អន្តរជាតិ
កូរ៉េខាងត្បូងប្រជុំបន្ទាន់ ក្រោយកូរ៉េខាងជើងវាយប្រហារប្រព័ន្ធSmartphones
× កូរ៉េខាងជើង បានវាយប្រហារប្រព័ន្ធទូរសព្ទ Smartphone របស់ប្រជាជនកូរ៉េខាងត្បូងដែលភាគច្រើន ជាមន្ត្រីរដ្ឋាភិបាល ដោយពួកគេបានលួចចូលមើលសារ និងស្តាប់សំឡេងសន្ទនារបស់ប្រជាជនទាំងនោះ។ នេះបើយោងតាមភ្នាក់ព័ត៌មាន Yonhap ដែលដកស្រង់ចេញពីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង។
ភ្នាក់ងារចារកម្មជាតិកូរ៉េខាងត្បូង បានប្រកាសកិច្ចប្រជុំជាបន្ទាន់មួយដើម្បីត្រួតពិនិត្យលើកប្រព័ន្ធគ្រប់គ្រងរបស់ភ្នាក់ងាររដ្ឋាភិបាលដើម្បីប្រឆាំងនឹងការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺរនែតដែលមានការចូលរួមពីក្រសួងចំនួន១៤ ដែលរាប់បញ្ចូលទាំងមន្ត្រីសម្របសម្រួលគោលនយោបាយ អ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និងក្រសួងការពារជាតិ និងវិទ្យាសាស្ត្រផងដែរ។
បើយោងតាមភា្នក់ងារចារកម្មជាតិកូរ៉េខាងត្បូង កូរ៉េខាងជើង បានវាយប្រហារនិងលួចចូលប្រព័ន្ធទូរសព្ទ Smartphone ដែលរួមបញ្ចូលទាំងការផ្ញើរសារ និងសន្ទនារបស់មន្ត្រីរដ្ឋាភិបាលសំខាន់១០រូបក្នុង ចន្លោះខែកុម្ភៈ និងដើមខែ មីនាថ្មីៗនេះ។
តាមពិតទៅ ការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺរនែតនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយកូរ៉េខាងជើង មិនមែនជាលើកទីមួយនោះទេ ពោលគឺកូរ៉េខាងជើង ធ្លាប់ធ្វើបែបនេះជាច្រើនលើកមកហើយ។ កាលពី ឆ្នាំ២០១៣ កន្លងទៅ កូរ៉េខាងជើង បានវាយប្រហារទៅលើប្រព័ន្ធគ្រប់គ្រងធនាគារ និងទូរទស្សន៍របស់កូរ៉េខាងត្បូងដែលធ្វើឲ្យប្រព័ន្ធគ្រប់គ្រងទាំងនោះ ត្រូវជាប់គាំងមួយរយៈពេលផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com