ជាតិ
កុមារ​ជនជាតិដើម​ភាគតិច​ប៉ែក​ឦសាន​ទទួលបាន​ការបណ្តុះបណ្តាល​ពហុ​ភាសា​
05, Mar 2016 , 9:00 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ដាក់​ឲ្យ​អនុវត្ត​ផែនការ​ជាតិ​ស្តីពី​ការអប់រំ​ពហុ​ភាសា ដែល​អាច​ឲ្យ​កុមារ​ជនជាតិដើម​ភាគតិច ទទួលបាន​ការអប់រំ ដោយ​ប្រើប្រាស់​ភាសា​កំណើត​របស់ខ្លួន​។ នៅក្នុង​ផែនការ​នេះ ក្រសួង​អប់រំ​ក៏​នឹង​បង្កើន​សាលារៀន​បន្ថែមទៀត ជាមួយ​ការបណ្តុះបណ្តាល​គ្រូ និង​ការរៀបចំ​ឯកសារ​បង្រៀន សម្រាប់​កម្មវិធី​អប់រំ​ពហុ​ភាសា នៅ​ខេត្ត​ប៉ែក​ឦសាន​។​


​ចាប់ពីពេលនេះ​តទៅ កុមារ​ជនជាតិដើម​ភាគតិច​កម្ពុជា អាច​ទទួលបាន​ការអប់រំ ដោយ​ការប្រើប្រាស់​ភាសា​កំណើត​របស់​ពួកគេ​នៅតាម​សាលារៀន​។ នេះ​បើតាម​ការ​ថ្លែង​របស់លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អបរំ យុវជន និង​កីឡា ក្នុង​សិក្ខាសាលា​ស្តីពី​ផែនការ​ជាតិ​សម្រាប់​ការអប់រំ​ពហុ​ភាសា កាលពី​ថ្ងៃទី​១​ខែមីនា​។

​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា កម្មវិធី​អប់រំ​ពហុ​ភាសា​មាន​សារៈសំខាន់ ក្នុងការ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព សម្រាប់​ការអប់រំ​ប្រកប​សមធម៌ និង​គុណភាព​នៅ​កម្ពុជា​។ លោក​បន្តទៀតថា តាមរយៈ​កម្មវិធី​នេះ  កុមារ​ជនជាតិដើម​ភាគតិច​នឹងមាន​ឱកាស​បាន​រៀនសូត្រ​តាម​សាលារៀន​ប្រកបដោយ​ប្រសិទ្ធភាព និង​យល់​ពីអ្វី​ដែល​គ្រូ​របស់គេ​និយាយ​ក្នុង​ថ្នាក់រៀន​។ ផែនការ​ជាតិ​ស្តីពី​ការអប់រំ​ពហុ​ភាសា​នេះ ត្រូវបាន​ដាក់​ឲ្យ​អនុវត្ត​ចាប់ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៨ ។​

​តាមរយៈ​ផែនការ​ជាតិ​ស្តីពី​ការអប់រំ​ពហុ​ភាសា​មួយ​នេះ ក្រសួង​អប់រំ នឹង​បង្កើន​ចំនួន​សាលារៀន​បន្ថែមទៀត បណ្តុះបណ្តាល​គ្រូ និង​រៀបចំ​ឯកសារ​បង្រៀន សម្រាប់​កម្មវិធី​អប់រំ​ពហុ​ភាសា នៅ​ខេត្ត​ប៉ែក​ឦសាន​នៃ​ប្រទេស​កម្ពុជា​ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និង​ព្រះវិហារ​។ ហើយ​ក្រសួង​នឹង​សម្រេច​ឲ្យ​បានការ​បង្កើន​សា​លាម​ត្តេ​យ្យ​អប់រំ​ពហុ​ភាសា​ចំនួន ៨៨​ភាគរយ ស្មើរ ៦៤ សាលា និង​សាលាបឋមសិក្សា​ពហុ​ភាសា​ឲ្យ​បាន ១០០ ភាគរយ ស្មើរ ១០៨ សាលា ត្រឹម​ឆ្នាំ​២០១៨​ខាងមុខ​។​

​គួរ​បញ្ជាក់ថា ផែនការ​អប់រំ​ពហុ​ភាសា​នេះ មានការ​គាំទ្រ​ពី​អង្គការ​យូ​នី​សេ​ហ្វ និង​អង្គការ​ឃែ​រ ដែល​ក្នុងពេល​បច្ចុប្បន្ននេះ កម្មវិធី​អប់រំ​ពហុ​ភាសា​ត្រូវបាន​អនុវត្ត​ក្នុង​ខេត្ត​ចំនួន​៥ សម្រាប់​សិស្ស​ម​ត្តេ​យ្យ​សិក្សា និង​ក្នុង​ខេត្ត​ចំនួន​៤ សម្រាប់​សិស្ស​នៅ​បឋមសិក្សា​។ ហើយ​មាន​កុមារ​ជាង ៥៥០០​នាក់ កំពុង​រៀនសូត្រ​នៅតាម​សា​លាម​ត្តេ​យ្យ និង​សាលាបឋមសិក្សា ដែល​អនុវត្ត​កម្មវិធី​អប់រំ​ពហុ​ភាសា ដោយ​ប្រើប្រាស់​ភាសា​ជនជាតិដើម​ភាគតិច​ចំនួន​៥​គឺ ព្រៅ ទំពួន គ្រឹ​ង កា​វ៉ែត និង​ព្នង​។ ជាមួយគ្នានេះ គ្រូបង្រៀន​ចំនួន ១៥០​នាក់ ទទួលបាន​ការបណ្តុះបណ្តាល​ពេញលេញ​អំពី​ការអប់រំ​ពហុ​ភាសា​។​


Tag:
 អប់រំ​
  ជនជាតិភាគតិច
© រក្សាសិទ្ធិដោយ thmeythmey.com