អន្តរជាតិ
បង់ក្លាដែសទាមទារឈប់យកសាសនាឥស្លាមជាសាសនារដ្ឋ
× ក្រោយស្ងប់ស្ងាត់អស់ជិត ៣ទសវត្សរ៍មកហើយនោះ ក្រុមប្រជាជនបង់ក្លាដែសចាប់ផ្តើមទាមទារឲ្យបញ្ចប់ការកំណត់យកសាសនាឥស្លាមជាសាសនារដ្ឋបន្តទៀត។ ចលនានេះកើតមានឡើងនៅដោយសារហិង្សាសាសនាកើនឡើងខ្លាំង ហើយប្រជាជនប្រកាន់សាសនាឥស្លាម ហិណ្ឌូ និងគ្រិស្តសុទ្ធតែប្រឈមបញ្ហាដូចគ្នា។
តុលាការកំពូលបង់ក្លាដែសបានឯកភាពថា ខ្លួននឹងចាប់ផ្តើមបើកសវនាការលើសំណុំរឿងស្នើសុំបញ្ចប់ការប្រើប្រាស់សាសនាឥស្លាមជាសាសនារដ្ឋនៅចុងខែមីនាខាងមុខនេះ។ ចលនាគាំទ្រការបញ្ឈប់យកសាសនាឥស្លាមជាសាសនាផ្លូវការកំពុងកើនឡើងប្រជាប្រិយភាពខ្ពស់ នៅពេលដែលក្រុមជនជាតិភាគតិចប្រកាន់សាសនាហិណ្ឌូ សាសនាគ្រិស្តនិងឥស្លាមនិកាយស៊ូនី កំពុងតែប្រឈមហិង្សាសាសនា។
ប៉ុន្តែវាជារឿងលំបាកបំផុតមួយដើម្បីស្វែងរកការគាំទ្រចលនានេះ ដោយសារតែបង់ក្លាដែសជាប្រទេសដែលមានប្រជាជនជាអ្នកកាន់សាសនាឥស្លាមរហូតដល់ ៩០ភាគរយ ខណៈអ្នកកាន់សាសនាហិណ្ឌូមានត្រឹម៨ភាគរយប៉ុណ្ណោះ។
តាមពិតទៅក្រោយប្រកាសឯករាជ្យឆ្នាំ ១៩៧៤ រដ្ឋធម្មនុញ្ញបង់ក្លាដែសកំណត់ថាប្រជាជនទាំងអស់មានសេរីភាពសាសនាពេញលេញ ហើយគ្មានការជ្រើសរើសយកសាសនាណាមួយជាសាសនារដ្ឋឡើយ។ រហូតដល់ឆ្នាំ ១៩៨៨ បង់ក្លាដែសចាប់ផ្តើមវិសោធនកម្មរដ្ឋធម្មនុញ្ញដោយកំណត់ស្ថិតក្រោមការដឹកនាំរបស់មេដឹកនាំយោធាលោក Hussain Mohammad Ershad។
ការធ្វើវិសោធនកម្មកំណត់យកសាសនាឥស្លាមជាសាសនារដ្ឋនេះ បានជំរុញឲ្យមានចលនាប្រឆាំងនិងមានការដាក់បណ្តឹងសុំឲ្យតុលាការកំពូលត្រួតពិនិត្យដើម្បីទាត់ចោលការផ្លាស់ប្តូរនេះដែរ ព្រោះពួកគេចាត់ទុកថាការវិសោធនកម្មនេះជាសកម្មភាពខុសច្បាប់។
ត្រលប់មកដល់រដ្ឋាភិបាលបច្ចុប្បន្នដែលស្ថិតក្រោមការដឹកនាំរបស់លោកស្រី Sheikh Hasina ក៏បានរៀបចំវិសោធនកម្មរដ្ឋធម្មនុញ្ញម្តងទៀត ដើម្បីធានាពីគោលការណ៍មិនប្រកាន់សាសនាឡើយ ប៉ុន្តែរដ្ឋាភិបាលក៏នៅកំណត់ថាឥស្លាមជាសាសនារបស់រដ្ឋដដែល។
ពាក់ព័ន្ធបណ្តឹងនេះដែរ រដ្ឋអាជ្ញាបង់ក្លាដែស Rana Dasgupta បានលើកឡើងថា ដំណើរការផ្លូវច្បាប់នឹងទាមទារពេលវេលាយូរណាស់ដើម្បីឈានទៅសម្រេចចុងក្រោយ។ នេះក៏ដោយសារតែតុលាការនឹងស្តាប់ការបកស្រាយរបស់ភាគីទាំងសងខាងអ្នកដែលគាំទ្រសាសនាឥស្លាមជាសាសនារដ្ឋនិងអ្នកដែលមិនចង់ឲ្យកំណត់សាសនាណាមួយពិតប្រាកដជាសាសនាផ្លូវការ។
ចំណែក បញ្ហាជម្លោះសាសនា ដែលជាមូលហេតុនៃការស្នើសុំឲ្យបញ្ចប់ការយកសាសនាឥស្លាមជាសាសនារដ្ឋនោះ ជារឿងស្មុគស្មាញសម្រាប់រដ្ឋាភិបាលដែរ។ អំពើហិង្សាសាសនាបានកើតឡើងញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយមានព័ត៌មានថាក្រុមភេរវជនដែស្ហមានបណ្តាញខ្លួននៅបង់ក្លាដែសដែរ។ ខែមុន បុព្វជិតហិណ្ឌូម្នាក់ត្រូវបានគេសម្លាប់ ខណៈដែលអ្នកកាន់សាសនានេះច្រើននាក់ផ្សេងទៀតរងគ្រោះថ្នាក់ដល់ជីវិតដូចគ្នា។ តែរដ្ឋាភិបាលវាយតម្លៃថា ក្រុមជ្រុលនិយមបង់ក្លាដែស Jumatul Mujahedeen និងក្រុម Ansarullah Bangla អាចជាក្រុមដែលនៅពីក្រោយឃាតកម្មនិងហិង្សាឃោឃៅនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com