ជាតិ
បទ​ចម្រៀង «​ទោះយ៉ាងណា​» កើតចេញ​ពីបារាំង មាន​អាយុ ៥០​ឆ្នាំ​ហើយ​
03, Feb 2016 , 2:56 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ឃុ​ត សុខឿន នឹងជម្រាបជូន​ប្រិយមិត្ត​អ្នក​ស្តាប់ នូវ​ប្រវត្តិ​របស់​បទ​ចម្រៀង "​ទោះយ៉ាងណា​" ដែល​ច្រៀង​ដោយ​លោក ស៊ីន ស៊ី​សាមុត។​



"​ទោះយ៉ាងណា​" គឺជា​បទ​ចម្រៀង​ដែល​ច្រៀង​រៀបរាប់​ ពី​ការ​និរាស​ព្រាត់ប្រាស់​ទាំង​មិន​អស់​​អាល័យ​នៃ​គូ​ស្នេហា​មួយ​គូ។ បទ​ចម្រៀង​ដែល​ប្រសូត​ឡើង ពី​អត្ថបទ​កំណាព្យ​ដែល​ប្រកប​​ដោយ​ចំណាប់​ចុង​ជួន រណ្តំ​ណែងណង បានក្លាយ​ជា​បទ​ចម្រៀង​របស់អ្នកចម្រៀង​គ្មាន​គូ​ប្រៀប ស៊ីន ស៊ី​សាមុត នា​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ ឬ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៧០។



​ប៉ុន្តែ​ក្រោយមក​នៅ​ឆ្នាំ ១៩៧២ បទ​ចម្រៀង​នេះ ត្រូវបាន​ផលិតកម្ម កណ្តឹង​មាស​ភាពយន្ត ​យកទៅដាក់​បញ្ចូល​ទៅក្នុង​ខ្សែភាពយន្ត​ខ្មែរ រឿង ផែនដី​វិល​។ រឿង​ផែនដី​វិល ដឹកនាំ​រឿង​ដោយ​លោក ​ណុប ណែម សម្តែង​ដោយ​លោក គង់ សំអឿន និង អ្នកស្រី គីម ណូ​វ៉ា​។ "​ទោះយ៉ាងណា​" ​គឺជា​បទ​ចម្រៀង​មួយ​បទ ក្នុងចំណោម​ចម្រៀង​៤​បទ នៅក្នុង​រឿង ផែនដី​វិល​។​

​ប្រសិនបើ​មិនមាន​ឯកសារ​គាំទ្រ​នោះទេ ម្ល៉េះ​សម​យើង​គិតថា បទ​ចម្រៀង ទោះយ៉ាងណា គឺ​ជា​បទ​ចម្រៀង​ខ្មែរ​យើង​សុទ្ធសាធ​។ ប៉ុន្តែ​តាមពិតទៅបទ​ចម្រៀង ទោះយ៉ាងណា មាន ប្រភព​​មក​ពីបទ​ចម្រៀង​បារាំង ដែលមាន​ចំណងជើង​ថា Et Pourtant ដែល​ប្រែជា​ខេមរភាសា​ថា ​ទោះយ៉ាងណា​។​



Et Pourtant ច្រៀង​ដោយ​អ្នកចម្រៀង​ដ៏​ល្បីឈ្មោះ​របស់​បារាំង​ម្នាក់ Charles Aznavour ។ បទ​ចម្រៀង Et Pourtant ត្រូវបាន​ថត និង​ចេញលក់​នៅ​បារាំង និង​នៅ​ទ្វីបអឺរ៉ុប នៅ​ឆ្នាំ ១៩៦៤។ ​គ្រាន់តែ​ចេញលក់​ភ្លាម បទ​ចម្រៀង​នេះ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅ​​ប្រទេស​បារាំង ក្នុងចំណោម​បទ​ចម្រៀង​ជាច្រើន​ដែល​ចេញលក់​នៅ​ឆ្នាំ ១៩៦៤។ តាមពិតទៅ​ បទ​ចម្រៀង Et Pourtant នេះ ត្រូវបាន​និពន្ធ​ឡើង​តាំងពី​ឆ្នាំ ១៩៦២មកម្ល៉េះ​។ អ្នកនិពន្ធ​ទំនុកច្រៀង និងបទ​ភ្លេង គឺ លោក Charles Aznavour និង​លោក Georges Garvarentz ។​

​មិត្តអ្នកស្តាប់​ដែល​មិនចេះ​ភាសា​បារាំង អាច​ពិបាក​ស្តាប់ Et Pourtant របស់លោក លោក Charles Aznavour ។ ប៉ុន្តែ​សូម​មិត្តអ្នកស្តាប់​កុំ​ព្រួយ អត្ថន័យ​នៃ​បទ​ចម្រៀង Et Pourtant ជា​ភាសា​បារាំង​ គឺ​ដូចគ្នា​បេះបិទ​ទៅនឹង​បទ​ចម្រៀង «ទោះយ៉ាងណា» របស់លោក ស៊ីន ស៊ី​សាមុត​។ ​ផលិតករ​ខ្មែរ បាន​ប្រែ​សម្រួល​ឃ្លោងឃ្លា​ជា​ភាសា​បារាំង មកជា​ភាសាខ្មែរ ដោយ​រក្សាទុក​នូវ​ខ្លឹមសារ​ដដែល ហើយ​ថែមទាំង​បង្កើតចំណាប់​ចុង​ជួន រណ្តំ​ណែងណង ទៀតផង​។



ជា​បន្ត​បន្ទាប់មកទៀត ដើម្បី​បំពេញតម្រូវការ​ទីផ្សារ លោក Charles Aznavour បាន​ច្រៀង​បទ​ចម្រៀង Et Pourtant ជា​ភាសា​អង់គ្លេស​។ បទ​ចម្រៀង​នោះ មាន​ចំណងជើង​ថា Yet, I Know​។ ​ទន្ទឹមនឹង​គ្នា​នោះ បទ​ចម្រៀង Et Pourtant និង​Yet, I Know បាន​ជ្រួតជ្រាប​​ទៅគ្រប់​ច្រកល្ហក​នៃ​ពិភពលោក​។ អ្នកចម្រៀង​ជាច្រើន​នាក់ បាន​ច្រៀង​បទ​ចម្រៀង​នេះ​ឡើង​​វិញ​ជា​ភាសា​បារាំង និង អង់គ្លេស ច្រើន​ជំនាន់​បន្តបន្ទាប់​គ្នា​។ សូម​ស្តាប់​បទ​ចម្រៀង Yet, I Know ​ដែល​ច្រៀង​ដោយ​អ្នកចម្រៀង​អាមេរិកាំង Steve Lawrence ។​

បទ​ចម្រៀង Et Pourtant របស់ Charles Aznavour មិន​ត្រឹម​តែមាន​ប្រជាប្រិយភាព ក្នុងប្រទេស​កម្ពុជា​នោះទេ ប៉ុន្តែ​បទ​ចម្រៀង​នេះ​ក៏មាន​ល្បីល្បាញ​ក្នុងប្រទេសវៀតណា​ម នា​ទសវត្សរ៍​ឆ្នាំ​១៩៧០​ផងដែរ​។ បទ​ចម្រៀង​នេះ ត្រូវបាន​ប្រែ​សម្រួល​ជា​ភាសា​វៀតណា​ម ​និង​ច្រៀង​ដោយ​អ្នកចម្រៀង​ម្នាក់​ឈ្មោះ Elvis Phoung​។ បទ​នោះ មាន​ចំណងជើង​ថា អា​ញ់ វឹង បៀត " Anh Vẫn Biết" ។​



ឆ្លងកាត់​ជាច្រើន​ឆ្នាំ  បទ ទោះយ៉ាងណា និង Et Pourtant បាន​បំពេរ​អារម្មណ៍​មិត្តអ្នកស្តាប់​ជាច្រើន​លាន​នាក់​នៅលើ​ពិភពលោក និង​នៅក្នុង​ប្រទេស​ដ៏​កំសត់​មួយ​។ ផ្ទុយ​ពី​ម្ចាស់​បទ ទោះយ៉ាងណា​ម្ចាស់​បទ Et Pourtant   កំពុង​រស់រានមានជីវិត​នៅឡើយ ក្នុង​វ័យ​៩០​ឆ្នាំ​។ ម្ចាស់​បទ Et Pourtant  ត្រូវបាន​គេ​ប្រសិទ្ធិ​នាម​ថា​ជា សិល្បករ​ឆ្នើម​ប្រចាំ​សតវត្សរ៍​។ ក្រៅតែពី​ជា​សិល្បករ  ​លោក Charles Aznavour ក៏​ជា​សកម្មជន​សាធារណៈ និងអ្នកការទូត​ផងដែរ​។
​    ​






Tag:
 ឃុ​ត សុខឿន
© រក្សាសិទ្ធិដោយ thmeythmey.com