កីឡាជាតិ
ជាតិ
កម្ពុជា នឹង​ប្រកួត​នៅ​កា​ហ្សា​ក់​ស្ថាន ដើម្បី​ស្វែងរក​កៅអី​ទៅ​ប្រកួត​នៅ​ប្រេ​ស៊ី​ល​
17, Jan 2016 , 6:59 pm        
រូបភាព
ដោយ:
 
​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​នឹង​បញ្ជូន​កីឡាការិនី​ចំបាប់ ២ រូប​ដើម្បី​ចូលរួម​ប្រកួត​ជម្រុះ​អូឡាំពិក​នៅ​ប្រទេស កា​ហ្សា​ក់​ស្ថាន ដើម្បី​ស្វែងរក​កៅអី​ក្នុងការ​ឆ្ពោះទៅ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង RIO ប្រទេស​ប្រេ​ស៊ី​ល នៅ​ចុង​ឆ្នាំនេះ​។ ប៉ុន្តែ​មុននឹង​ឈានទៅដល់​ការប្រកួត​នៅ កា​ហ្សា​ក់​ស្ថាន កីឡាការិនី​ទាំងនេះ​ត្រូវ​ហ្វឹកហាត់​នៅ​សាធរ​ណ​រដ្ឋ​កូរ៉េ រយៈពេល​៣៤​ថ្ងៃ​សិន​។  

 
​កីឡាការិនី​ចំបាប់ ចូ​វ សុធា​រ៉ា ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ប្រចាំឆ្នាំ​២០០៩ និង​២០១៣ និង​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ឆ្នាំ​២០១៣ និង​ម្ចាស់​មេដាយសំរិទ្ធ​កីឡា​ចំបាប់​លើ​ខ្សាច់​អាស៊ី​ឆ្នាំ​២០១៤ និ សំណាង នឹងធ្វើ​ដំណើរ​ឆ្លងដែន​ដើម្បី​ចូលរួម​ប្រកួត​ជម្រុះ​អូឡាំពិក​នៅ​ប្រទេស កា​ហ្សា​ក់​ស្ថាន រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែ​មិនា ឆ្នាំ​២០១៦​ខាងមុខនេះ​។ ការប្រកួត​ជម្រុះ​នេះ​មាន​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​ជាច្រើន​បាន​ចូលរួម​ប្រកួតប្រជែង ហើយ​អ្នក​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ ១ និង​លេខ ២ តាម​ប្រភេទ​វិញ្ញាសា​នីមួយៗ ទើប​ទទួលបាន​សិទ្ធិ​ទៅ​ប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ​នៅ​ប្រទេស​ប្រេ​ស៊ី​ល ខែសីហា ឆ្នាំ​២០១៦​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​។​
 
​លោក ធិ​ន វិចិត្រ បានបញ្ជាក់​ទៀតថា មុននឹង​ឈានដល់​ការប្រកួត​ជម្រុះ​អូឡាំពិក​នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន កីឡាការិនី​ទាំង​២​រូប​នឹង​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េ​រយៈពេល​៣៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៩ ខែកុម្ភៈ ដល់​ថ្ងៃទី​១៣ ខែ​មិនា ដើម្បី​ពង្រឹងសមត្ថភាព​។  ការហ្វឹកហាត់​នៅ​កូរ៉េ​នេះដែរ ចូ​វ សុធា​រ៉ា ទទួល​រ៉ាប់រង​ការចំណាយ​គ្រប់បែបយ៉ាង​ដោយ IOC តាមរយៈ NOCC ព្រោះ កញ្ញា ទទួលបាន​អាហារូបករណ៍​ពី NOCC​។ ប៉ុន្តែ​សម្រាប់ និ សំណាង ដោយមាន​ការជួយជ្រោមជ្រែង​របស់​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុ​ជា លោក Kim Soogil បន្ទាប់ពី​លោក​បានឃើញ​ពី​សក្តានុពល និង​ការខិតខំ​ហាត់​ពេល​បោះជំរំ​ហ្វឹកហាត់​រយៈពេល​មួយ​សប្តាហ៍​នៅ​វៀតណាម កាលពី​ខែធ្នូ ឆ្នាំ​២០១៥ កន្លងទៅនេះ​។ 
 
​គួរ​បញ្ជាក់ថា កីឡាការិនី​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ឆ្នាំ​២០០៩ និង​២០១៣ ចូ​វ សុធា​រ៉ា ធ្លាប់​ចូលរួម​ការប្រកួត​ជម្រុះ​អូឡាំពិក​នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន ម្ដង​ហើយ​កាលពី​ឆ្នាំ​២០១២ ដោយ​លទ្ធផល​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​លើក​ទី​១ ។ ប៉ុន្តែ​វា​ជា​លើកទីមួយ​ហើយ​សម្រាប់​ម្ចាស់​មេដាយមាស និង​ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​ចំបាប់​លើ​ខ្សាច់​ជើងឯក​អាស៊ី​ឆ្នាំ​២០១៤ ។ ហើយ​ការ​ចេញទៅ​ហ្វឹកហាត់ និង​ការប្រកួត​ជម្រុះ​អូឡាំពិក​នេះដែរ ក្នុងទិសដៅ​ដើម្បី​ពង្រឹងសមត្ថភាព ដើម្បី​ចូលរួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​ផ្សេងៗ ជាពិសេស​ការប្រកួត​ជើងឯក​កីឡា​ឆ្នេរ​ខ្សាច់​ឆ្នាំ​២០១៦ នៅ​វៀតណាម និង​ការប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ាន ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៦​ខាង​មុន​៕ 

Tag:
 ចំបាប់​
© រក្សាសិទ្ធិដោយ thmeythmey.com