ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យជាច្រើនទាំងសេដ្ឋកិច្ចក្ដី ទាំងនយោបាយក្ដី ហើយតួនាទីរបស់ស្ត្រីពិតជាមិនអាចខ្វះបាន។ យោងតាមទស្សនាវដ្តី Forbes ឆ្នាំ ២០១៥ ខាងក្រោមនេះ ជាស្ត្រីទាំងប្រាំដែលមានតួនាទីសំខាន់លើវិស័យនយោបាយ ដែលភាគច្រើនកាន់តំណែងជាមេដឹកនាំកំពូល ដែលមានសិទ្ធិសម្រេចលើវាសនាប្រទេសនីមួយៗ។
១. អែនជេឡា មែរគែល (Angela Merkel)
អធិការបតីអាល្លឺម៉ង់លោកស្រី អែនជេឡា មែរគែល ស្ថិតនៅលំដាប់ទីមួយនៃស្ត្រីមានឥទ្ធិពលជាងគក្នុងវិស័យនយោបាយ។ វាមិនមែនជាដែលត្រូវភ្ញាក់ផ្អើលនោះទេ ដែលលោកស្រី មែរគែល លេចធ្លោលើនយោបាយអន្តរជាតិ ព្រោះលោកស្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាធំៗទាំងក្នុងតំបន់អឺរ៉ុបនិងអន្តរជាតិ ដែលរាប់ទាំងវិបត្តិបំណុលក្រិក វិបត្តិជនភៀសខ្លួន និងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករជ្រុលនិយមជាដើម។ លោកស្រីក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយវិបត្តិរុស្សីនិងអ៊ុយក្រែនផងដែរ។
២. ហ៊ីលឡារី គ្លីនតុន (Hillary Clinton)
ស្ថិតនៅក្រោយលោកស្រី មែរគែល គឺអតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី ហ៊ីលឡារី គ្លីនតុន។ លោកស្រី ត្រូវគេមើលឃើញថា កំពុងនាំមុខក្នុងចំណោមបេក្ខជនបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក។ លោកស្រី គ្លីនតុន ជាស្ត្រីអាមេរិកដំបូងគេតែមួយគត់ដែលជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា មុននឹងក្លាយជារដ្ឋមន្ត្រីការបរទេសក្នុងអាណត្តិលោក បារ៉ាក់ អូបាម៉ា។
៣. ឌីលម៉ា រ៉ូសេហ្វ (Dilma Rosseff)
លំដាប់ទីបីនៃបញ្ជីគឺប្រធានាធិបតីស្ត្រីទីមួយរបស់ប្រេស៊ីលលោកស្រី ឌីលម៉ា រ៉ូសេហ្វ មកពីតំបន់អាមេរិកឡាទីន។ លោកស្រីជាមេដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេក្នុងតំបន់ ដែលជាប់ឆ្នោតជាប្រធានាធិបតីនៅឆ្នាំ២០១០។ យ៉ាងណាក្ដី នៅដើមអាណត្តិទីពីរ ប្រជាប្រិយភាពរបស់លោកស្រីហាក់បានធ្លាក់ចុះ ហើយលោកស្រីកំពុងតែប្រឈមមុខនឹងការស៊ើបអង្កេតករណីពុករលួយផងដែរ។
៤. មីឈែល អូបាម៉ា (Michel Obama)
ស្ត្រីទីមួយអាមេរិកលោកស្រី មីឈែល អូបាម៉ា ក៏ស្ថិតក្នុងបញ្ជីស្ត្រីដែលមានឥទ្ធិពលក្នុងវិស័យនយោបាយផងដែរ។ ជាភរិយាលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីនៃមហាអំណាចពិភពលោក លោកស្រីបានរួមចំណែកយ៉ាងច្រើនក្នុងវិស័យសង្គមកិច្ចរបស់អាមេរិក។ លោកស្រីបានធ្វើដំណើរទៅកាន់ប្រទេសមួយចំនួន ជាពិសេស កាលពីឆ្នាំមុន លោកស្រីធ្វើដំណើរមកអាស៊ីអាគ្នេយ៍ និងបានជំរុញគំនិតផ្ដួចផ្ដើម ដែលសំដៅដល់ការជំរុញឲ្យក្មេងស្រីទទួលបានការអប់រំ និងពង្រឹងការរស់នៅរបស់ស្ត្រីវ័យក្មេងទាំងនោះ។
៥. ប៉ាក ហ្គឺនហេ (Park Geun Hye)
លំដាប់ទីប្រាំបានទៅលើប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ប៉ាក ហ្គឺនហេ។ លោកស្រីជាប្រធានាធិបតីស្ត្រីដំបូងគេរបស់ប្រទេសនៅអាស៊ីខាងកើត ដែលជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទី១២មួយនេះ។ ក្នុងអាណត្តិរបស់លោកស្រី បញ្ហាជាច្រើនលេចជារូបរាង ជាពិសេសនោះសកម្មភាពបង្កហេតុរបស់កូរ៉េខាងជើង និងបញ្ហាអំពើពុករលួយក្នុងជួរដ្ឋាភិបាល។ ការលិចកប៉ាល់ Sewol នៅឆ្នាំ២០១៤ ធ្វើឲ្យលោកស្រី ប៉ាក ឈឺក្បាលយ៉ាងខ្លាំង ហើយនាយករដ្ឋមន្ត្រីពីររូបរបស់លោកស្រី ត្រូវលាលែង ក្រោយហេតុការណ៍នេះ។ យ៉ាងណាក្ដី ក្នុងអាណត្តិរបស់លោកស្រី ប៉ាក កូរ៉េខាងត្បូងមានទំនាក់ទំនងល្អជាមួយចិននិងជប៉ុន ដែលកន្លងមកតែងមានទំនាក់ទំនងមិនជាល្អប៉ុន្មាននោះទេ។