ជាតិ
អ្នកស្រី កែ សុវណ្ណ​រតន៍ ថា កង្វះ​ស្ត្រី​ក្នុង​នយោបាយ មកពី​កត្តា​មេដឹកនាំ និង​ស្ត្រី​ខ្លួនឯង​
09, Mar 2016 , 9:59 am        
រូបភាព
​នាពេល​បច្ចុប្បន្ននេះ អ្នកនយោបាយ​ស្ត្រី​នៅក្នុង​រដ្ឋសភា មាន​ចំនួន​ប្រមាណ​ជា​២០​ភាគរយ​ប៉ុណ្ណោះ​។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី កែ សុវណ្ណ​រតន៍ អះអាងថា ចំនួន​ស្ត្រី​ក្នុង​នយោបាយ​តិច​នេះ អាច​បណ្ដា​មកពី​កង្វះ​ការចូលរួម​ស្ត្រី​ខ្លួនឯង​ផ្ទាល់ និង​អាចមកពី​ការមើលរំលង​ពី​មេដឹកនាំ​នយោបាយ​។ អ្នកស្រី​ក៏​អំពាវនាវ​ឲ្យ​ស្ត្រី​ក្លាហាន​ហ៊ាន​ប្រឡូក​ចូលក្នុង​ឆាកនយោបាយ​ឲ្យ​បាន​ច្រើន​ផងដែរ​។​



​និស្សិត បញ្ញវន្ត និង​អ្នកជំនួញ​មួយចំនួន បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​នយោបាយ​នាពេល​បច្ចុប្បន្ន តាមរយៈ​ការបញ្ចេញ​យោបល់ ការតស៊ូ​មតិ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​អ្នកនយោបាយ និង​ការដោះស្រាយ​បញ្ហា​សង្គម​ជាដើម​។ និស្សិត បញ្ញវន្ត​មួយចំនួន​ក៏បាន​ចូលរួម​ក្នុង​គណបក្សនយោបាយ​តាម​និន្នាការ​មេដឹកនាំ​ដែល​ពួកគេ​ពេញចិត្ត ដើម្បី​បាន​ប្រឡូក​ចូល​អាជីព​នយោបាយ​នេះ​។ ប៉ុន្ដែ​បើទោះជា​ក្នុង​អាជីព​នយោបាយ មាន​អ្នកចូលរួម​ច្រើន ហើយ​មាន​ទាំង​គណបក្សនយោបាយ​ច្រើន​ក៏ដោយ តែ​អ្នកនយោបាយ​ស្ត្រី​ហាក់​មាន​ចំនួន​តិចតួច​នៅឡើយ​នាពេល​បច្ចុប្បន្ននេះ​។​

​អ្នកស្រី កែ សុវណ្ណ​រតន៍ បាន​ប្រឡូក​ចូលក្នុង​ឆាកនយោបាយ​២០​ឆ្នាំ​ហើយ​។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ទទួលស្គាល់ថា ចំនួន​ស្ត្រី​ក្នុង​ឆាកនយោបាយ​នេះ​នៅមាន​ចំនួន​តិចតួច​នៅឡើយ ជាក់ស្ដែង​នៅក្នុង​រដ្ឋសភា​ពេលនេះ មាន​ចំនួន​ស្រី​នយោបាយ​មកពី​ខាង​គណបក្សនយោបាយ​ពីរ​ចូលរួម​ធ្វើការ​ជាមួយគ្នា​នោះ មាន​ប្រមាណ​ជា​២០​ភាគរយ​ប៉ុណ្ណោះ​។ អ្នកស្រី កែ សុវណ្ណ​រតន៍ ដែល​ធ្លាប់​ឆ្លងកាត់​ការលំបាក ការគំរាមកំហែង​អាយុជីវិត​២០​ឆ្នាំនេះ អះអាងថា អ្នកនយោបាយ​ស្ត្រី​តិច​នេះ អាច​បណ្ដា​មកពី​ផ្នត់គំនិត​ទន់ខ្សោយ​របស់​ស្ត្រី ដែលជា​កង្វះ​ការចូលរួម​របស់​ស្ត្រី​ខ្លួនឯង​ផ្ទាល់​ក្នុង​ឆាកនយោបាយ ហើយ​និង​ការមើលរំលង​ពី​មេដឹកនាំ​នយោបាយ​ជាដើម​។​

​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ថ្មីៗ ស្ត្រី​នយោបាយ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖« ដូចនេះ​កត្តា​ទាំងពីរ​នេះ ជួន​កាលបើ​មានការ​ចូលរួម​ពី​ស្ត្រី​ហើយ​តែ​មេដឹកនាំ​អត់​មានការ​យកចិត្តទុកដាក់ ក៏​អត់​ទទួលបាន​ជោគជ័យ​។ ជួន​កាលបើ​មេដឹកនាំ​អត់​មានការ​យកចិត្ត​ទុក​ដាក់ជំរុញ​ក៏​អត់​មានការ​ចូលរួម​ដែរ​។​ដូចនេះ​កត្តា​ទាំងពីរ​នេះ​យើង​អត់​អាច​អត់​ទេ ។ មេដឹកនាំ​គណបក្ស​ក៏ត្រូវ​ចូលរួម ក៏ត្រូវ​ផ្ដល់ឱកាស​ដែរ​។ ដូច​ក្នុងការ​ប្រកួតប្រជែង ត្រូវមាន​ការផ្ដល់​ឱកាស​ឲ្យ​ស្ត្រី​ផង បើសិនជា​ស្ត្រី​ពូកែ​ហើយ ហើយ​មេដឹកនាំ​ការពារ​បុរស ដូចនេះ​ស្ត្រី​នៅតែ​អត់​ដដែល​។ ដូចនេះ​ត្រូវមាន​លក្ខខណ្ឌ​ឱកាស សម្រាប់​អ្នកប្រកួតប្រជែង​ស្មើគ្នា​ហើយ ត្រូវ​ផ្ដល់​អាទិភាព​ទៅ​ស្ត្រី​ទៅ ហើយ​ផ្ដល់​អំណាច​ឲ្យ​គ្នា​សម្រេច​ផង​»​។​

​ទាំងនេះ​ជាការ​មើលឃើញ​របស់​អ្នកស្រី កែ សុវណ្ណ​រតន៍ ដែល​បាន​បន្ថែមថា ស្ត្រី​ត្រូវតែ​ផ្លាស់ប្តូរ​ផ្នត់គំនិត​ភ័យខ្លាច និង​ជម្នះ​រាល់​ឧបសគ្គ​នានា ដោយ​អ្នកស្រី​អំពាវនាវ​ឲ្យ​ពួកគេ​ហ៊ាន​លូក​ចូលក្នុង​ឆាកនយោបាយ ដើម្បី​លើកមុខ​មាត់​ស្ត្រី​ក្នុង​អាជីព​នយោបាយ​នេះ​។ ស្ត្រី​នយោបាយ​រូបនេះ គឺ​ជឿជាក់ថា​រយៈពេល​៥​ឆ្នាំ ទៅ​១០​ឆ្នាំ​ខាងមុខ​ទៀត ស្ត្រី​នៅ​អាជីព​នយោបាយនឹង​មាន​ចំនួន​ច្រើនជាង​បច្ចុប្បន្ននេះ​។​

​ថ្លែង​នៅក្នុង​ពិធី​ទិវា​សិទ្ធិនារី​អន្តរជាតិ  សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ជំរុញ​ឲ្យ​គណបក្សនយោបាយ ដាក់បញ្ចូល​ស្ត្រី​នៅក្នុង​លំដាប់​លេខ​រៀង​ដែល​អាច​ជាប់​ក្នុងការ​បោះឆ្នោត ដូចជា​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ និង​បោះឆ្នោត​ជ្រើស​តំណាងរាស្ត្រ​នៅពេល​ខាងមុខ​ដែរ។

​បើតាម​នាយករដ្ឋមន្ត្រី ហ៊ុន ហ៊ុន រហូតមក​ដល់ពេល​ចំនួន​ស្ត្រី​ក៏មាន​កើនឡើង​នៅតាម​បណ្ដា​ក្រសួង និង​ស្ថាប័ន​មួយចំនួន​ដែរ​។​ប្រមុខ​រដ្ឋាភិបាល បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ចំនួន​ស្ត្រី​ជា​សមាជិកសភា​បាន​កើនឡើង​ពី​៦​ភាគរយ មក​២០​ភាគរយ (១៩៩៣​មក​២០០០) ពី​ឆ្នាំ ២០០៨​ដល់​២០១៣ ស្ត្រី​ជា​រដ្ឋមន្ត្រី​បាន​កើន​ពី​៧​ភាគ​ដល់​១១​ភាគរយ ស្ត្រី​ជា​រដ្ឋលេខាធិការ​បាន​កើន​ពី​៨​ភាគរយ​ដល់​២១​ភាគរយ ស្ត្រី​ជា​អនុរដ្ឋលេខាធិការ​បាន​កើន​ពី​១៥​ភាគរយ​ដល់​១៨​ភាគរយ​។​មិន​រែ​ប៉ុណ្ណោះ​ភាគរយ​ស្ត្រី​ដែល​ជាប់ឆ្នោត​ជា​ក្រុមប្រឹក្សាឃុំ​សង្កាត់ ក៏មាន​កើនឡើង​ផងដែរ គឺ​ពី​១៥​ភាគរយ នៅ​ឆ្នាំ​២០០៧ ដល់​១៨​ភាគរយ​នៅ​ឆ្នាំ​២០១២»៕


Tag:
 ​កែ សុវណ្ណ​រតន៍​
  ​ហ៊ុន សែន​
  ​នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com