ជាតិ
អ្នកឯកទេស​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការធ្លាក់ចុះ​ចំនួន​សត្វ​ឃ្មុំ​នៅ​កម្ពុជា​
20, Feb 2016 , 2:20 pm        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន​៖ សត្វ​ឃ្មុំ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​រុក្ខជាតិ​មាន​ផ្កា​នៅលើ​ភពផែនដី​នេះ ហើយ​វា​គឺជា​សូចនាករ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​យ៉ាងសំខាន់ ដោយសារ​រុក្ខជាតិ​ជាច្រើន ជាពិសេស​នៅ​តំបន់​ត្រូ​ពិ​ក​ពឹងផ្អែក​ទាំងស្រុង​លើស​ត្វ​ឃ្មុំ​ក្នុងការ​រោយ​លំអងផ្កា ដើម្បី​បំ​លែង​ទៅជា​ជី​សម្រាប់​លូតលាស់​។ ដោយសារតែ​អត្ថប្រយោជន៍​យ៉ាង​ធំធេង​របស់​សត្វ​ឃ្មុំ អ្នកឯកទេស​ខាង​សត្វ​ឃ្មុំ បានបង្ហាញ​ពី​ក្តីបារម្ភ​ចំពោះ​ការថយចុះ​នូវ​ចំនួន​សត្វ​ឃ្មុំ​នៅ​កម្ពុជា​។​



​លោក ដេ​មៀន ម៉ា​ជីស្តា (Damian Magista) ដែលជា​អ្នកឯកទេស​ស្រាវជ្រាវ​អំពី​សត្វ​ឃ្មុំ និង​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន Bee Local បាន​ថ្លែងប្រាប់ VOA ក្រោយពី​ត្រឡប់​មកពី​ប្រទេស​កម្ពុជា​វិញ​ថា លោក​សង្កេតឃើញថា ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ និង​ការរក​ឃ្មុំ​ខុស​បច្ចេកទេស គឺជា​មូលហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យ​សត្វ​ឃ្មុំ​នៅ​កម្ពុជា​ប្រឈម​នឹង​ការវិនាសហិនហោច​ខ្ពស់​។​
 
​លោក​បាន​មានប្រសាសន៍ថា​៖«​កាលណា​យើង​ចាប់ផ្តើម​បាត់បង់​ព្រៃឈើ យើង​ក៏​ចាប់ផ្តើម​បាត់បង់​សត្វ​ឃ្មុំ និង​ប្រព័ន្ធ​អេកូឡូស៊ី​ចម្រុះ​ផងដែរ​។ ហើយ​ការយក​ឃ្មុំ​ខុស​បច្ចេកទេស ដែល​តែងតែ​យក​សំបុក​ទាំងមូល​ក៏​បំផ្លាញ​សត្វ​ឃ្មុំ​ផងដែរ​»​។​
 
​ស្ថាបនិក​ក្រុមហ៊ុន​ផលិត​ទឹកឃ្មុំ​ដែលមាន​ទីតាំងនៅ​ទីក្រុង Portland រដ្ឋ Oregon នៃ​សហរដ្ឋអាមេរិក​រូបនេះ បាន​ចំណាយពេល​២​សប្តាហ៍​ស្នាក់​នៅក្នុង​ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ ដើម្បី​សិក្សា​ស្វែងយល់​អំពី​ប្រភេទ​សត្វ​ឃ្មុំ​នៅ​កម្ពុជា​។ លោក​Magista​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កម្ពុជា ដោយសារ​លោក​ដឹងថា កម្ពុ​ជាមាន​ឃ្មុំ​ប្រភេទ​កម្រ ដែល​គេ​ឃើញ​មាន​ភាគ​ច្រើនតែ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ប៉ុណ្ណោះ ដែល​នោះ​គឺជា​ឃ្មុំ​ប្រភេទ ApisDorsata​ដែលជា​ភាសា​ខ្មែរ​ហៅថា ឃ្មុំ​ធំ ឃ្មុំត្រចៀកដំរី ឬ​ឃ្មុំចង្អេរ និង​ឃ្មុំ​ប្រភេទ ApisFlorea​ដែលជា​ភាសា​ខ្មែរ​ហៅថា ឃ្មុំផ្លិត​។ ឃ្មុំ​ទាំង​២​ប្រភេទ​នោះ មាន​លក្ខណៈពិសេស​ក្នុងការ​ការពារ​ខ្លួន និង​ជា​ប្រភេទ​ឃ្មុំ ដែលមាន​តាំងពី​យូរយារ​ណាស់​មកហើយ​។ ជាពិសេស​ជាងនេះទៅទៀត ឃ្មុំ​ធំ ឃ្មុំត្រចៀកដំរី ឬ​ឃ្មុំចង្អេរ​នេះ អាចបង្កើត​សំបុក​ដែលមាន​ទំហំ​រហូតដល់​ទៅជិត​៣​ម៉ែត្រការ៉េ​ឯណោះ​។​
 
​លោក​បាន​និយាយថា​៖«​យើង​មិនឃើញ​មាន​ឃ្មុំ​ប្រភេទ​នេះ​នៅ​អាមេរិក​នោះទេ ហើយ​គេ​ក៏​មិនឃើញ​មាននៅ​តំបន់​ជាច្រើន​នោះដែរ​។ ឃ្មុំ​ប្រភេទ​នេះ​មាន​លក្ខណៈ​ប្លែក​ខុសពី​គេ​។ ដូច្នេះ បើ​យើង​បាត់បង់​ឃ្មុំ​ប្រភេទ​នេះ យើង​នឹង​បាត់បង់​យ៉ាង​ធំធេង​»​។​
 
​ទឹកឃ្មុំ​របស់​កម្ពុជា​អាច​លក់រាយ​បាន​ក្នុងតម្លៃ​១០​ដុល្លារ​អាមេរិក​ក្នុង​មួយ​គីឡូក្រាម ដែល​នេះ​ជា​តម្លៃ​មួយ​ដែល​ខ្ពស់ជាង​តម្លៃ​ទឹកឃ្មុំ​របស់​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយចំនួន ដូចជា​ប្រទេស​ថៃ និង​វៀតណាម​ជាដើម​។ នេះ​បើ​យោងតាម​របាយការណ៍​វាយតម្លៃ​សង្វាក់​តម្លៃ​ទឹកឃ្មុំ​របស់​អង្គការ USAID ចេញផ្សាយ​កាលពី​ឆ្នាំ​២០០៩​។​
 
​ក្នុង​រយៈពេល​ដែល​លោក Magista​បាន​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា ដែលមាន​ប្រជាជន​មួយ​ភាគ​ធំ​អាស្រ័យ​ផល​ពី​ធនធានធម្មជាតិ​នោះ លោក​បានកត់សម្គាល់​ឃើញ​ថា ឃ្មុំ​បាន​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​។ ក្នុងនោះ សំបុក​ឃ្មុំ និង​ទឹកឃ្មុំ​គឺជា​ប្រភព​នៃ​ជីវជាតិ​ប្រូតេអ៊ីន ហើយ​ក្រមួន​របស់​វា គេ​ប្រើ​សម្រាប់​ផលិត​ជា​ទៀន​ដុត​បំភ្លឺ​នៅតាម​វត្ត​អារាម និង​នៅតាម​ផ្ទះ ជាពិសេស​នៅតាម​តំបន់​ដាច់​ស្រ​យ៉ា​ល ដែល​មិនមាន​អគ្គិសនី​ប្រើប្រាស់​។ លើសពីនេះ របរ​រក​ឃ្មុំ​មិន​ត្រឹមតែ​ជួយ​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​មួយចំនួន​នោះទេ ប៉ុន្តែ​វា​គឺជា​ផ្នែក​មួយ​នៃ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​តាំងពី​បុរាណកាល​មក​ផងដែរ​។​
 
​លោក Magista​បាន​មានប្រសាសន៍ថា​៖«​នេះ​គឺជា​បច្ចេកទេស​បុរាណ និង​ជា​ប្រពៃណី​ទំនៀមទម្លាប់​ពី​បុរាណ ដែល​បាន​ធ្វើឡើង​អស់​រយៈពេល​ជា​យូរលង់​ណាស់​មកហើយ​។ ហើយដោយ​សារ​យើង​កំពុងតែ​បាត់បង់​ឃ្មុំ ប្រពៃណី​មួយ​នេះ​ក៏​កំពុងតែ​បាត់បង់​ជា​បណ្តើរៗ​ផងដែរ​»​។​
 
​ថ្វីដ្បិតតែ​ចំនួន​សត្វ​ឃ្មុំ​នៅ​កម្ពុជា​មានការ​ធ្លាក់ចុះ​គួរ​ឲ្យ​ព្រួយបារម្ភ​ក្តី ក៏​អ្នកឯកទេស​ស្រាវជ្រាវ​ខាង​សត្វ​ឃ្មុំ​រូបនេះ នៅតែមាន​សុទិដ្ឋិនិយម​ថា កម្ពុជា​អាចមាន​សក្តានុពល​ទីផ្សារ​នាំចេញ​ផលិតផល​ពី​ឃ្មុំ ជាពិសេស​ទឹកឃ្មុំ ប្រសិនបើ​មានការ​យកចិត្តទុកដាក់​បង្កើត​ឲ្យ​មានកម្ម​វិធី​វិនិយោគ​រយៈពេល​វែង​ចាប់ពី​៥​ទៅ​១០​ឆ្នាំ​។​
 
​លោក​Magista​បាន​បញ្ជាក់ថា គម្រោង​វិនិយោគ​នេះ​«​ត្រូវបង្កើត​ឲ្យ​មាន​ក្រុម​អ្នកជំនាញ​ការបង្រៀន​ដល់​ប្រជាជន​ពី​បច្ចេកទេស ក្នុងការ​រក្សា​សត្វ​ឃ្មុំ និង​ផ្តល់​ដល់​ពួកគេ​នូវ​សម្ភារៈ​ដែល​ចាំបាច់​ទាំងឡាយ​»​។​
 
​កន្លងមក​ធ្លាប់មាន​អង្គការក្រៅរដ្ឋាភិបាល និង​ម្ចាស់ជំនួយ​ឯកជន​មួយចំនួន ដែល​ជួយ​ដល់​កម្មវិធី​រក្សា​សត្វ​ឃ្មុំ​នៅ​កម្ពុជា ដូចជា​មជ្ឈមណ្ឌល​សម្រាប់​អភិរក្ស​ជីវចម្រុះ​អង្គរ (ACCB)​ក្នុង​ខេត្តសៀមរាប គម្រោង​លើកកម្ពស់​វិស័យ​ឯកជន​ក្នុង​ខេត្តពោធិ៍សាត់ ដែល​ឧបត្ថម្ភ​ដោយ​អង្គការ​GTZ និង​គម្រោង​អភិវឌ្ឍន៍​កសិពាណិជ្ជកម្ម​កម្ពុជា ក្នុង​ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ ដែល​គាំទ្រ​ដោយ NZAID ប៉ុន្តែ​បច្ចុប្បន្ននេះ គម្រោង​ទាំងនេះ​បានបញ្ចប់​ទៅហើយ​។ កាលពី​ឆ្នាំ​២០១៣ មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន ARUN បាន​នាំចេញ​ទឹកឃ្មុំ​ព្រៃ​ចំនួន​៥០០​លីត្រ​ទៅកាន់​ប្រទេស​ជប៉ុន​ជា​លើកដំបូង​បង្អស់​៕
​សូម​ចុច​ទៅ​ប្រភពដើម​VOA ត្រង់នេះ​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com