អន្តរជាតិ
លោក ថេ​ន សេន សក្តិ​សមជា​វីរបុរស​នៃ​ការ​ទម្រង់​លទ្ធិប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​?
29, Jan 2016 , 9:39 pm        
រូបភាព
ដោយ:
​បរិការណ៍​នៃ​ការផ្លាស់ប្តូ​របប​ដឹកនាំ​ផ្តាច់ការ​មករក​មេ​របប​ដឹកនាំ​ប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត​បាន​កើនឡើង​ស្ទើរតែ​គ្រប់​តំបន់​។ ទន្ទឹមនឹង​ការផ្លាស់ប្តូរ​នេះ មាន​ប្រទេស​មួយចំនួន​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម និង​ខ្លះ​ប្រទេស​អាច​ផ្លាស់ប្តូរ​របប​ដឹកនាំ​ដោយ​រលូន ដ្បិត​អ្នកនយោបាយ​មាន​ភាពចាស់ទុំ​ក្នុងការ​យល់ដឹង​ពី​ការផ្លាស់ប្តូរ​។ មី​យ៉ាន់​ម៉ា កំពុងស្ថិត​ក្នុងការ​ចាប់​អារម្មណ៍​របស់​សហគម​ន៍ ដ្បិត ប្រទេស​លទ្ធិប្រជាធិបតេយ្យ​វ័យក្មេង កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការផ្លាស់ប្តូរ​មេដឹកនាំ​យោធា ទៅជា​មេដឹកនាំ ស៊ីវិល​។ ប្រសិនបើ​ការផ្លាស់ប្តូរ​មួយ​នេះ ជោគជ័យ​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​គួរ​ចាត់ ទុកជា​វីរៈបុរស កែទម្រង់​ឬទេ​?



សូមស្ដាប់ព័ត៌មានលម្អិត៖



​នីតិកាល​ថ្មី​នៃ​សភា​មី​យ៉ាន់​ម៉ា នឹង​បើក​សម័យប្រជុំ​លើកដំបូង​នៅ​ថ្ងៃទី​០១ ខែកុម្ភៈ​ខាងមុខនេះ​។ ខុសពី​អាណត្តិ​មុន សភា​មី​យ៉ាន់​ម៉ា​ដែល​ត្រូវ​ចាប់ផ្តើម​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ នឹងត្រូវ​ដឹកនាំ​ដោយ​តំណាងរាស្ត្រ​ភាគច្រើន​ជា​ជន​ស៊ីវិល​ដែល​ចេញពី​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​(NLD) របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ។ តំណាងរាស្ត្រ​បក្ស​លោកស្រី​ស៊ូ​ជី នឹងមាន​សមាសភាព​នៅ​ក្នុង​រដ្ឋសភា​២៥៥​នៃ​អាសនៈ​សរុប​៤៤០​និង​សមាសភាព​ក្នុង​ព្រឹទ្ធិ​សភា​១៣៥​នៃ​អាសនៈ​សរុប​២២៤​។

​កាលពី​ថ្ងៃទី​២៨ ខែមករា ម្សិលមិញ លោក​ថេ​ន សេន បាន​ថ្លែង​សុន្ទរកថា​ក្នុងឱកាស​នៃ​ការបិទ​បញ្ចប់ នីតិកាល​សភា​អាណត្តិ​ចាស់​ដោយ​លោក​បានបញ្ជាក់​ទាំង​សមិទ្ធផល និង​កត្តា​ប្រឈម​ក្នុង​អាណត្តិ​ដឹកនាំ​របស់លោក​រយៈពេល​៥​ឆ្នាំ​កន្លងទៅ​។ សុន្ទរកថា​ចុងក្រោយ​របស់លោក​ថេ​ន សេន បាន​ផ្ញើរ​សារ​ដ៏ កក់ក្តៅ​ទៅកាន់​ប្រជាជន​មី​យ៉ាន់​ម៉ា ដោយ​លោក បានបញ្ជាក់​ថា​លោក នឹង​ផ្ទេរអំណាច​ដោយ​សន្តិវិធី ។ លោក ចាត់ទុកថា ការផ្លាស់ប្តូរ​របស់​មី​យ៉ាន់​ម៉ា មិន​ដូច​ទៅនឹង​ការផ្លាស់​របស់​នៅ​មជ្ឈិមបូព៌ា​ដែលជា​ការផ្លាស់ប្តូរ​បែប​បង្ហូរឈាម និង​ផ្តល់​លទ្ធភាព​ឲ្យ​ក្រុម​ជ្រុលនិយម​ងើបឡើង​បង្ក​ជា​សង្គ្រាម​ពាសពេញ​ប្រទេស​។​

១.​សមិទ្ធផល​សំខាន់​ក្រោម​អាណត្តិ​លោក​ថេ​ន សេន​
​ក្នុង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា ទាំង​ក្រសែភ្នែក​ជាតិ និង​អន្តរជាតិ តួអង្គ​ដែល​សំខាន់​ជាង គេ​គឺជា​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​ជា​ម្ចាស់​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព និង​ត្រូវបាន​គេ​ហៅថា «The Lady» ។ តែ​ជា​រឿង​មួយ​ដែល​មិនអាច​ប្រកែក​បាន​នោះ​គឺ ដំណើរ​លទ្ធិប្រជាធិបតេយ្យ​ក៏​មិនអាច​ទៅមុខ បានដែរ​ប្រសិនបើ​មិនមាន​ការចូលរួម និង​ផ្តល់​លទ្ធភាព​ពី​ក្រុម​មេដឹកនាំ​យោធា​។ ជាពិសេស​នោះ គឺ​ក្រោម​ការកែទម្រង់​របស់លោក​ប្រធានាធិបតី​ពាក់កណ្តាល​ស៊ីវិល​ជិត​ផុត​អាណត្តិ ថេ​ន សេន ដែល ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១១ ដែលជា​ពេល​អន្ត​រការ​នៃ​ការផ្លាស់ប្តូរ​ពី​របប​យោធា​មកកាន់​លទ្ធិប្រជាធិបតេយ្យ​។ ថ្វី​ដ្បិត លទ្ធិប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​នៅ​ក្មេងខ្ចី អំណាច​យោធា​និង បញ្ហា​មួយចំនួន​នៅតែ​បន្សល់ទុក​ក្នុង​បរិបទ មី​យ៉ាន់​ម៉ា គេ​មិនអាច​មិន​ទទួលស្គាល់​សមិទ្ធផល​ដែល​លោក ថេ​ន សេន បាន​កសាង​ក្នុង​អាណត្តិ​ប្រធានាធិបតី​របស់លោក​នោះទេ​។​

​ដោយ​មិន​រាប់បញ្ចូល​បញ្ហា​សេដ្ឋកិច្ច មី​យ៉ាន់​ម៉ា គឺជា​រដ្ឋ​ដែល​ចម្រុះ​ទៅដោយ​ជាតិ​សាសន៍​ជាច្រើន ដែល​រាប់បញ្ចូល​ទាំង​ឧទ្ទាម​ផងដែរ​នោះ លោក ថេ​ន សេន បាន​ព្យាយាម​ចរចា និង ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ស្តី​បទ​ឈប់​បាញ់​ជាមួយ​ក្រុម​ឧទ្ទាម​ដើម្បី​ផ្សះផ្សារ​ជាតិ កសាង​ស្ថិរភាព និង សន្តិភាព​មី​យ៉ាន់ ម៉ា​ឡើងវិញ​។ ជាពិសេស​នោះ លោក ក៏បាន​ដោះលែង​អ្នកទោសនយោបាយ​មី​យ៉ាន់​ម៉ា​រាប់ពាន់នាក់ ដែល​ត្រូវបាន​ឃុំខ្លួន​តាំងពី​យោធា​កាន់កាប់​។ យោងតាម​សារព័ត៌មាន The Diplomat នៅ​ចុងឆ្នាំ ២០១៤ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បានប្រកាស​យ៉ាងហោចណាស់​មាន​អ្នកទោសនយោបាយ​ប្រមាណ​ជាង​៣០០០​នាក់​ត្រូវបាន​ដោះលែង​។

​អ្វី​ដែលជា​សមិទ្ធផល​ចុងក្រោយ និង​ជា​ប្រវត្តិសាស្ត្រ​របស់លោក ថេ​ន សេន នោះ​គឺ​លោក​បានរៀបចំ​ឲ្យ​មានការ​បោះឆ្នោត​មួយ​តាមបែប​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។​ហើយ​លោក​ថែមទាំង​ប្រកាស​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត និង​ព្រម​ផ្ទេរតំណែង​ទៅ​ឲ្យ​លោក ស្រី​អ៊ុង​សាន ស៊ូ​ជី​ដោយ​សន្តិវិធី​។​

២. យោធា​នៅតែមាន​មហិច្ឆតា​ក្នុង​នយោបាយ​មី​យា់់ន់​ម៉ា​
​បើទោះបីជា​រដ្ឋាភិបាល​លោក ថេ​ន សេន បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​ក្រុម​ជនជាតិភាគតិច​មួយចំនួន​ក៏ដោយ បន្ទុក​ដែល​ធ្ងន់​ដែល​បន្សល់​ពី​អាណត្តិ​របស់លោក​សម្រាប់​រដ្ឋាភិបាល​បក្ស​លោកស្រី អ៊ុង​សាន ស៊ូ​ជី នៅតែ​បញ្ហា​ជម្លោះ​ក្រុម​ឧទ្ទាម​។ ហើយ​ចុង​ក្រោយនេះ សភា​មី​យ៉ាន់​ម៉ា ថែមទាំង​បានអនុម័ត​លើ​ច្បាប់​ការពារ​អតីត​ប្រធានាធិបតី​ពី​ការចោទប្រកាន់​លើ​បទល្មើស​ផ្សេងៗ​ក្នុងពេល​ដឹកនាំ​ប្រ ទេស ក្រោម​សំណើ​របស់លោក ថេ​ន សេន​។​

​ក្រៅពី​ការរក្សា​អំណាច​យោធា​២៥​ភាគរយ​នៅក្នុង​សភា ដោយ​ស្វ័យប្រវត្តិ​ដែល​បាន​កំណត់ដោយ​រដ្ឋធម្មនុញ្ញ លោក​ថេ​ន សេន ក៏បាន​ស្នើ​ទៅកាន់​សភា​មី​យ៉ាន់​ម៉ា​ដើម្បី​អនុម័ត​បញ្ចូល​ក្រសួងអន្តោប្រវេសន៍ និង​ប្រជាជន ជាមួយនឹង​ក្រសួងមហាផ្ទៃ​ជា​ក្រសួង​តែមួយ​។ តាម​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​ដែល​ធ្វើ​ដោយ​យោធា ក្រសួង​ធំ​ចំនួន​បី​ត្រូវ​ស្ថិតក្រោម​ការ​គ្រប់ គ្រង​ដោយ​យោធា​ដែល​រួមមាន ក្រសួង​កិច្ចការ​ព្រំដែន ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ​។ ការបញ្ចូល​ក្រសួង​ពីរ​បន្ថែម​ក្នុង​ក្រសួងមហាផ្ទៃ បានបង្ហាញ​យ៉ាងច្បាស់​ពី​ការចង់​រក្សា​ឥទ្ធិពល​យោធា​ក្នុង នយោបាយ​មី​យ៉ាន់​ម៉ា​៕


© រក្សាសិទ្ធិដោយ thmeythmey.com