ជាតិ
សង្កាត់​គោកចក​ប្រើ​វិធី​ពន្យល់​ពលរដ្ឋ​ដើម្បី​បង្ការ​គ្រោះថ្នាក់​នៃ​ចំណាកស្រុក​
27, Feb 2016 , 11:39 am        
រូបភាព
ដោយ:
 
​វ៉ាស៊ីនតោន​៖ កត្តា​ជីវភាព​បាន​ជំ​រុញឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក ប៉ុន្តែ​សម្រាប់​លោកស្រី យឹម ផល្លី ចៅសង្កាត់រង​ទីមួយ​នៃ​សង្កាត់​គោកចក ខេត្តសៀមរាប បាន​ខិតខំ​ពន្យល់​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់លោក​ស្រី ឱ្យ​យល់ដឹង​ពី​គ្រោះថ្នាក់​នៃ​ការធ្វើ​ចំណាកស្រុក ហើយ​ក្រើន​រំឭកថា ពលរដ្ឋ​គ្រប់រូប​ត្រូវមាន​ព័ត៌មាន​គ្រប់គ្រាន់ មុន​នឹងធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​។​


​លោកស្រី យឹម ផល្លី បានបញ្ជាក់​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​លទ្ធផល​នៃ​ការចុះ​ពន្យល់​ជាប្រចាំ​ធ្វើឱ្យ​សង្កាត់​របស់លោក​ស្រី​មាន​ចំនួន​អ្នកធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេសក្រៅ ជាពិសេស​ប្រទេស​ថៃ​មានការ​ធ្លាក់ចុះ​។​
 
​លោកស្រី យឹម ផល្លី បាន​បន្ថែមថា​ឧបសគ្គ​ក្នុង​ការធ្វើ​កសិកម្ម​បាន​ធ្វើឱ្យ​ពលរដ្ឋ​ត្រូវ​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​៖ «​កត្តា​ដែល​ជំ​រុញឱ្យ​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក​ខ្លាំងជាងគេ​គឺ​កត្តា​ជីវភាព​»​។​
​ប៉ុន្តែ លោកស្រី​បន្ថែមថា អ្វីដែល​ពួកគេ​ទទួលបាន​ក៏​មិន​ច្រើន​ដែរ​៖ «​ផល​ដែល​បានមកពី​ចំណាកស្រុក​តិចតួច មិន​ស្មើនឹង​កម្លាំង​ដែល​គាត់​បាន​ចេ​ញ‍​»​។​
 
​សេចក្តីរាយការណ៍​នានា​ឱ្យដឹងថា មាន​ពលរដ្ឋ​ខ្មែរ​ជាង​មួយ​លាន​នាក់​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ទាំង​ខុសច្បាប់ និង​ស្របច្បាប់​។ ក៏មាន​អ្នកខ្លះ​បាន​ផ្ញើរ​ថវិកា​មកជួយ​គ្រួសារ​វិញ ដែល​ជួយ​ជំរុញ​ដល់​សេដ្ឋកិច្ចជាតិ ហើយ​ក៏មាន​អ្នកខ្លះ​ត្រូវ​ចាញ់បោក​គេ និង​រង​ការ​ធ្វើបាប​ផ្លូវចិត្ត និង​រាងកាយ​ផងដែរ​។ 
 
​លោកស្រី មូរ សុខ​ហួរ អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​យល់ថា វិធី​នៃ​ការដោះស្រាយ​គឺមាន​តែ​ដំឡើង​ថវិកាជាតិ​សម្រាប់​ជួយ​ដល់​វិស័យ​សង្គម និង​រក្សា​ឱ្យមាន​តុល្យភាព​រវាង​វិស័យ​សង្គម និង​វិស័យ​ការពារជាតិ​។​
 
​លោកស្រី​បន្ថែមថា​៖«​ឥឡូវ​យើង​ឃើញ​វិស័យ​ការពារជាតិ​ខ្ពស់ជាង​វិស័យ​សង្គម នៅពេលដែល​សង្គម​យើង​កំពុងមាន​បញ្ហា ជាពិសេស​ប្រជាពលរដ្ឋ​យើង ជាពិសេស​យុវជន​របស់​យើង ជាពិសេស​ស្ត្រី​របស់​យើង ដែលជា​ជន​ងាយ​រងគ្រោះ និង​ក្លាយទៅជា​អ្នក​រង​គ្រោះ»​។​
 
​លោកស្រី​បន្ថែមថា អត្រា​នៃ​ការដោះស្រាយ​បញ្ហា​ភាពក្រីក្រ​របស់​រដ្ឋាភិបាល​មិនបាន​ឈោង​ទៅលើ​អ្វី​ដែលជា​សេចក្តីត្រូវការ​របស់​ប្រជាកសិករ និង​យុវជន​នៅឡើយ​ទេ​។​
​ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​ស្តីពី​ការយោគយល់​គ្នា​ជាមួយនឹង​ប្រទេស អារ៉ាប់​ប៊ី សា​អ៊ូ​ឌី​ត កាលពី​ពាក់កណ្តាល​ខែកុម្ភៈ ដើម្បី​រៀបចំ​ការចរចា​លើ​កិច្ចព្រមព្រៀង​ស្វែងរក​ការងារ​ធ្វើ​ដល់​ពលរដ្ឋ​កម្ពុជា​។​
 
​ប្រទេស អារ៉ាប់​ប៊ី សា​អ៊ូ​ឌី​ត បាន​រង​ការរិះគន់​ជា​អន្តរជាតិ​ពី​ការរំលោភបំពាន​លើ​ពលករ​ចំណាកស្រុក ជាពិសេស​ស្ត្រី​បម្រើ​តាម​ផ្ទះ​រហូតដល់​ប្រទេស​នេះ​ត្រូវធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​របស់ខ្លួន​។​
​អង្គការសិទ្ធិមនុស្ស Human Rights Watch យល់ថា ការកែប្រែ​ច្បាប់​ការងារ​ដែល​ប្រទេស​អារ៉ាប់​ប៊ី សា​អ៊ូ​ឌី​ត បានធ្វើ​នាពេល​ថ្មីៗ​នេះ​ប្រហែលជា​អាច​ទប់ស្កាត់​ការរំលោភបំពាន ដែល​ធ្លាប់មាន​ក្នុងពេល​កន្លងមក ប៉ុន្តែ​នៅតែ​មិនទាន់បាន​បញ្ចូល​ការការពារ​ដល់​អ្នកបម្រើ​តាម​ផ្ទះ ហើយ​មាន​លក្ខណៈ​រើសអើង​លើ​ស្ត្រី​។​
 
​លោកស្រី មូរ សុខ​ហួរ បាន​លើកសរសើរ​ដល់​ក្រសួង​ការងារ​ដែល​ខិតខំ​ស្វែងរក​ការងារ​ជូន​ដល់​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​បាន​ទាញ​ការចាប់អារម្មណ៍​លើ​បញ្ហា​មួយចំនួន​ដែល​លោកស្រី​យល់ថា បើ​មិន​មានការ​កំណត់ឱ្យ​ច្បាស់​ទេ ស្ត្រី​ខ្មែរ​នឹង​ក្លាយជា​ជនរងគ្រោះ​ក្នុងពេល​អនាគត​។​
 
«​ការប្រឈមមុខ​របស់​ស្ត្រី​ដែល​ធ្វើ​ការងារ​ក្នុងផ្ទះ​នៅ​ប្រទេស​អារ៉ាប់​ប៊ី សា​អ៊ូ​ឌី​ត គឺ​ដូចជា​ការធានា​មិនឱ្យ​មានការ​រំលោភ ធានា​មិន​ឱ្យគេ​យក​ប៉ាស្ព័រ ធានាឱ្យមាន​ការផ្តល់​ថ​វិកា​កម្រៃ​ប្រចាំខែ​ឱ្យ​ទៀងទាត់ ។​ល​។​និង​។​ល​។ ដែលមាន​ចែង​នៅក្នុង​កតិកា​រសញ្ញា ILO នោះ នៅ​ប្រទេស​អារ៉ាប់​ប៊ី សា​អ៊ូ​ឌី​ត គេ​មិន​បានគិត​អំពី​កត្តា​ទាំងអស់នោះ នៅក្នុង​ច្បាប់​ការងារ​របស់គេ​ទេ​សម្រាប់​ស្ត្រី​ធ្វើ​ការងារ​ក្នុង​ផ្ទ‍ះ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com