អន្តរជាតិ
ទុយនេស៊ីបិទព្រំដែនជាមួយលីប៊ី ក្រោយការវាយប្រហារសម្លាប់មនុស្ស៥៣នាក់
× ទុយនេស៊ីបានបិទព្រំដែនរបស់ខ្លួនជាមួយលីប៊ី ក្រោយមានការវាយប្រយុទ្ធគ្នាដែលបណ្ដាលឲ្យមនុស្សយ៉ាងតិច៥៣នាក់។ ក្រុមជ្រុលនិយមរដ្ឋឥស្លាម ត្រូវគេជឿថា ស្ថិតនៅពីក្រោយការវាយប្រហារនៅថ្ងៃទី៦ ខែមីនានៅឯទីក្រុងព្រំដែន Ben Gardane ភាគខាងកើតទុយនេស៊ី។
ព្រំដែនរវាងទុយនេស៊ីនិងលីប៊ី ត្រួវបានបិទនៅថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីការវាយប្រហារមួយដែលគេសង្ស័យថា បង្កដោយក្រុមរដ្ឋឥស្លាម ហើយការវាយប្រហារបណ្ដាលឲ្យបាត់បង់ជីវិតយ៉ាង៥៣នាក់។ នៅថ្ងៃច័ន្ទទី៦ ខែមីនា ខ្មាន់កាំភ្លើងមួយក្រុមបានបើកការវាយប្រហារលើទីក្រុង Ben Gardane ហើយការវាយប្រយុទ្ធគ្នាបានបន្តរហូតដល់ពេលយប់។
ថ្នាក់ដឹកនាំប្រទេសរបស់ទុយនេស៊ីបានចាត់ទុកការវាយប្រហារ ជាការប៉ុនប៉ងបង្កើតរដ្ឋថ្មីមួយ។ បើតាមទូរទស្សន៍ Al Jazeera នាយករដ្ឋមន្ត្រីទុយនេស៊ីលោក Hassid Essid បានដាក់ការទទួលខុសត្រូវលើក្រុមជ្រុលនិយមរដ្ឋឥស្លាមនៅអ៊ីរ៉ាក់និងស៊ីរី (ISIL) ដើម្បីបង្កើតមូលដ្ឋានរឹងមាំនៅព្រំដែនទុយនេស៊ីនិងលីប៊ី។ ចំណែកប្រធានាធិបតីទុយនេស៊ីលោក Beji Caid Essebsi និយាយថា នេះជាការវាយប្រហារដែលមិនមានពីមុនមក និងត្រូវបានរៀបចំយ៉ាងល្អិតល្អន់ ហើយគោលដៅនៅពីក្រោយគឺ ដើម្បីត្រួតត្រាតំបន់នោះ ហើយប្រកាសបង្កើតរដ្ឋថ្មីមួយ។
ក្រោយការវាយប្រហារ រដ្ឋមន្ត្រីមហាផ្ទៃនិងរដ្ឋមន្ត្រីការពារទុយនេស៊ី បានធ្វើដំណើរទៅកាន់តំបន់នោះនៅថ្ងៃទី៧ ខែមីនា ដើម្បីពិនិត្យការរឹតបន្តឹងព្រំដែន។ នេះបើតាមសេចក្ដីប្រកាសរួមរបស់ក្រសួងទាំងពីរ។
នៅថ្ងៃច័ន្ទ ទី៦ ក្រុមខ្មាន់កាំភ្លើងបានវាយប្រហារព្រមៗគ្នាលើបន្ទាយទាហាន និងស្នាក់ការប៉ូលិសក្នុងទីក្រុង Ben Gardane ដោយប្រើកាំភ្លើងធុនធ្ងន់ និងរ៉ុក្កែរត្រូវបានប្រើក្នុងការវាយប្រយុទ្ធគ្នានេះ។ បន្ទាប់មក រដ្ឋាភិបាលទុយនេស៊ីបានដាក់ទីក្រុង Ben Gardane ឲ្យស្ថិតក្រោមបម្រាមគោចរ។
ជាការកត់សម្គាល់នោះ ការវាយប្រហារនេះកើត ក្រោយពេលដែលកងកម្លាំងទុយនេស៊ីបើកការវាយឆ្មក់លើក្រុមជ្រុលនិយមដែលមានមូលដ្ឋាននៅលីប៊ី។ ក្រុមជ្រុលនិយមដែលហ្វឹកហាត់នៅទឹកដីលីប៊ី បានវាយប្រហារជាច្រើនក្នុងទឹកដីទុយនេស៊ីកាលពីឆ្នាំមុន។ រដ្ឋាភិបាលទុយនេស៊ី ក៏បានកសាងរបងតាមព្រំដែនផងដែរ តែហាក់ដូចជាមិនអាចទប់ស្កាត់ការជ្រៀតចូលរបស់ក្រុមជ្រុលនិយម មកធ្វើសកម្មភាពបានទេ។
សូមបញ្ជាក់ដែរថា ទីក្រុងភាគខាងកើត Ben Gardane ជាទីតាំងយុទ្ធសាស្ត្រយ៉ាងសំខាន់ និងជាច្រកចូលទៅកាន់ទឹកដីលីប៊ី។ ទីក្រុងនេះជាមជ្ឈមណ្ឌលសំខាន់ សម្រាប់អ្នកជួញដូរអាវុធ និងការរត់ពន្ធទំនិញផ្សេងៗទៅលីប៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com