សិល្បៈអន្តរជាតិ
អន្តរជាតិ
កម្ពុជាបានផ្លាស់ប្តូរការគិតរបស់ Angelina ពីមិនចង់បានកូនសោះ ឲ្យទៅជាមាតាគំរូម្នាក់លើលោក
× Angelina Jolie មានអាយុជាង២០ឆ្នាំ នាពេលមកកាន់ប្រទេសកម្ពុជាលើកដំបូងដើម្បីថតរឿង «Lara Croft: Tomb Raider»។ ព្រះរាជាណាចក្រអច្ឆរិយៈ គឺជាទឹកដីដែលបានផ្លាស់ប្តូរចិត្តរបស់តារាហូលីវូតរូបនេះ ឲ្យចេះស្រឡាញ់ក្មេង ហើយបច្ចុប្បន្ននាងមានកូនរហូតដល់ទៅ៦នាក់ ហើយរស់នៅយ៉ាងមានសុភមង្គលជាមួយលោក Brad Pitt ជាស្វាមី។ ក្នុងបទសម្ភាសមួយជាមួយភ្នាក់ងារព័ត៌មាន AP នាង Angelina បានបង្ហើបឲ្យដឹងថា កន្លងមក នាងមិនដែលធ្លាប់គិតថាមានដូចថ្ងៃនេះនោះឡើយ ជាពិសេសភាពជាមាតា។
ធំធាត់នៅក្នុងទីក្រុងឡូសអេនជឺឡែស សហរដ្ឋអាមេរិក តារាភាពយន្តហូលីវូត Angelina Jolie បានជួបរឿងរ៉ាវថ្មីៗជាច្រើននាអំឡុងវត្តមាននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០០០ ដើម្បីថតរឿង «Lara Croft: Tomb Raider» ។
តារាលំដាប់ពិភពលោករូបនេះ បានថ្លែងប្រាប់ AP ថា៖ «នៅពេលដែលខ្ញុំមកដល់កម្ពុជាជាលើកដំបូង ខ្ញុំមានការផ្លាស់ប្តូរ ជាពិសេសទស្សនវិស័យ។ ខ្ញុំបានមើលរឿងរ៉ាវជាច្រើនទាក់ទងនឹងប្រវត្តិសាស្ត្រ ដែលខ្ញុំមិនដែលធ្លាប់បានរៀននៅសាលា ហើយមានរឿងរ៉ាវជាច្រើនទៀតនៅក្នុងជីវិតដែលខ្ញុំត្រូវរៀនសូត្រ»។
Angelina បានបន្ថែមថា៖ «វាពិតជាចម្លែក ពីព្រោះខ្ញុំមិនដែលចង់បានកូននោះឡើយ។ ខ្ញុំមិនដែលធ្លាប់ចង់ពរពោះទាល់តែសោះ។ ភ្លាមៗនោះ វាច្បាស់ណាស់សម្រាប់ខ្ញុំដែលមើលឃើញថា កូនប្រុសរបស់ខ្ញុំ [ឈ្មោះ Maddox ដែលបានសុំសិទ្ធិចិញ្ចឹមពីកម្ពុជាកាលពីឆ្នាំ២០០២ ]គឺជាផ្នែកមួយនៅក្នុងប្រទេសនេះ»។
តាមរយៈបេសកកម្មមនុស្សធម៌ជាច្រើន រួមទាំងតួនាទីជាទូតសុច្ឆន្ទៈរបស់អង្គការ UNHCR ផងដែរនោះ Angelina បានមើលឃើញពីទុក្ខលំបាករបស់មនុស្សជាតិ។ ក្នុងនោះ តារាស្រីរូបនេះ មានការអាណិតអាសូរយ៉ាងខ្លាំងចំពោះពលរដ្ឋកម្ពុជា ដែលរស់នៅលើដីចម្ការមីន ដែលបានកប់ទុកនាអំឡុងសង្គ្រាមស៊ីវិល។
បច្ចុប្បន្ន Angelina កំពុងដឹកនាំការថតភាពយន្តមួយនៅកម្ពុជា ដែលមានចំណងជើងថា «First They Killed My Father» (ដំបូង ពួកគេសម្លាប់ឪពុករបស់ខ្ញុំ» ដោយផ្អែកតាមរឿងពិតរបស់អ្នកនិពន្ធ អ៊ឹង លឿង ដែលរៀបរាប់ពីទុក្ខលំបាកវេទនាក្នុងសម័យខ្មែរក្រហម។ Maddox អាយុ១៤ឆ្នាំ មានភារកិច្ចយ៉ាងធំក្នុងការជួយម្តាយចិញ្ចឹមរបស់ខ្លួនលើការផលិតរឿងនេះ។ Angelina បានរំលឹកថា Maddox គឺជាមនុស្សរបស់កម្ពុជា។
ក្រៅពី Maddox Chivan Jolie-Pittដែលជាកូនច្បង Angelina Jolie និង Brad Pitt មានកូនបង្កើត និងចិញ្ចឹម៥នាក់ទៀត ក្នុងនោះ មាន PaxThien (ប្រុសអាយុ១២ឆ្នាំពីវៀតណាម), Zahara Marley (ស្រីអាយុ១១ឆ្នាំពីអេក្យូពី), Shiloh Nouvel (ស្រីអាយុ៩ឆ្នាំពីណាមីប៊ី)និងកូនបង្កើតភ្លោះប្រុស-ស្រី Knox L’eonនិង Vivienne Marchelineដែលបានកើតនៅបារាំងកាលពីឆ្នាំ២០០៨ ៕
Tag:
Angelina Jolie
Brad Pitt
Maddox
© រក្សាសិទ្ធិដោយ thmeythmey.com