ជាតិ
កម្ពុ​ជាមាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង​១០០​គ្រឿង និង​កងកម្លាំង​ពន្លត់​ជិត​៦០០​នាក់​
23, Feb 2016 , 10:39 pm        
រូបភាព
រូបពីហ្វេសប៊ុកការិយាល័យនគរបាលពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ
រូបពីហ្វេសប៊ុកការិយាល័យនគរបាលពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ
​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ រដ្ឋាភិបាល​តែង​បង្កើន​ទាំង​ចំនួន​រថយន្ត​ពន្លត់​អគ្គិភ័យ ​និង​កម្លាំង​សមត្ថកិច្ច ដើម្បី​បង្ការ​និង​ពន្លត់​ការឆាបឆេះ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ យ៉ាងណា​ក៏ដោយចុះ រដ្ឋាភិបាល​ខ្លួនឯង នៅតែ​ទទួលស្គាល់ថា ចំនួន​នៃ​ការឆាបឆេះ នៅតែ​បន្ត​កើនឡើង​ដោយ​ឥត​ថយចុះ​។



​នាពេល​ប​ច្ច​ប្បន្ន​នេះ កម្ពុ​ជាមាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១២៨​គ្រឿង និង​កម្លាំង​សមត្ថកិច្ច​ចំនួន​៥៩៦​នាក់ នៅតាម​ស្ថានីយ​ពន្លត់​អគ្គិភ័យ​ទូទាំងប្រទេស​។ នេះ​បើតាម​របាយការណ៍​ឆ្នាំ​២០១៥ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

​ដើម្បី​ទប់ស្កាត់​ និង​ពន្លត់​ការឆាបឆេះ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធ​ខ្ពស់ រដ្ឋាភិបាល​គ្រោង​បង្កើន​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​បាន​២០០​គ្រឿង​បន្ថែមទៀត នៅពេល​ខាងមុខ​។ ម្យ៉ាងទៀត អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដែលជា​សេនាធិការ​របស់​ក្រសួងមហាផ្ទៃ ក៏​បន្ត​បណ្តុះបណ្តាល​មន្ត្រី​ពន្លត់​អគ្គិភ័យ បន្ថែមទៀត​ដែរ ដោយសារតែ​រដ្ឋាភិបាល​យល់ថា ចំនួន​កម្លាំង​ពន្លត់​អគ្គិភ័យ​ក្នុងពេល​បច្ចុប្បន្ននេះ នៅ​មិនទាន់​គ្រប់គ្រាន់​នោះទេ​។ 

​បើទោះបីជា​រដ្ឋាភិបាល ខិតខំ​ពង្រឹង​ជំនាញ​បច្ចេកទេស​ដល់​កម្លាំង​សមត្ថកិច្ ច​និង​បង្កើន​រថយន្ត​ពន្លត់​អគ្គិភ័យ​ពីមួយ​ឆ្នាំ​ទៅមួយ​ក៏ពិតមែន តែ​ចំនួន​នៃ​ការឆាបឆេះ មិនបាន​ថយចុះ នោះទេ។ ​ការឆាបឆេះ​នេះ បណ្តាលមកពី​មូលហេតុ​មួយចំនួន ដូចជាការឆ្លង​ចរន្តអគ្គិសនី និង​កា​រត​អគ្គិសនី​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស ព្រមទាំង​ការធ្វេសប្រហែស​របស់​ប្រជាពលរដ្ឋ​ ក្នុងការ​ប្រើប្រាស់ ​ភ្លើងទាន ​ធូប ឬចង្ក្រាន​។ លើសពីនេះទៅទៀត​នោះ ឧបសគ្គ​មួយចំនួន ដែល​រាំងស្ទះ​ដល់​ការ​ពន្លត់​អគ្គិភ័យ នៅតែ​កើតមាន​។

​ថ្លែង​ក្នុង​ទិវា​ជាតិ​បង្ការ ​និង​ពន្លត់​អគ្គិភ័យ កាលពី​ថ្លៃ​ទី​២២ កុម្ភៈ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្ន​ពេញ បាន​លើកឡើងថា រាល់​ពេលចេញ​ប្រតិបត្តិការ​នៃ​ការ​ពន្លត់​អគ្គិភ័យ សមត្ថកិច្ច​តែង​ជួប​ប្រទះ​នូវ​ឧបសគ្គ​មួយចំនួនធំ ហើយ​ឧបសគ្គ​ទាំងនោះ តែង​បង្ក​ផលប៉ះពាល់​ដល់​បេសកកម្ម​នៃ​ការ​ពន្លត់​អគ្គិភ័យ​។ បញ្ហា​ទី១គឺ​ការកកស្ទះ​ចរាចរណ៍ ដែល​បណ្តាល​ឲ្យ​ទៅដល់​កន្លែងកើតហេតុ​យឺតយ៉ាវ។ បញ្ហាទី២ សម្ភារ​បច្ចេកទេស​ និង​មធ្យោបាយ​នៃ​ការ​ពន្លត់​អគ្គិភ័យ​ នៅ​មិនទាន់​ឆ្លើយតប​ទៅនឹង​តម្រូវការ ជាពិសេស​ការបង្ការ ​និង​ការ​ពន្លត់​អគ្គិភ័យ​ចំពោះ​អគារ​ខ្ពស់ៗ​។ បញ្ហាទី៣ ផ្លូវ​មួយចំនួនមាន​លក្ខណៈ​តូចចង្អៀត ដែល​ពិបាក​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ ធ្វើដំណើរ​ចេញចូល ដើម្បី​ធ្វើ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ ជាពិសេស​តំបន់​ដែលមាន​សំណង់​មិន​រៀបរយជាដើម។​

​សូមបញ្ជាក់ថា  ក្នុង​ឆ្នាំ​២០១៥ គ្រោះមហន្តរាយ​អគ្គិភ័យ បាន​កើតឡើង​ចំនួន ៥៩០ លើក ​កើនឡើង​ច្រើនជាង ឆ្នាំ​២០១៤ ដោយ​ឆ្នាំ​២០១៤  បាន​កើតឡើង​ចំនួន ៥១៤ លើក និងបណ្តាល​ឲ្យ​មនុស្ស​សា្ល​ប់ ៣៥​នាក់​, របួសធ្ងន់​ស្រាល ២៨​នាក់​, ឆេះ​ផ្ទះ​៩៥៩​ខ្នង​, ឆេះ​តូប​ក្នុង​ផ្សារ ៤២១​តូប​, ឆេះ​ឃ្លាំង​ស្តុក​សម្ភារ ២, ឆេះ​យានដ្ឋាន ២៨, ឆេះ​ក្លឹប​កម្សាន្ត ១, ឆេះ​រថយន្ត​១៨​គ្រឿង​, ឆេះ​គោយន្ត​១០​គ្រឿង ព្រមទាំង​បំផ្លាញ​សម្ភារ​ផ្សេងៗ​ជាច្រើន​ទៀត​។ នៅក្នុងរយៈពេល​ជិត​២​ខែ ដើមឆ្នាំ​២០១៦​នេះ អគ្គិភ័យបាន​កើតឡើង​ចំនួន ២​លើក ដែល​បណ្តាល​ឲ្យ មនុស្ស​រងរបួស​២​នាក់ ឆេះ​ផ្ទះ​៧៧​ខ្នង​, ឆេះ​ឃ្លាំង​១, ឆេះ​រថយន្ត​៥​គ្រឿង​, ឆេះ​ម៉ូតូ​៤​គ្រឿង​៕


Tag:
 អគ្គិភ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com