អ្នកជំនាញចិន ជឿជាក់ថា ផែនការប្រាំឆ្នាំរំកិលនៃអាណត្តិរដ្ឋាភិបាលចិនលើក១៣ ដែលត្រូវពិភាក្សានៅក្នុងសមាជប្រចាំឆ្នាំ នឹងបន្តផ្តោសំខាន់លើគោលនយោបាយនៃការកែទម្រង់ ដ្បិតសកម្មភាពក្នុងការកែ ទម្រង់ស៊ីជម្រៅនេះ ពិតជាបានធ្វើឲ្យប្រទេសទទួលបានអត្ថប្រយោជន៍ពិតប្រាកដ។
ផែនការប្រាំឆ្នាំរំកិលលើកទី១៣ ដែលជាផែនការមេសម្រាប់ការអភិវឌ្ឍពីឆ្នាំ២០១៦រហូតដល់២០២០ គឺជាបញ្ហា ដែលត្រូវផ្តោតសំខាន់នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃសមាជប្រជាជនថ្នាក់ជាតិ(NPC) និងមហាសន្និបាតក្រុមប្រឹក្សានយោបាយប្រជាជនចិន (CPPCC)។អ្នកវិភាគ ជឿជាក់ថាការបន្តនូវគោលនយោបាយកំណែទម្រង់នឹងផ្តល់នូវកម្លាំងចលករសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសចិន។
សូមរម្លឹកផងដែរថា នាសម័យប្រជុំពេញអង្គលើក១៨ នៃសមាជជាតិនៃបក្សកុម្មុយនីស្តចិននៅឆ្នាំ២០១៣ ចិន បានប្រកាសផ្តោតសំខាន់នូវការកែទម្រង់ស៊ីជម្រៅដើម្បីធ្វើឲ្យការអភិវឌ្ឍកាន់តែល្អប្រសើរស្របតាមបរិបទសង្គមក៏ដូចជាចរិកលក្ខណៈរបស់ចិន។
ជាមួយគ្នានេះ កាលពីពីរឆ្នាំមុន ថ្នាក់ដឹកនាំកណ្តាល បានសម្រេចនូវការកែទម្រង់ចម្បង១៨១ ករណី និងនាយកដ្ឋានពាក់ព័ន្ធកណ្តាល ក៏បានសម្រេចនូវគោលដៅកែទម្រង់២៦១ករណីដែរ។ ហើយ បើនិយាយជារួម លទ្ធផលនៃការកែទម្រង់សរុប៧៨៥ករណី ត្រូវបានសម្រេច។
ជុំវិញការទម្រង់នេះដែរ ប្រជាជនជាច្រើន ពិតជាបានទទួលអត្ថប្រយោជន៍។ ក្នុងនោះក៏រាប់បញ្ចូលទាំង ការលុបចោលនៃការតម្រូវឲ្យចុះបញ្ជីផលទុនតិចបំផុត ដែលធ្វើឲ្យលោក Wang និង មិត្តរបស់លោក អាចមានលទ្ធភាពក្នុងធ្វើអាជីវកម្ម។
លោក Wang បានចាប់ផ្តើមបើកហាងព្រីនជាលក្ខណៈ អនឡាញរយៈពេលពីរឆ្នាំហើយ។ ក្រុមហ៊ុនរបស់លោក បានលក់នូវម៉ាស៊ីនព្រីនជាង១៤០០គ្រឿង ហើយ ក៏ទទួលបានការបញ្ជាទិញកាន់តែកើនឡើងទៅៗ។
ចិន មិនដែលបញ្ឈប់នូវការកែទម្រង់របស់ខ្លួននោះទេ។ ហើយលទ្ធផលនៃគោលនយោបាយនេះ មិនត្រឹមតែបង្ហាញពីការបង្កើនអភិបាលកិច្ចរបស់បក្សកុមុយនីស្តចិននោះទេ តែថែមទាំងបញ្ជាក់ពីការប្តេជា្ញចិត្តជាថ្មីរបស់ចិន ក្នុងបន្តគាំទ្រនូវគោលនយោបាយកែទម្រង់នេះផងដែរ។
លោក Donald អ្នកវិភាគ និងជាអ្នកវិនិយោគធនាគារ នៅអាហ្វ្រិកខាងត្បូង បានអះអាងថា តាមរយៈការកែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ចិន នឹងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ និងក្តីសុបិនរបស់ខ្លួនយ៉ាងពិតប្រាកដ។ លោក បន្ថែមទៀតថា សមទ្ធិផលចាស់ បានបង្ហាញហើយថា រដ្ឋាភិបាលចិន មានការជឿជាក់ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំការអភិវឌ្ឍប្រទេសចិន។
លើសពីនេះទៅទៀត ការអនុវត្តគោលនយោបាយរបស់ចិន ក៏បានលើកទឹកចិត្តដល់ប្រទេសផ្សេងៗទៀតផងដែរ។ លោក Severino Cabral នាយកវិទ្យាស្ថានប្រេស៊ីលសម្រាប់ការសិក្សាពីចិន និងអាស៊ី ប៉ាស៊ីហ្វិក ក៏បានជឿជាក់ផងដែរថាកិច្ចប្រឹងប្រែងនៃការកែទម្រង់ នឹងជំរុញឲ្យការអភិវឌ្ឍរបស់ចិនឆ្ពោះទៅរកភាពត្រដែតថ្មីមួយ។
តាមការប៉ាន់ស្មានរបស់អ្នកស្រាវជ្រាវ បេសកកម្មថ្មីដែលជាកត្តាប្រឈមដែលចិន ប្រឈម ហើយដំណោះស្រាយរបស់វា នឹងផ្តល់នូវបទពិសោធន៍ដ៏មានតម្លៃសម្រាប់ប្រទេសកំពុងអភិវឌ្ឍ និង ប្រទេសអភិវឌ្ឍផ្សេងៗទៀត៕