ជាតិ
ស​.​ស​.​យ​.​ក រក​កិច្ចសហការ​នឹង​អាជ្ញាធរ​អប្សរា​សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ​
17, Feb 2016 , 11:07 am        
រូបភាព
​សៀមរាប​៖ នៅសល់​មិន​ដល់​២​ខែ​ទៀត​ទេ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ នឹង​ចាប់ផ្តើម​រៀបចំ​សាជាថ្មី​ម្តងទៀត​។ មិន​ខុសពី​រាល់​ឆ្នាំ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ត្រូវបាន​រៀបចំ​នៅលើ​ទឹកដី​អង្គរ ខេត្តសៀមរាប​។ ដើម្បី​សម្រួល​ដល់​ការរៀបចំ​ព្រឹត្តិការណ៍​សំខាន់​នេះ​ឲ្យ​រលូន​នោះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) បាន​ស្វែងរក​កិច្ចសហការ​ជាមួយ​អាជ្ញាធរ ដើម្បី​ឲ្យ​ដំណើរ​នៃ​ការរៀបចំ​អង្គរ​សង្ក្រាន្ត ប្រព្រឹត្តិ​ទៅ​ភាពសប្បាយ​រីករាយ​។



​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ហ៊ុន ម៉ា​នី បាន​ជួបប្រជុំ​ការងារ​ជាមួយ​ស្ថាប័ន​ពីរ​នៅ​ទីក្រុង​សៀមរាប​។ ទីមួយ​គឺ​សាលាខេត្ត​សៀមរាប លោក ហ៊ុន ម៉ា​នី បាន​ជួប​អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង​។ ក្នុងជំនួប​នេះ មិន​ខុសពី​លើក​មុនៗ​ដែរ គឺ​លោក ហ៊ុន ម៉ា​នី ស្នើ​កិច្ចសហការ​ពី​អាជ្ញាធរ​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ សន្តិសុខ ក្នុងអំឡុងពេល​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។ ជំនួប​មួយទៀត គឺធ្វើឡើង​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​។ នៅ​អាជ្ញាធរ​ជាតិ​អប្សរា លោក ហ៊ុន ម៉ា​នី ស្នើ​ឲ្យ​ស្ថាប័ន​នេះ ជួយ​សម្រួល​រៀបចំ​ទីតាំង​មួយចំនួន ដើម្បី​បង្កើត​កម្មវិធី​អង្គរ​សង្ក្រាន្ត​។​

​ក្នុង​បទ​បង្ហាញ​របស់​ស​.​ស​.​យ​.​ក នៅ​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃទី​១៦ កុម្ភៈ មានកម្ម​វិធី​ចំនួន​២៤ ដែល​គ្រោង​រៀបចំ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦​នេះ​។ កម្មវិធី​ទាំងនោះ មានដូចជា​កម្មវិធី​សាសនា កម្មវិធី​ភូមិ​ខ្ញុំ និម្មិត​ភូមិ របាំ​ប្រពៃណី ល្បែង​ប្រជាប្រិយ គុន​ល្បុក្កតោ  ពិព័រណ៍​សិប្បកម្ម​។​ល​។ អ្វីដែល​ពិសេស និង​ប្លែក​ជាង​រាល់​ឆ្នាំ​នោះ គឺ​ការសម្តែង​លោ្ខ​ន​បាសាក់​រឿង​នាង​ទិព្វ​សង្វារ និង​កម្មវិធី​សិល្បៈ​មួយចំនួនទៀត មានការ​តាំងពិព័រណ៍​រូបគំនូរ​ជាដើម​។​

​លោក ហ៊ុន ម៉ា​នី មាន​សុទិដ្ឋិនិយម​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ឆ្នាំនេះ នឹង​ពាំ​នាំនូវ​ភាពសប្បាយ​រីករាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​ឲ្យ​ភ្ញៀវទេសចរ​កាន់តែច្រើន​ទៀត បាន​ស្គាល់ និង​ចង់​មក​កម្សាន្ត​រមណីយដ្ឋាន​អង្គរ​។ កាលពី​ឆ្នាំទៅ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរ​ជាតិប្រមាណ​១​លាន​នាក់​។ នេះ​បើតាម​តួលេខ​របស់​ក្រសួងទេសចរណ៍​។ «​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត គឺធ្វើឡើង​ក្នុង​បំណង​ផ្តល់​ស្នាមញញឹម និង​បង្កើត​ស្មារតី​រួបរួម​មហា​គ្រួសារ​ខ្មែរ​តែមួយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហ៊ុន ម៉ា​នី​។​


​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ស៊ុំ ម៉ាប់ បាន​ឲ្យ​ដឹងថា អង្គរ​សង្ក្រាន្ត​ជា​ផ្នែក​មួយ​នៃ​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ហើយ​លោក​គាំទ្រ និង​សហការ​យ៉ាង​ពេញទំហឹង​ក្នុងការ​សម្រួល និង​រៀបចំ​ព្រឹត្តិការណ៍​នេះ​ក្នុង​តំបន់​អង្គរ​។ ក្នុងនោះដែរ អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ក្រុមការងារ​រួចរាល់​ហើយ​ដែរ ដើម្បី​រៀបចំ​កម្មវិធី​និម្មិត​ភូមិ និង​បានរៀបចំ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន ដើម្បី​សម្រួល​ចរាចរណ៍​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត ដែល​នឹង​រៀបចំ​ធ្វើ​ក្នុង​ខែមេសា​ខាងមុខនេះ​។​

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បានរៀបចំ​ចំនួន​៣​ដង​រួចមកហើយ គឺ​ចាប់ពី​ឆ្នាំ​២០១៣​មក​។ ព្រឹត្តិការណ៍​នេះ​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាច្រើន​ឲ្យ​មក​កម្សាន្ត​ខេត្តសៀមរាប ក្នុងនោះ​នៅ​ឆ្នាំ​២០១៥ មាន​ទេសចរ​ប្រមាណ​១​លាន​នាក់ រកចំណូលបាន​ប្រមាណ ៥០​លាន​ដុល្លារ​អាមេរិក ឆ្នាំ​២០១៤ មាន​ភ្ញៀវទេសចរ​ប្រមាណ​៣៨​ម៉ឺន​នាក់ រកចំណូលបាន​ជាង ៣០​លាន​ដុល្លារ​អាមេរិក ឆ្នាំ​២០១៣ មាន​ភ្ញៀវទេសចរ​ប្រមាណ ១៨​ម៉ឺន​នាក់​៕


© រក្សាសិទ្ធិដោយ thmeythmey.com