អន្តរជាតិ
កាសែតអន្តរជាតិចាប់អារម្មណ៍បង្គន់៤ម៉ឺនដុល្លារ សង់សម្រាប់ម្ចាស់ក្សត្រីយ៍ សិរិនថន ម្ចាស់ក្សត្រី សិរិនថន ពេលមកដល់ព្រលានយន្តហោះភ្នំពេញ។ ប្រភពរូបថត ហ្វេសប៊ុក Kem Gunnawadh
× បង្គន់តម្លៃ៤ម៉ឺនដុល្លារ ត្រូវបានសាងសង់ជាពិសេសសម្រាប់ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៅពេលព្រះអង្គធ្វើដំណើរទៅខេត្តរតនគីរី។ បង្គន់ដែលបំពាក់ដោយសម្ភារទំនើបៗនោះ នឹងប្រើប្រាស់ដោយព្រះអង្គម្ចាស់ក្សត្រីយ៍មួយអង្គតែប៉ុណ្ណោះ ហើយវានឹងត្រូវរុះរើចោលនៅពេលក្សត្រីយ៍អង្គនោះ យាងចាកចេញទៅវិញ។
កាសែតអន្តរជាតិធំៗ រួមមានទាំង The Guardian, Independent បានចាប់អារម្មណ៍យ៉ាងខ្លាំងលើបង្គន់តម្លៃជាង៤ម៉ឺនដុល្លារ ដែលត្រូវបានសាងសង់សម្រាប់ទទួលដំណើរព្រះ អង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៅខេត្តរតនគីរី ភាគឦសាននៃកម្ពុជា។ បង្គន់ប្រណិតនេះ សាងសង់ឡើងនៅក្បែរបឹងយក្សឡោម ដែលជាតំបន់ទេសចរណ៍ល្បីល្បាញមួយក្នុងខេត្តរតនគិរី។
បើតាម the guardian បង្គន់នេះមានទំហំ៨ម៉ែត្រការ៉េ ប្រក់ដោយក្បឿងពណ៌ស និងបំពាក់ម៉ាស៊ីនត្រជាក់។ ក្រុមហ៊ុនសំណង់ថៃ SCG បានទទួលខុសត្រូវសាងសង់ដោយចំណាយពេលសាងសង់រយៈពេលអស់១៩ថ្ងៃ។ បង្គន់នោះ គឺធ្វើថ្វាយសម្រាប់តែព្រះអង្គម្ចាស់ក្សត្រីយ៍ ដែលនឹងគង់សម្រាកនៅទីនោះ។
សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ក្សត្រីយ៍ថៃ មហាចក្រី សិរិនថន បានយាងមកបំពេញព្រះរាជទស្សនកិច្ច៣ថ្ងៃនៅកម្ពុជា គឺចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤កុម្ភៈនេះ។ ព្រះអង្គម្ចាស់ក្សត្រីយ៍នឹងយាងសម្ពោធសមិទ្ធផលមួយចំនួនក្នុងវិស័យអប់រំ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ព្រះអង្គម្ចាស់ក្សត្រីយ៍ក៏នឹងយាងប្រគល់អគារប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ នៅវិទ្យាល័យកំពង់ឈើទាលក្នុងខេត្តកំពង់ធំ ជូនលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ។ ក្រៅពីនេះ ព្រះអង្គម្ចាស់ក្សត្រីយ៍ ក៏នឹងយាងចូលរួមក្នុងព្រះរាជពិធីសម្ពោធមណ្ឌលសុខភាពនៅខេត្តរតនៈគិរី និងស្លាកឈ្មោះថ្មី នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលនៅក្នុងខេត្តកំពង់ធំដូចគ្នា។
បើតាមការសេចក្តីប្រកាសព័ត៌មានដដែល បន្ថែមថាព្រះអង្គម្ចាស់ក្សត្រីយ៍ក៏នឹងយាងទតសាលាបឋមសិក្សាមួយចំនួននៅតាមខេត្តនានាដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com