ជាតិ
បទវិភាគ
មន្ត្រី​ដែលមាន​ប្រជា​ប្រិយ​ភាព​?
11, Jan 2016 , 7:40 pm        
រូបភាព
ពលរដ្ឋខ្មែរមួយចំនួនបាន​ទុក​និន្នាការនយោបាយ​នៅដោយឡែក ហើយនាំគ្នា​ទទួល​ស្គា​ល់​​​នូវអ្វី​ដែល​ជាទង្វើវិជ្ជ​មាន​​រប​ស់​​មន្ត្រី​រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំមួយ​ចំនួន​។ តាម​ការសង្កេត​របស់​សារព័ត៌មាន​ថ្មីៗ សកម្មភាព​របស់​លោក ច័ន្ទ សុផល អភិ​បាល​ខេ​ត្ត​​បាត់ដំបង លោក ជួន ណារិន្ទ ស្នងការ​នគ​រ​​​បាល​ខេត្តព្រះសីហនុ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវ​ជន និងកីឡា និង​លោក ម៉ុង ឫទ្ធី សមា​ជិក​ព្រឹទ្ធ​សភា ជាដើម ហាក់​ទទួល​បាន​នូវការ​ចាប់​អារម្មណ៍​ខ្លាំងពី​បណ្តា​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុកគ្រប់​និន្នាការនយោបាយ។



« អភិបាលខេត្តខ្ញុំអ៊ីចឹង» «ខ្ញុំស្រឡាញ់អភិបាល​ខេត្ត​ខ្ញុំ»។ នេះ​ជាការ​សរសេរ​ប្រកបដោយមោទកភាព​របស់ពលរដ្ឋ​មួយ​ចំនួននៅ​ខេត្ត​បាត់ដំបង។ ផ្អែក​តាម​រូបភាពដែល​បង្ហោះនៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​​ប៊ុក លោក ច័ន្ទ សុផល បាន​បង្ហាញពី​ភាព​សាមញ្ញ​ក្នុងការ​ចូលរួមសកម្ម​ភាព​នានា​ក្នុងខេត្ត ដូចជា កា​រ​ចុះរើសសំរាម កាយលូ  និង​ចុះជួយ​ពលរដ្ឋនៅ​តាមមូលដ្ឋាន។ យោងតាម​ការផ្សាយព័ត៌មាន​របស់ Fresh News សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បានណែនាំឲ្យអភិបាល​ខេត្ត​ផ្សេងទៀតយកគំរូតាមលោក ច័ន្ទ សុផល ផងដែរ។


ដោយឡែក លោក ជួន ណារិន្ទ ដែលទើបទទួល​បាននូវការតែងតាំងជាស្នងការនគរបាល​ខេត្តព្រះសីហនុ ក៏​កំពុ​ង​​ទទួល​បាន​ប្រជាប្រិយភាព​ផងដែរ។ ពលរដ្ឋដែលរស់នៅតំបន់សមុទ្រមួយនេះ រួមទាំង​បណ្តាញ​សារព័ត៌​មាន​​ក្នុង​ស្រុកមួយចំនួន បាន​ដាក់រហស្សនាម​លោក ជួន ណារិន្ទ ថា ជា «ស្នងការកណ្តាប់​ដៃដែក»។ អ្វី​ដែល​គួរឲ្យ​កត់សម្គាល់នោះ ស្នងការនគរបាល​ខេត្តព្រះសីហនុ បាន​បង្ហាញពី​ការតាំងចិត្ត​របស់ខ្លួន​ក្នុងទប់ស្កាត់​បទល្មើស ហើយ​លោក​បាន​ដឹកនាំឲ្យ​មាន​ការរៀបចំ​វេទិកាសាធារណៈ​ជាមួយពលរដ្ឋ អាជីវករ ទាំងខ្មែរ និង​បរទេស ដើម្បី​ទទួល​ព័ត៌មាន​ទាក់ទងនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ នៅមូល​ដ្ឋាន​របស់​លោក​ផង​ដែរ។


នៅ​ក្នុង​អាណត្តិ​នៃ​កំណែទម្រង់​ដែលរដ្ឋាភិបាល​ដាក់​ទិស​ស្លោក​ថា «ឆ្លុះ​កញ្ចក់ ងូតទឹក ដុសក្អែល និង​ព្យាបាល» នោះ វិស័យអប់រំ​​ត្រូវបាន​សាធារណៈ​ជន​ចាប់អារម្មណ៍​ និង​តាមដាន​យ៉ាង​ខ្លាំង។ លោក ហង់ ជួន ណារ៉ុន ​ រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា រូបនេះ  ហាក់បាន​លើកមុខមាត់របស់​រដ្ឋាភិបាលយ៉ាង​ខ្លាំង តាមរយៈ​ស្នាដៃ​កែ​ទម្រង់ដោយ​ចាប់​ផ្តើម​ពី​​ការ​ប្រឡ​ង​​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ និងកិច្ចការអប់រំមួយចំនួនទៀត។ អ្វី​ដែល​គួរឲ្យ​កត់សម្គាល់នោះ លោក​ក៏​តែងតែប្រើ​ប្រាស់ហ្វេសប៊ុក​របស់ខ្លួន​ដើម្បី​ទាក់ទង​ជាមួយ​សាធារណ​ជន​ផងដែរ ហើយពេល​ខ្លះ ក៏​បាន​ដោះ​ស្រាយ​បញ្ហា​ទៅតាមសំណូមពរនៅ​លើ​ហ្វេសប៊ុក​ផងដែរ។


​ងាកទៅ​លោក ម៉ុង ឫទ្ធី ឯណោះវិញ ក្រៅពី​កិច្ចការក្នុងនាមសមាជិកព្រឹទ្ធសភា លោក​តែងតែ​ចុះ​ជួបជាមួយ​ប្រជាពលរដ្ឋ​ដែលមាន​ស្ថានភាព​តោកយ៉ាក។ ពេលខ្លះលោក​បានហៅ​អ្នកសុំទាន​ចូល​ហាង​ និងបរិភោគ​ជាមួយ​លោក និងភរិយា។ លោក ម៉ុង ឫទ្ធី ដែលជាអ្នកជំនួញដ៏​ធំម្នាក់​ផងដែរនោះ មានសកម្មភាពមួយ​ដ៏​គួរឲ្យ​កត់សម្គាល់នោះ គឺការដើរដក​ធ្មេញ​ព្រៃ​របស់កុមារនៅ​តាមជន​បទ។



ទោះបី​ជាយ៉ាងណាក៏​ដោយ សកម្ម​ភាព​របស់មន្ត្រីទាំងនោះ ក៏គេចមិន​ផុតពីការរិះគន់នោះដែរ។ អ្នក​ខ្លះ​បាន​លើក​ឡើង​ថា វាគ្រាន់តែជាការសម្តែង​ដើម្បីទាញ​សន្លឹកឆ្នោត និង​ដើម្បីទទួល​បាន​ការកោតសរសើ ខណៈ​សកម្ម​ភាព​ជាក់ស្តែង​មិន​ប្រាកដនោះឡើយ។ អ្នក​ខ្លះ​ក៏​បាន​កត់​សម្គាល់​ផង​ដែរ អ្នក​ដែល​ទទួល​បានផល​ភាគ​ច្រើន គឺ​ជាអ្នកគាំទ្រ​បក្ស​កាន់អំណាចមិនមែន​ពលរដ្ឋទូទៅនោះទេ។

មន្ត្រី​ផ្សេងទៀត​ក៏មាន​ការលេចធ្លោផងដែរ ប៉ុន្តែ​កម្លាំងគាំទ្រ​ និងការកោតសរសើមិនបានទូលំទូលាយនោះឡើយ ដោយសារតែ​ពួកគាត់មាន​រូបភាព​ជាបក្សជន៕





Tag:
 រដ្ឋាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com