ជាតិ
លោក ម៉ុង ឬ​ទ្ធី បើក​កិច្ច «​ប្រជុំ​គ្រួសារ​» រាល់​ខែ​ដើម្បី​រក​វិធី​ឲ្យ​កូនចៅ​ចេះ​ស្រឡាញ់គ្នា​
02, Feb 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ម៉ុង ឫទ្ធី អ្នកជំនួញ និង​ជា​សមាជិក​ព្រឹទ្ធសភា ចង់បង្ហាញ​ឲ្យ​ឃើញថា លោក​មិន​ត្រឹមតែ​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម និង​ជីវិត​នយោបាយ​ប៉ុណ្ណោះ​នោះទេ លោក​ក៏មាន​សុភមង្គល​ផងដែរ​នៅក្នុង​ក្រុមគ្រួសារ​។ តាមរយៈ​ហ្វេ​ស​ប៊ុ​ក លោក​បាន​បញ្ជាក់ថា លោក និង​ភរិយា តែងតែ​ហៅ​កូនបង្កើត និង​កូនប្រសារ​ទៅ​ជួបជុំគ្នា ដើម្បី​រក​គ្រប់​វិធី​ឲ្យ​ពួកគេ​ចេះ​ស្រឡាញ់​រាប់អាន​គ្នា រួបរួមសាមគ្គី​គ្នា​។​



«​ចាប់ពី​ម៉ោង​៩ ដល់​ម៉ោង​១២ ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៦ មួយខែ​ម្តង ខ្ញុំ​និង​ភរិយា តែងតែ​ហៅ​កូនបង្កើត និង​កូនប្រសារ​មកជួបជុំ​គ្នា [​ប្រជុំ​គ្រួសារ​] ដើម្បី​រក​គ្រប់​វិធី​ឲ្យ​ពួកគេ​ចេះ​ស្រឡាញ់​រាប់អាន​គ្នា រួបរួមសាមគ្គី​គ្នា​ជា​បន្តបន្ទាប់​ទាន់​ឪពុកម្តាយ​នៅរស់​អាច​ហៅ​មក​ប្រជុំបាន​»​។ លោក ម៉ុង ឫទ្ធី បាន​សរសេរ​យ៉ាង​ដូច្នេះ នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន [​ឯកឧត្ដម​បណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy] អមដោយ​រូបថត​៩​សន្លឹក​ទាក់ទង​នឹង​សកម្មភាព​ប្រជុំ​គ្រួសារ​។​


​កិច្ចប្រជុំ​គ្រួសារ​នេះ ត្រូវបាន​លោក ម៉ុង ឫទ្ធី អះអាងថា លោក និង​ភរិយា មាន​ក្តីកង្វល់​ខ្លាចក្រែង​ប្អូន​មិន​ស្តាប់​បង ហើយ​បង​ក៏​មិន​ស្តាប់​ប្អូន ដូច្នេះ​ថ្ងៃក្រោយ​មិនដឹង​ទៅជា​យ៉ាងណា​នោះទេ ជាពិសេស​នៅពេល​អត់​ពី​ឪពុកម្តាយ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ លោក​បានបង្ហាញ​នូវ​ក្តី​សង្ឃឹមថា​៖ «​បុណ្យ​កុស​ល្យ​ដែល​ខ្ញុំ​បាន​សាង​ទាំងអស់​កន្លងមក​ប្រាកដជា​ជួយ​ឱ្យ​កូនៗ​ខ្ញុំ​ទាំ​អស់​បាន​ដើរ​តាម​គន្លង​របស់ខ្ញុំ​ដូច​បំណងប្រាថ្នា​ជាក់​ជាមិនខាន​ឡើយ​»​។​

​លោក ម៉ុង ឫទ្ធី ដែល​នឹង​ឈានដល់​ការ​ប្រារព្ធ​ខួប​៦២​ឆ្នាំ​នា​ថ្ងៃទី​១១ ខែកក្កដា ខាងមុខ គឺជា​អ្នកជំនួញ​ដ៏​ល្បីឈ្មោះ​ម្នាក់​នៅ​កម្ពុជា​។ លោក​មានកូន​ប្រុស​៣​នាក់ និង​កូនស្រី​២​នាក់​។ លោក និង​លោកស្រី ម៉ែន ស៊ុន ដែលជា​ភរិយា តែងតែ​បង្ហាញ​ពី​សកម្មភាព​សប្បុរសធម៌​របស់ខ្លួន ជាមួយ​ប្រជាពលរដ្ឋ​ក្រីក្រ​៕


Tag:
 ម៉ុង ឫទ្ធី​
© រក្សាសិទ្ធិដោយ thmeythmey.com