ជាតិ
មូលហេតុ​ធំៗ​នៅ​ពីក្រោយ​បំណង​រុះរើ​គណៈរដ្ឋមន្ត្រី​ពាក់កណ្ដាល​អាណត្តិ​
01, Mar 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​លិខិត​មិត្ត​អ្នកអាន សុខ សំបូរ អ្នកទីក្រុង​ភ្នំពេញ​

​ភ្នំពេញ​៖ ចាប់តាំងពី​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ ដែល​បក្ស​កាន់អំណាច​បច្ចុប្បន្ន​បានដឹងថា ប្រជាប្រិយភាព​របស់ខ្លួន​បាន​ថយចុះ​យ៉ាងគំហុក​គួរឱ្យភ្ញាក់ផ្អើល​មក ការប្ដេជ្ញាចិត្ត​មួយ​ដើម្បី​ធ្វើកំណែទម្រង់​លើ​ប្រព័ន្ធ​ដឹកនាំ​និង​គ្រប់គ្រង​រដ្ឋ ត្រូវបាន​ធ្វើឡើង​ដោយ​ថ្នាក់ដឹកនាំ​របស់​បក្ស​នេះ ដើម្បី​ស្ដារឡើងវិញ​នូវ​ប្រជាប្រិយភាព​របស់​ខ្លួន ឬ ទប់ស្កាត់​មិនឱ្យ​វា​ធ្លាក់ចុះ​លឿន​ពេក​។ វិធី​មួយចំនួន​ដែល​ត្រូវបាន​គេ​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​នេះ គឺ​ការផ្លាស់ប្ដូរ​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង មន្ត្រី​សំខាន់ៗ​មួយចំនួនទៀត ក្នុង​គណៈរដ្ឋមន្ត្រី​ថ្មី​របស់ខ្លួន​ក្នុង​អាណត្តិ​ទី​៥​នេះ​។ ក្រៅពីនេះ ក៏មាន​ការដក​អាជ្ញាធរ​និង​ស្ថាប័ន​មួយចំនួន​ដែល​ពីមុន​ស្ថិតនៅក្រោម​ទីស្ដីការគណរដ្ឋមន្ត្រី ទៅ​ដាក់​ក្រោម​ក្រសួង​ដែល​គេ​គិតថា វា​មាន​តួនាទី និង យុត្តាធិការ​ស្របគ្នា​។ ដើម្បី​គាំទ្រ​នូវ​កំណែទម្រង់​នេះ រដ្ឋាភិបាល​ថ្មី​បានធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ចាស់​មួយចំនួន និង បង្កើត​ច្បាប់​ថ្មី​មួយចំនួនទៀត​។ ទោះបីជា​យ៉ាងណាក៏ដោយ ក៏​មកដល់​ពាក់កណ្ដាល​អាណ​ត្តិ​ទី​៥​នេះ បញ្ហា​ធំ​មួយចំនួន​នៅតែ​មិនអាច​ដោះស្រាយបាន​។ តើ​មាន​មូលហេតុ​ចំបងៗ​អ្វីខ្លះ បានជា​ដូច្នេះ​?


 
​បើ​យោងតាម​តថភាព​សង្គម សេដ្ឋកិច្ច នយោបាយ និង យោងតាម​ប្រតិកម្ម​របស់​ប្រមុខ​រដ្ឋាភិបាល ក៏ដូចជា អ្នកតាមដាន​និង​អ្នកវិភាគ​មួយចំនួន ពួកគេ​បាន​មើលឃើញថា មូលហេតុ​ចំបងៗ ដែល​រាំងស្ទះ​ដល់​ការអនុវត្ត​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ មានដូចជា​៖    
 
1.​ ​ភាព​អសកម្ម​របស់​រដ្ឋមន្ត្រី ឬ ប្រធាន​ស្ថាប័ន​មួយចំនួន​។ នេះ​បើតាម លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ការណ៍​ដែល​រដ្ឋមន្ត្រី ឬ ប្រធាន​ស្ថាប័ន​មួយចំនួន​មិនសូវ​សកម្ម​នឹង​ការងារ​នោះ ត្រូវបាន​គេ​មើលឃើញថា ទី​១ ដោយសារតែ​ពួកគេ​ធ្វើ​ការងារ​ដដែល​នេះ​យូរ​ឆ្នាំ​មកហើយ រហូតដល់​លែងមាន​អារម្មណ៍​រំភើប​នឹង​ការងារ​នេះ​ទៅហើយ​, ទី​២ ពួកគេ​មិនទាន់​ផ្ដាច់​អារម្មណ៍​ពី​ការ​លង់លក់​នឹង​ជោគជ័យ​ផ្ទួនៗ​និង​ទម្លាប់​ធ្វើការ​មិនសូវ​សកម្ម​បែបនេះ ប៉ុន្មាន​អាណត្តិ​កន្លងមកហើយ​, ទី​៣ បើទោះបីជា​ពួកគេ​ធ្វើ​អ្វី​ខុស ឬ មិន​សកម្ម ក៏​គ្មាន​អ្នក​ហ៊ាន​ធ្វើ​អី​ពួ​គេ​ដែរ​, ទី​៤ អាចមកពី​ពួកគេ​ឱ្យ​តម្លៃ​ការងារ​ផ្សេង​ជាង​ការងារ​រដ្ឋ​...​។  
 
2.​ ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​មួយចំនួន មាន​វ័យចាស់​ពេក ដែល​ខ្សោយ​ទាំង​កម្លាំងកាយ បញ្ញា និង ស្មារតី​។
 
3.​ ​ការប្រើប្រាស់​ធនធានមនុស្ស​មិនបាន​ត្រឹ​ត្រូវ ឬ មិន​ចំ​គោលដៅ ដូចជា ការរៀបចំ​ថ្នាក់ដឹកនាំ​និង​មន្ត្រី មិនត្រូវ​តាម​ជំនាញ សមត្ថភាព បទពិសោធ និង ទំនោរ​របស់​ពួកគេ ជាពិសេស ចំពោះ​មន្ត្រី​ដែលមាន​សិទ្ធិ​ធ្វើ​សេចក្ដីសម្រេចចិត្ត​ក្នុង​ក្រសួង ស្ថាប័ន​នីមួយៗ​។ ផ្ទុយទៅវិញ ការរៀប​ចំនេះ ត្រូវបាន​គេ​ធ្វើឡើង​ដោយ​ផ្អែក​តែ​លើ​សាច់ញាតិ និង កូតា​ខ្លាំងពេក ទាំង​កូតា​ក្រៅ​បក្ស និង កូតា​ក្នុង​បក្ស ។​
 
4.​ ​ឥទ្ធិពល​នៃ​អំពើពុករលួយ​អាច នៅតែ​បន្ត​វាយលុក​មកលើ​ប្រព័ន្ធ​ដឹកនាំ​និង​គ្រប់គ្រង​របស់​កម្ពុជា បើទោះបីជា​បច្ចុប្បន្ន មានច្បាប់​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏ដោយ​។ 
 
5.​ ​រចនាសម្ព័ន្ធ និង ការអនុវត្ត​នីតិវិធី​ការងារ មិន​ស៊ីសង្វាក់​គ្នា និង មិន​បម្រើ​ឬ​គាំទ្រ​ឱ្យ​គ្នា​ទៅវិញទៅមក​រវាង​ថ្នាក់លើ​និង​ថ្នាក់ក្រោម ក៏ដូចជា មិន​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង មិនអាច​ដោះស្រាយ​បញ្ហា​បាន​ទាន់ពេលវេលា និង ប្រកបដោយ​ប្រសិទ្ធភាព​។ ឧទាហរណ៍ បទបញ្ជា​ថ្នាក់លើ​ផ្សេង ថ្នាក់ក្រោម​ធ្វើ​ផ្សេងៗ​, ថ្នាក់ក្រោម ស្នើ ឬ ធ្វើ​របាយការណ៍​ទៅលើ តែ​ខាងលើ​មិន​ដោះស្រាយ​។​
 
6.​ ​ទំនាស់​ផលប្រយោជន៍​រវាង​ថ្នាក់លើ​និង​ថ្នាក់ក្រោម​។ ដោយសារតែ ភាពមិនស្មោះត្រង់ អាត្មានិយម និង កង្វះ​តម្លាភាព នាំឱ្យ​ថ្នាក់លើ​និង​ថ្នាក់ក្រោម  លាក់លៀម​ព័ត៌មាន​គ្នា​ទៅវិញទៅមក ជាពិសេស ព័ត៌មាន​ទាក់ទង​នឹង​ផលប្រយោជន៍​។ ឧទាហរណ៍ ថ្នាក់លើ​ព្យាយាម​លាក់​បំបាំង​ព័ត៌មាន​ទាក់ទង​នឹង​ការទទួលបាន​ប្រាក់ឧបត្ថម្ភ និង ផ​លាភ​ផ្សេងៗ ដែល​ថ្នាក់ក្រោម ឬ មន្ត្រី​ម្នាក់ៗ​ត្រូវ​ទទួលបាន​។ ឯ​ថ្នាក់ក្រោម​វិញ ព្យាម​លាក់​ចំណូល​ដែល​ខ្លួន​ទទួលបាន​សម្រាប់​ជា​ចំណូល​ថវិការដ្ឋ ជាពិសេស ចំពោះ​ក្រសួង​ស្ថាប័ន ដែល​រកចំណូលបាន ដូចជា ស្ថាប័នគយ ស្ថាប័ន​ពន្ធដារ រដ្ឋាករ​ស្វយ័ត អាជ្ញាធរ ឬ ស្ថាប័ន​មួយចំនួនទៀត​។ ក្រោ​ពីនេះ ទាំង​ថ្នាក់លើ​និង​ថ្នាក់ក្រោម ត្រូវបាន​មហាជន​មើលឃើញថា សុទ្ធ​តែមាន​វិធី​រៀងៗ​ខ្លួន​ក្នុង​ការបន្លំ​ចំណូល​និង​ចំណាយ​របស់​ស្ថាប័ន ដើម្បី​កេងចំណេញ​ប្រាក់​ពី​ស្ថាប័ន​សម្រាប់​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។    
 
7.​ ​មន្ត្រី​មួយចំនួន​របស់​បក្ស​កាន់អំណាច ត្រូវគេ​ចោទប្រកាន់ថា បាន​ផ្ដោតលើ​ផលប្រយោជន៍​បុគ្គល ផលប្រយោជន៍​ក្រុម និង ផលប្រយោជន៍​គណបក្ស ច្រើនជាង​ផលប្រយោជន៍​ជាតិ​។ កត្តា​នេះ ត្រូវបាន​បក្សប្រឆាំង សង្គម​ស៊ីវិល អ្នកវិភាគ និង មហាជន តែងតែ​លើក​ឡើងជា​ប្រធាន​ក្ដៅ និង តស៊ូ​មតិ ដើម្បីឱ្យ​មានការ​កែទម្រង់​។ កន្លងមក មន្ត្រី ឬ អ្នកមាន​តួនាទី​ធំៗ ត្រូវបាន​គេ​ចោទថា មាន​ខ្សែបណ្ដោយ​ដើម្បី​ទាញ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ពីលើ​ដល់​ក្រោម​។  
 
8.​ ​ទម្លាប់​នៃ​ការធ្វើការងារ​តាម​បញ្ជា អនុសាសន៍​របស់​ថ្នាក់លើ និង ឆន្ទៈ​ផ្ទាល់ខ្លួន ជាជាង​ធ្វើតាម​ផែនការ គោលការណ៍ និង ច្បាប់​រដ្ឋ​។ ទម្លាប់​អាក្រក់​បែបនេះហើយ ដែល​ធ្វើឱ្យ​ការដឹកនាំ​និង​ការគ្រប់គ្រង​មាន​ភាពមិនច្បាស់លាស់​, ច្បាប់ ស្ថាប័ន មន្ត្រីរាជការ និង អាជ្ញាធរ មិនសូវមាន​តម្លៃ​និង​មិនគួរ​ឱ្យ​គោរព​។ ហេតុនេះហើយ​បានជា​ជារឿយៗ​មានការ​រិះគន់ ការតវ៉ា និង ការប្រឆាំង​តាម​រូបភាព​ផ្សេងៗ​។  
 
9.​ កង្វះ​យន្តការ​ត្រួតពិនិត្យ តាមដាន វាយតម្លៃ និង វិនិច្ឆ័យ ឬ កាត់ក្ដី ប្រកបដោយ​វិជ្ជាជីវៈ​(​ដែល​ផ្អែកលើ​ច្បាប់​និង​សីលធម៌​) ម៉ឺងម៉ាត់ ប្រសិទ្ធភាព តម្លាភាព យុត្តិធម៌ និង ឯករាជ្យ​។ បច្ចុប្ប្ន​ថ្វីបើ យន្តការ​នានា ដូចជា ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋសភា សវនកម្ម​ជាតិ តុលាការ និង អាជ្ញាធរ​មួយចំនួន មាន​អត្ថិភាព​នៅ​កម្ពុជា​ក៏ពិតមែន ប៉ុន្តែ ក៏​យន្តការ ឬ បុគ្គល​មានអំណាច​នៅក្នុង​ស្ថាប័ន​ទាំងនោះ មិនបាន​បំពេញ​តួនាទី​របស់ខ្លួន​ឱ្យបាន​ត្រឹ​ត្រូវ​ដែរ ពី​ព្រោះតែ​ភាពលម្អៀង បុរេនិច្ឆ័យ បក្សពួកនិយម ផលប្រយោជន៍​និយម សម្ពាធ​នយោបាយ និង អំពើពុករលួយ​។​
 
​ចំណុច​ទាំងអស់​នេះហើយ ដែល​ធ្វើឱ្យមាន​ឧបសគ្គ​ចំពោះ​គោលនយោបាយ​កំណែទម្រង់​របស់​រដ្ឋាភិបាល និង ជំរុញ​ឱ្យ​មហាជន សង្គម​ស៊ីវិល និង បក្សប្រឆាំង​បន្ត​រិះគន់​ចំៗ​មកលើ​រដ្ឋាភិបាល ដែល​ធ្វើឱ្យ លោក នាយ​ល​រដ្ឋមន្ត្រី ហ៊ុន សែន មិន​សប្បាយចិត្ត ហើយ​ចង់​រុះរើ​គណៈរដ្ឋមន្ត្រី​ពាក់គណ្ដាល​អាណត្តិ​។ យោងតាម​ភាពស្មុគស្មាញ​នៃ​ប្រព័ន្ធ​បែងចែក​អំណាច​ផ្ទៃក្នុង​របស់​បក្ស​កាន់អំណាច គេ​មើលឃើញថា ការរុះរើ​គណៈរដ្ឋមន្ត្រី​ពាក់គណ្ដាល​អាណត្តិ ពិតជា​ពិបាក​នឹង​សម្រេច​ទៅបាន​ដោយ​រលូន​ណាស់ លុះត្រា​តែមាន​មហាសន្និបាទ​វិសាមញ្ញ ឬ ការជជែក​គ្នា​ផ្ទៃក្នុង​បក្ស​ឱ្យបាន​ចុះ​ស្រុង​គ្នា បើ​មិន​ដូច្នោះ​ទេ ការ​អាក់អន់ចិត្ត និង ការបែកបាក់ អាច​នឹង​កើតឡើង​។ ប៉ុន្តែ ការដោះដូរ ឬ ការជួសជុល​លើ​ផ្នែក​ខ្លះៗ​នៃ​គណៈរដ្ឋមន្ត្រី ពិតជា​អាចធ្វើ​ទោះ​បាន​។ 
 
​តាមពិតទៅ ការដោះដូរ​អ្នកដឹកនាំ​និង​អ្នកគ្រប់គ្រង វា​សំខាន់​ហើយ ប៉ុន្តែ ការផ្លាស់ប្ដូរ​រៀប​ដឹកនាំ របៀប​គ្រប់គ្រង ផ្នត់គំនិត ទម្លាប់​ក្នុងការ​បំពេញការងារ នីតិវិធី ច្បាប់ បទដ្ឋាន​គតិយុត្ត និង ការអនុវត្ត​ការងារ​ក៏​រឹតតែ​សំខាន់​ថែមទៀត​។ ឧទាហរណ៍ បើទោះបីជា​យក​អ្នកបើកបរ​យន្តហោះ ឱ្យទៅ​បើកបរ​ឡាន ក៏​ឡាន​នោះ​មិនអាច​ហោះ​បានដែរ ពីព្រោះ​ប្រព័ន្ធ​របស់​ឡាន​វា​មិនអាច​ហោះ​បានទេ​។ ដូច្នេះ កំណែទម្រង់ ឬ ការដោះដូរ ត្រូវតែ​ធ្វើ​ទាំង​ខាងក្នុង​និង​ខាងក្រៅ ឬ ទាំង​ទម្រង់ ទាំង​ខ្លឹមសារ ទើប​អាច​សម្រេច​ជោគជ័យ​បាន​៕          

© រក្សាសិទ្ធិដោយ thmeythmey.com