ជាតិ
​រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧ​ត្ត​រ​មានជ័យ និង​បន្ទាយមានជ័យ បន្ត​ត្រជាក់​ខ្លាំង​នៅ​យប់​នេះ​
08, Feb 2016 , 1:01 pm        
រូបភាព
អាកាសធាតុ​នឹង​បន្ត​ត្រជាក់ ចន្លោះ​ពី​១២​ទៅ​១៤​អង្សា​សេ នៅ​យប់​ថ្ងៃទី​៨​ខែកុម្ភៈ​នេះ នៅ​បណ្តា​ខេត្ត​ចំនួន​៥ នៅក្នុង​ប្រទេស​កម្ពុជា ក្នុងនោះ​គឺ​ខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ ឧ​ត្ត​រ​មានជ័យ និង​បន្ទាយមានជ័យ​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។



​បើតាម​លោក ចាន់ យុ​ត្ថា បណ្តា​ខេត្ត​ចំនួន​៤​ផ្សេងទៀត ក៏មាន​អាកាសធាតុ​ត្រជាក់​ចន្លោះ​ពី ១៥-១៧​អង្សា​សេ​ដែរ ក្នុងនោះ​រួមមាន ខេត្តបាត់ដំបង ប៉ៃលិន សៀមរាប និង​ខេត្តស្ទឹងត្រែង។ ក្រៅពី​អាកាសធាតុ​ត្រជាក់​ខ្លាំង​នៅពេល​យប់ និង​ពេលព្រឹក ក៏មាន​ខ្យល់​ធ្លាក់​ដែរ ដែលមាន​ល្បឿន​ពី​៥​ទៅ​៧​ម៉ែត្រ​ក្នុង​មួយ​វិនាទី ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។

​ចំពោះ​ស្ថានភាព​អាកាសធាតុ​ត្រជាក់​នេះ អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន យកចិត្តទុកដាក់​ចំពោះ​សុខភាព ជាពិសេស​ក្មេងៗ  និង​មនុស្ស​ចាស់​។ លោក ថា​៖ «​សូម​ឲ្យ​ពួកគាត់​ប្រុង​យ័​ត្ន ខ្លាចក្រែង​ផ្តាសាយ ពាក់​ខោអាវ​ក្រាស់ៗ ជាពិសេស​មនុស្ស​ចាស់ និង​កូនក្មេង ដែល​ពួកគាត់​ពិបាក​ស៊ាំ​នឹង​អាកាសធាតុ​»​។​

សម្រាប់​បណ្តា​ខេត្ត​ផ្សេងទៀត រួមទាំង​រាជធានី​ភ្នំពេញ​ផង សីតុណ្ហភាព​ចន្លោះ​ពី​១៨-២0​អង្សា​សេ​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ដដែល​៕




Tag:
 អាកាសធាតុ
  ត្រជាក់
  ចាន់ យុត្ថា
© រក្សាសិទ្ធិដោយ thmeythmey.com