បទយកការណ៍ / បទសម្ភាសន៍
កញ្ញា ឈន សម្ផស្ស លះបង់​គ្រួសារ​ស្តុកស្តម្ភ ដើម្បី​អប់រំ​កុមារ​ជនបទ
10, Jan 2016 , 9:59 am        
រូបភាព
ដោយ:

​កំពង់ឆ្នាំង​៖  មិន​ខុសពី​គ្រូបង្រៀន​ដទៃទៀត​នោះទេ កញ្ញា ឈន សម្ផស្ស ត្រូវបាន​ក្រសួង​អប់រំ​បញ្ជូនទៅ​បង្រៀន​នៅ​តំបន់​ជនបទ​ដាច់ស្រយាល បន្ទាប់ពី​នាង​ទទួលបាន​ការបណ្តុះបណ្តាល     រយៈពេល​ពីរ​ឆ្នាំ នៅ​សាលា​គរុកោសល្យ​ខេត្តកំពង់ឆ្នាំង​។ ការ​រស់​ឆ្ងាយ​ពី​ផ្ទះ បានធ្វើ​ឲ្យ​គ្រូបង្រៀន​ថ្មីថ្មោង​រូបនេះ ជួប​បញ្ហាលំបាក​ជាច្រើន​។ តែ​យ៉ាងណា នាង​សប្បាយចិត្ត​នឹងធ្វើ​ការងា​រ​នេះ ពីព្រោះ នាង​អាច​អប់រំ​កុមារ​តូចៗ​នៅ​ជនបទ ឲ្យ​មានចំណេះដឹង ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ពួកគេ​មាន​ពន្លឺ នៅ​ថ្ងៃ​អនាគត​។​



​មាន​ស្រុកកំណើត​នៅ​ភូមិ កំពង់​បឹង ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង កញ្ញា ឈន សម្ផស្ស បាន​បែក​ឆ្ងាយ​ពី​គ្រួសារ បន្ទាប់ពី​បញ្ចប់​ការបណ្តុះបណ្តាល​ផ្នែក​គរុកោសល្យ​រយៈពេល​ពី​រ​ឆ្នាំ​។ នាង​បាន​ក្លាយជា​គ្រូបង្រៀន នៅ​សាលាបឋមសិក្សា​ត្បែងខ្ពស់ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​រ៉ា ឃុំ ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។ សាលា​នេះ ឆ្ងាយ​ពី​ស្រុកកំណើត​របស់​នាង​ប្រហែល​៩០​គីឡូ​ម៉េ​ត្រ​។ ជីវិត ជា​គ្រូបង្រៀន​នៅ​តំបន់​ជនបទ​ដាច់ស្រយាល កញ្ញា សម្ផស្ស ទើបតែ​ចាប់ផ្តើម​បង្រៀន​ក្មេងៗ​នា​ឆ្នាំ​សិក្សា​២០១៥-២០១៦​នេះ ហើយ​ការរស់នៅ​ឆ្ងាយ​ពី​ស្រុកកំណើត បានធ្វើ​ឲ្យ​នាង​ប្រឈម​នឹង​បញ្ហាលំបាក​ជាច្រើន​ផងដែរ​។​

តាមរយៈ​គោលការណ៍​ចាប់​ប៉ុស្តិ៍ កញ្ញា សម្ផស្ស បាន​ចាប់បាន​ប៉ុស្តិ៍​ឆ្ងាយ​ពី​ផ្ទះ​របស់ខ្លួន ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​នាង ត្រូវ​រស់នៅ​បែក​ឆ្ងាយ​ពី​បងប្អូន​ឪពុកម្តាយ និង​ស្រុកកំណើត​របស់​នាង​។ លើសពីនេះ បញ្ហា​សុវត្ថិភាព និង​ការចំណាយ​ប្រាក់​ច្រើន ក៏​ជា​បន្ទុក​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​អ្នកគ្រូ​ថ្មីថ្មោង​រូបនេះ មានការ​ព្រួយបារម្ភ​។ សក់វែង​ខ្មៅ​រលោង សម្បុរ​ស កញ្ញា មាឌ​ដំបង​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖         «​ខ្ញុំ​លំបាក​ណាស់ ពេលធ្វើ​ដំណើរ​ឆ្ងាយ ព្រោះ​ត្រូវ​ឆ្លង​សាឡាង​យូរ​រាប់​ម៉ោង​ទម្រាំ​ឆ្លង​ដល់​ខេត្ត ហើយ​ដល់​ខេត្តហើយ ត្រូវធ្វើ​បន្តដំណើរ​ច្រើន​ម៉ោង​ទៀត​»​។ 

អង្គុយ​និយាយ​បណ្តើរ ជើង​យោក​ចុះ​យោក​ឡើង​ទំនងជា​អៀន​ផង កញ្ញា សម្ផស្ស បានបញ្ជាក់​ពី​ការលំបាក​របស់​នាង​បន្តទៀតថា​៖ «​ខ្ញុំ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ខ្លះ​ដែរ ពីព្រោះ​ខ្ញុំ​ជា​កូនស្រី​ចឹ​ង មក​ឆ្ងាយ​មិនមែន​ស្រួល​ទេ ហើយ​កាល​មក​ដំបូង ខ្ញុំ​មាន​អារម្មណ៍​នឹក​ផ្ទះ​ខ្លាំង បន់​ឲ្យ​តែ​ដល់​សៅរ៍​អាទិត្យ ទើបបាន​ទៅផ្ទះ​»​។​

​មាន​ឪពុក​ជា​អតីតមន្ត្រី​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ម្តាយ​ជា​គ្រូបង្រៀន កញ្ញា ឈន សម្ផស្ស មិន​ចង់​ក្លាយជា​គ្រូបង្រៀន​នោះទេ នាង​ចង់​ធ្វើ​ការងារ​ក្រុមហ៊ុន ឬ​ការងារ​ឯកជន​ផ្សេងទៀត ប៉ុន្តែ ដោយសារ​ឪពុកម្តាយ បាន​ណែនាំ​ឲ្យ​ធ្វើ​ការងារ​រដ្ឋ ទើប​នាង​ត្រូវ​ធ្វើតាម​បំណង​របស់​គ្រួសារ​។ ជា​កូន​ទី​៤ ក្នុងចំណោម​បងប្អូន​៦​នាក់ កញ្ញា សម្ផស្ស រៀបរាប់​ផង ដៃ​ធ្វើ​កាយវិការ​ផង យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​មិន​ចង់​ធ្វើ​គ្រូបង្រៀន​ប៉ុន្មាន​ទេ តែ​ខ្ញុំ​តាម​ម៉ាក់​ខ្ញុំ ព្រោះ​ខ្ញុំ​ចង់​ធ្វើ​ការងារ​តាម​ក្រុមហ៊ុន​ឯកជន​ធំៗ តែ​បន្ទាប់ពី​ទទួលបាន​ការបណ្តុះបណ្តាល​គរុកោសល្យ​ពីរ​ឆ្នាំ ដល់​ធ្វើ​គ្រូបង្រៀន​យូរៗ​ទៅ ខ្ញុំ​ពេញចិត្ត​មុខរបរ​នេះដែរ ដោយសារ​ខ្ញុំ​បាន​សាបព្រោះ​ចំណេះដឹង​ដល់​ក្មេងជំនាន់ក្រោយ​»​។

​អាជីព​ជា​គ្រូបង្រៀន ទោះបីជា​ត្រូវ​នៅ​ឆ្ងាយ​ពី​ស្រុកកំណើត​ក៏ដោយ ប៉ុន្តែ កញ្ញា សម្ផស្ស ត្រូវតែ​អនុវត្តន៍​តាម​តួនាទី​របស់ខ្លួន​។ នាង​មិនបាន​អាក់អន់ចិត្ត​នោះទេ ព្រោះ​នាង​បាន​បន្សាំ​ខ្លួន​ជាមួយ​អ្នកភូមិ និង​ក្រុមការងារ​របស់​នាង​បាន​។ សើច​តិចៗ កញ្ញា​វ័យ​២២​ឆ្នាំ​រូបនេះ បាន​ពន្យល់​ពី​ផល​លំបាក​របស់​នាង​បន្តថា​៖        «​គ្មាន​នរណាម្នាក់​ចង់ទៅ​បង្រៀន​នៅ​ឆ្ងាយ​ពី​ស្រុកកំណើត​នោះទេ គឺ​ម្នាក់ៗ​ចង់​នៅ​ធ្វើការ​ងារ​ជិត​ផ្ទះ ព្រោះ​បាន​នៅ​ជិត​ឪពុកម្តាយ ជិត​បងប្អូន និង​សាច់ញាតិ​»​។

​មិនសូវ​ខុសគ្នា​ប៉ុន្មាន​ពី​គ្រូបង្រៀន​ទូទៅ​ទេ ដែល​ក្រសួង​អប់រំ​តម្រូវ​ឲ្យ​ទៅ​បង្រៀន​នៅ​តំបន់​ជនបទ​ចុងកាត់មាត់ញក និង​ឆ្ងាយ​ពី​ស្រុកកំណើត កញ្ញា សម្ផស្ស ហាក់​មាន​ចំងល់​ថា ហេតុអ្វី​ក្រសួង​អប់រំ មិន​ដាក់​អ្នក​នៅ​ស្រុក​ណា ឲ្យ​ទៅ​បង្រៀន​នៅ​ស្រុក​នោះ​តែម្តងទៅ បែរជា​ឲ្យ​គ្រូ​ទៅ​បង្រៀន​នៅ​ទីតាំង​ដែល​មិនមែនជា​កន្លែង​កំណើត​ទៅវិញ​? មុខស្ងួត ដកដង្ហើម​ធំ អ្នកគ្រូ​វ័យក្មេង​រូបនេះ បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ចង់​ឲ្យ​គ្រូ​នៅ​ភូ​មិណា ស្រុក​ណា ដាក់​នៅ​ស្រុក​ហ្នឹង​ទៅ ព្រោះ មិត្តភក្តិ​ខ្ញុំ​៦​នាក់ នៅ​ស្រុក​គេ​បើក​ប៉ុស្តិ៍​ដែរ តែ​ហេតុ​អី​មិន​ដាក់​គេ​នៅ​ហ្នឹង បែរជា​ដាក់គ្នា​ឲ្យ​ទៅ​បង្រៀន​ស្រុក​ឆ្ងាយ​ក្រៅពី​ស្រុ​កំណើត​។ អ្នកខ្លះ​គេ​នៅ​ស្រុក​កំពង់លែង មាន​ប៉ុស្តិ៍​បើក​ដែរ តែ​អ្នកស្រុក​កំពង់លែង​ហ្នឹង បែរជា​ទៅ​បង្ហាត់​នៅ​ស្រុក​សាមគ្គី​មានជ័យ​វិញ​…»៕


© រក្សាសិទ្ធិដោយ thmeythmey.com