែប​វិចារណញ្ញាណ​និយម​នៅក្នុង​ទស្សនវិជ្ជា បានបង្ហាញ​ជំហរ​ផ្សេងៗ​គ្នា​នៅក្នុង​អំណះអំណាង​លើ​ប្រភព​នៃ​ពុទ្ធិ​របស់​មនុស្ស​។ ចរន្ត​គំនិត​ទាំងពីរ​នេះ​គឺ​នៅតែ​មិនទាន់មាន​អ្នកណាម្នាក់​ហ៊ាន​អះអាងថា ចរន្ត​មួយណា​ខុស​ហើយ​មួយណា​ត្រូវ​នោះទេ​។



​អ្នក​ពិសោធ​និយម​យល់ថា ពុទ្ធិ​របស់​មនុ​ស្សគឺ​កើតចេញពី​ការទទួល​បានមក ពីបទ​ពិសោធន៍​របស់​អង្គ​ឥន្ទ្រិយ៍​ទាំង​ប្រាំ ការពិសោធ​ជាក់ស្ដែង​នៅក្នុង​ទីពិសោធន៍​ដើម្បី​ស្វែងរក​ការពិត​នោះ​ទើប​ជា​ពុទ្ធិ​ពិត​។ ចំណែក​អ្នក​វិចារ​ណា​ញ្ញាណ​និយម​បានបង្ហាញ​ទឡ្ហីករណ៍​ថា ពុទ្ធិ​មួយ​ដែលជា​ពុទ្ធិ​ពិត​គឺ​កើតចេញពី​គុណភាព​នៃ​គំនិត ក្នុង​ការគិត​វិភាគ វែក​ញ៉ែ​ក​ដើម្បី​ទៅរក​សច្ចភាព​នៃ​ពុទ្ធិ​ជាក់ស្ដែង​មួយ​។​

​ប៉ុន្តែ​សម្រាប់​ពេលបច្ចុប្បន្ន​នេះ ការសិក្សា​មិនអាច​ផ្អែក​តែ​លើ​យុទ្ធសាស្ត្រ​តែមួយ ឬ ក្បួន​តែមួយ​អាច​បាន​សច្ចភាព​ទាំងស្រុង ឬ​ទទួលបាន​ភាពត្រឹមត្រូវ​ទាំងស្រុង ឬ​ទទួលបាន​ពុទ្ធិ​ដែល​ល្អឥតខ្ចោះ​នោះទេ ។ ជាពិសេស​ទៅទៀត​នោះ គឺ​សម្រាប់​អ្នក​ប្រកាន់យក​ពុទ្ធិ​ពិសោធ​និយម ដែល​លើកឡើង​អ្វីដែល​ខ្លួន​ពិសោធន៍​ឃើញថា​ជា​ពុទ្ធិ​ដែល​ត្រឹមត្រូវ និង​អ្នក​ប្រកាន់យក​ពុទ្ធ​វិចារណញ្ញាណ​និយម​ថា​ជា​ពុទ្ធ​ដែល​ត្រឹមត្រូវ​គឺ​ចាំបាច់​ប្រើប្រាស់​គំនិត​។​

​ទាំងនេះហើយ​ដែលជា​ចំនុច​ខ្វះ​ខាត់​របស់​អ្នកសិក្សា​ក្នុងការ​ស្វែងរក​ពុទ្ធិ​។ បើ​យើង​មើលទៅ​គុណ​តម្លៃ​នៃ​លទ្ធិ​ទាំង​ពីនេះ​ឃើញថា យើង​មិនអាច​កាត់ផ្ដាច់​លទ្ធិ​ទាំងពីរ​នេះ​ចេញពី​គ្នា​បានទេ​។ ព្រោះថា​ការ​ស្វែង​ពុទ្ធិ​មួយ​ជា​ពុទ្ធិ​ពិត​បាន​ចាំបាច់​ត្រូវតែ​សិក្សា​ទៅលើ​បទពិសោធន៍​ដែល​យើង​បាន​ជួបប្រទះ ហើយ​យកមក​វិភាគ​ពិចារណា​នោះ​ទើប​យើង​អាច​ទទួលបាន​ពុទ្ធិ​ពិត​។ ព្រោះថា​ពេលខ្លះ​យើង​ត្រូវការ​មានបទពិសោធន៍ ទើប​អា​ច់រក​សច្ចភាព​នៃ​ពុទ្ធិ​បាន ហើយ​យើង​ត្រូវតែ​ប្រើប្រាស់​នូវ​វិចារណញ្ញាណ​ដើម្បី​រិះគិត​ពិចារណា​រក​សច្ច​ភាព​នៃ​ពុទ្ធិ​។

​សរុបសេចក្ដី​មក​ដើម្បី​បាន​ពុទ្ធិ​មួយ​ដែលជា​ពុទ្ធិ​ត្រឹមត្រូវ ជាក់ច្បាស់​គឺ​ចាំបាច់​ត្រូវតែមាន​ចូលរួម​ជាមួយគ្នា​រវាង​ការពិសោធ រួមជាមួយ​វិចារណញ្ញាណ​។​


© រក្សាសិទ្ធិដោយ thmeythmey.com