ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល​នឹង​បង្កើន​ប្រាក់បៀវត្ស​ជូន​ភរិយា​និង​កូន​របស់​មន្ត្រីរាជការ​
08, Mar 2016 , 12:41 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ប្រកាស​ដំឡើង​ប្រាក់ឧបត្ថម្ភ​ជូន​ភរិយា​និង​កូន​របស់​មន្ត្រីរាជការ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​។  អ្នកតាមដាន​ស្ថានការណ៍​នយោបាយ បាន​សាទរ​ចំពោះ​វិធានការ​នេះ​។​



​ជា​កាដូ​ពិសេស​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ទិវា​សិទ្ធិនារី​អន្តរជាតិ សម្តេច ហ៊ុន សែន បានប្រកាស​បង្កើន​ប្រាក់បៀវត្ស​ដល់​ភរិយា​និង​កូន របស់​មន្ត្រីរាជការ រួមទាំង​កងកម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់​ថ្នាក់​។ ប្រមុខ​រដ្ឋាភិបាល បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ រួចរាល់​ហើយ​ថា គម្រោង​នេះ នឹង​ចាប់ផ្តើម​អនុវត្ត ក្នុង​ឆ្នាំ​២០១៦ ឬ​ឆ្នាំ​២០១៧ ។ ការ​ថ្លែង​របស់​នាយករដ្ឋមន្ត្រី​បែបនេះ ធ្វើឡើង​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​១០៥ នៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ នៅ​វិមាន​សន្តិភាព នាពេល​ព្រឹក​ថ្ងៃទី​៨ មីនា​នេះ​។​
 
​សម្តេច​បានបញ្ជាក់​បែប​នេះ​ថា​៖«​បើ​មិនបាន​ឆ្នាំនេះ នៅ​ឆ្នាំ​២០១៧ នឹង​អាច​ដោះស្រាយបាន​។ [.......] ហើយ​នៅ​ឆ្នាំ​ក្រោយនេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា សមាជិក សមាជិកា​នៃ​រាជរដ្ឋាភិបាល ត្រូវ​រៀបចំ​ថវិកា​យ៉ាងណាក៏ដោយ ដើម្បី​បង្កើន​ឲ្យ​ខាន​តែ​បាន ទោះ​តិច​ទោះ​ច្រើន ចំពោះ​ភរិយា និង​កូនៗ របស់​មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ​របស់​យើង​»​។ 
 
​យ៉ាងណា​ក៏ដោយចុះ នាយករដ្ឋមន្ត្រី​រូបនេះ មិនបាន​បញ្ជាក់ថា ប្រាក់ឧបត្ថម្ភ​សម្រាប់​ភរិយា​និង​កូន​របស់​មន្ត្រីរាជការ​នេះ នឹងត្រូវ​បង្កើន​ប៉ុន្មាន​នោះទេ តែ​លោក​អះអាងថា រាជរដ្ឋាភិបាល​នឹង​បន្ថែម​ប្រាក់ឧបត្ថម្ភ​ឲ្យ​បាន​សមរម្យ សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​។​
 
​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា បាន​សម្តែង​ការ​ត្រេកអរ ដែល​រាជរដ្ឋាភិបាល​កម្ពុជា យកចិត្តទុកដាក់​ចំពោះ​ជីវភាព​របស់​ភរិយា​និង​កូន​មន្ត្រីរាជការ​។ លោក​ថា ការបន្ថែម​ប្រាក់ឧបត្ថម្ភ​នេះ នឹង​អាច​ធានា​នូវ​ការចាយវាយ​ប្រចាំថ្ងៃ​របស់​ពួកគេ ព្រមទាំង​ធ្វើ​ឲ្យ​ជីវភាព​មាន​លំនឹង ផងដែរ​។​
 
​ទន្ទឹមនឹង​ការស្វាគមន៍​នេះ លោក សូ ចន្ថា ក៏បាន​ស្នើ​ឲ្យ​រាជ​រដ្ឋ​ភិ​បាល​ពង្រឹង​គណនេយ្យភាព​និង​តម្លាភាព​នៅ​គ្រប់​ស្ថាប័ន​របស់​រដ្ឋ ដើម្បី​ធានាថា ការអនុវត្ត​គម្រោង​នេះ នឹង​ដំណើរ​ដោយ​រលូន​។ អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​រូបនេះ បាន​បន្ថែមថា ដើម្បី​ចៀសវាង​ការជួប​បញ្ហា នៅពេល​ដំឡើង​ប្រាក់ឧបត្ថម្ភ រដ្ឋាភិបាល​ត្រូវ​ព្យាយាម​លុបបំបាត់​នូវ​អំពើ​ពុ​យ​រលួយ​ឲ្យ​បាន ជាពិសេស​ទាក់ទង​នឹង​ការប្រមូល​ពន្ធដារ តែម្តង​៕

Tag:
 ហ៊ុន សែន​
  ប្រាក់បៀវត្ស
© រក្សាសិទ្ធិដោយ thmeythmey.com