ជាតិ
យូ​នី​សេ​ហ្វ ចំណាយ​ទឹកប្រាក់​ប្រមាណ ៦៥ លាន​ដុល្លារ សម្រាប់​គម្រោង​ថ្មី​រយៈពេល​៣​ឆ្នាំ​
11, Feb 2016 , 4:47 pm        
រូបភាព
​លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនកា​រ តំណាង​រាជរដ្ឋាភិបាល​កម្ពុជា​និង លោកស្រី Debora Comini ប្រធាន​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​«​ផែនការ​សកម្មភាព នៃ​កម្មវិធី​ប្រចាំ​ប្រទេស​ថ្មី​សម្រាប់​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨ » ដែល​ប្រព្រឹត្តទៅ​នៅ​ទី​ស្តី ការ​ក្រសួងផែនការ នា​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ ។ ផែនការ​រយៈពេល​៣​ឆ្នាំនេះ  គ្រោង​នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ ៦៥ លាន​ដុល្លារ​។



​បន្ទាប់ពី​គម្រោង​ចាស់​របស់ខ្លួន​បាន​បញ្ចប់​នៅ​ដើមឆ្នាំ​២0១៦​នេះ អង្គការ​យូ​នី​សេ​ហ្វ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៦៥​លាន​ដុល្លារ សម្រាប់​ដំណើរការ​កម្មវិធី​ថ្មី ដែលមាន​រយៈពេល​បី​ឆ្នាំ​បន្តទៀត គឺ​ចាប់ពី​ឆ្នាំ​២០១៦ ដល់ ឆ្នាំ​២០១៨។ នេះ​បើតាម​ការអះអាង​របស់ លោក មាស ប៊ុនលី មន្ត្រី​ជំនាញ​ផ្នែក​ទំនាក់ទំនង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នាពេល​ព្រឹក​នេះ​។​

​លោក មាស ប៊ុនលី បាន​បន្ថែមទៀតថា ថ​វិកា​ទាំងនេះ បានមកពី​បណ្តា​រដ្ឋាភិបាល​ម្ចាស់ជំនួយ​នានា ដូចជាសហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ជប៉ុន កូរ៉េ និងស៊ុយអែតជាដើម​។ លោក​ថា ក្រៅពី​ជំនួយ​ពី​បណ្តា​ប្រទេស​ខាងលើ ជំនួយ​នេះ​ក៏​ទទួលបាន​ពីសប្បុរសជន វិស័យ​ឯកជន និង​គណៈកម្មាធិការ​ជាតិ​យូ​នី​សេ​ហ្វ​នៅ​ទូទាំង​ពិភពលោកផងដែរ​។

​មន្ត្រី​ជំនាញ​រូបនេះ​បានពន្យល់​ទៀតថា គម្រោង​សម្រាប់ឆ្នាំ​២០១៦-២០១៨ នេះ  នឹង​គ្របដណ្តប់​នៅ​ទូទាំងប្រទេស ប៉ុន្តែ​ផ្តោត​សំខាន់​ទៅលើ​ខេត្ត ស្រុក និង​ឃុំ ទាំងទ្បាយ​ណា ដែលមាន​គម្លាត​ខ្ពស់លើការអភិវឌ្ឍ​កុមារ​។ លោក​បានបញ្ជាក់​បែបនេះ​ថា​៖«​បើទោះបីជា​កម្ពុជា​កំពុង​រីកចម្រើន​មែន តែ​យើង​នៅតែ​ឃើញថា កម្ពុជា​នៅមាន​គម្លាត​ខ្លាំង រវាង​កុមារ​ពី​គ្រួ​សារ​អ្នកក្រ​ និង​កុមារ​ពី​គ្រួសារ​អ្នកមាន រួមទាំង​បញ្ហា​ស្ត្រី​នៅតាម​តំបន់​ដាច់ស្រយាល​»​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី កិច្ចសហប្រតិបត្តិការ​លើ​ផែនការ​សកម្មភាព​នៃ​កម្មវិធី​ប្រចាំ​ប្រទេស​ថ្មី រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​អង្គការ​យូ​នី​សេ​ហ្វ​សម្រាប់​ឆ្នាំ​២០១៦-២០១៨ កុមារ ​និង​ក្មេង​ជំទង់ ដែលមាន​អាយុ​តិចជាង​ឬ​ស្មើ​១៩​ឆ្នាំ មាន​ប្រមាណ ៤៥​ភាគរយ នៃ​ប្រជាជន​កម្ពុជា​សរុប ដោយ​ក្នុងនោះ មាន​កុមារ ដែលមាន​អាយុ​តិចជាង​៥​ឆ្នាំ មាន ១១​ភាគរយ។ កុមារ​ជាច្រើន​មកពី​គ្រួសារមាន​ស្ថាន​ភាពលំបាក កំពុង​ជួប​បញ្ហា​ប្រឈម​ជាច្រើន​ដែល​មិនអាច​ឲ្យ​ពួកគេ​រស់រានមានជីវិត​បាន​។ កុមារ​ក្នុង​គ្រួសារ​ក្រីក្រ​បំផុត អាច ស្លាប់​ច្រើនជាង កុមារ​មកពី​គ្រួសារ​ដែលមាន​ទ្រព្យធន​ច្រើន មុន​ពួកគេ​មាន​អាយុ​៥​ឆ្នាំ ។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា កម្មវិធី​ថ្មី​ប្រចាំ​ប្រទេស​នេះ ចែកចេញជា សមាសភាគ​បួន​សំខាន់ៗ​រួមមាន ១. ការរស់រានមានជីវិត ការថែទាំ និង​អភិវឌ្ឍន៍​កុមារ​តូចៗ, ២. ការអប់រំ​ប្រកបដោយ​គុណភាព​និង បរិ​យា​ប័ន្ន ៣. ការការពារ​បរិស្ថាន និង ៤. បរិ​យា​ប័ន្ន​សង្គម ​និង​អភិបាលកិច្ច​។ ផែនការ​នេះ ​នឹង​ត្រូវបាន​អនុវត្ត​ន៍ក្រោម​កិច្ចសហការ​ជាមួយនឹង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្នាក់ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ ជាមួយនឹង​អង្គការ​មិនមែន​រដ្ឋាភិបាល ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ស្ថាប័ន​អង្គការសហប្រជាជាតិ​ដទៃទៀត​៕

Tag:
 UNICEF
© រក្សាសិទ្ធិដោយ thmeythmey.com