ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្ត្រីរាជការ​ម្នាក់ៗ​ត្រូវបំពេញ​ការងារ​ជូន​រដ្ឋ​ឲ្យ​បាន​៤០​ម៉ោង​ក្នុង​មួយ​សប្តាហ៍​
18, Mar 2016 , 10:57 am        
រូបភាព
ដោយ: ថ្មីៗ
​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី «​ការគ្រប់គ្រង​វត្តមាន​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ជាប់កិច្ចសន្យា​» ត្រូវបាន​លើកយក​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៨ ខែមីនា នេះ ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​



​យោងតាម​ខ្លឹមសារ​ដែល​ផ្តល់​ដោយ​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ខ្លឹមសារ​នៃ​អនុក្រឹត្យ​នេះ គឺ​ផ្តោតជាសំខាន់​លើ​ការអនុវត្ត​ពេលវេលា​ធ្វើការ​របស់​មន្ត្រីរាជកា​រ ហើយ​អង្គភាព​ខ្លះ អាច​កំណត់ ឬ​បត់បែន​ពេលវេលា​ធ្វើការ​របស់​មន្ត្រី​ខ្លួន​។​

​អនុក្រឹត្យ​ស្តីពី «​ការគ្រប់គ្រង​វត្តមាន​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ជាប់កិច្ចសន្យា​» រៀបចំឡើង​ក្នុង​គោលដៅ​បង្កើន​ការចូលរួម​ឲ្យ​បាន​ពេញលេញ​ក្នុងការ​បំពេញការងារ ការលើកកម្ពស់​ផលិតភាព​ការងារ​របស់​បុគ្គល​និង​អង្គភាព ដោយ​អនុញ្ញាត​ឲ្យ​ក្រសួង ស្ថាប័ន​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ អាច​កំណត់​ពេលវេលា​បម្រើការ​ងារ រយៈពេល​បម្រើ​ការងារ​ក្នុង​មួយថ្ងៃ និង​ទីកន្លែង​បម្រើការ​រងារ​របស់​ម​ន្ត្រី​រាជការ​ស៊ីវិល និង​មន្ត្រី​ជាប់កិច្ចសន្យា​នៃ​ក្រសួង ស្ថាប័ន​របស់ខ្លួន​អោយមាន​លក្ខណៈ​បត់បែន​ស្របតាម​ស្ថានភាព​ជាកស្តែង​។

​បើតាម​សំណេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក ផៃ ស៊ី​ផាន «​មន្ត្រីរាជការ​ស៊ីវិល​និង​មន្ត្រី​ជាប់កិច្ចសន្យា អវត្តមាន​គ្មាន​ការអនុញ្ញាត​ត្រូវ​ប្រឈម​នឹង​ការដាក់ទណ្ឌកម្ម​វិន័យ​» ដោយ ការអនុវត្ត​ទណ្ឌកម្ម​វិន័យ​ចំពោះ​អវត្តមាន​ទាំងនោះ មាន​នីតិវិធី​ងាយស្រួល​និង​ឆាប់រហ័ស​ដោយ​ផ្តល់​សិទ្ធ​អំណាច​និង​ការទទួលខុសត្រូវ​ដល់​ប្រធាន​អង្គភាព​គ្រប់គ្រង​ផ្ទាល់​ក្នុងការ​គ្រប់គ្រង​វត្តមាន​មន្ត្រី និង​ចាត់វិធានការ​អនុវត្ត​ទណ្ឌកម្ម​វិន័យ​ចំពោះ​អវត្តមាន​ដែល​ចាប់ពី ការស្តីបន្ទោស​រហូតដល់​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​ដោយ​ឆ្លងកាត់​ក្រុមប្រឹក្សាវិន័យ​។​

​ដើម្បី​អនុវត្ត​គោលការណ៍​ឲ្យ​មាន​ប្រសិទ្ធភាព អង្គភាព​នានា​នៃ​ក្រសួង ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ត្រូវ​រៀបចំ​តារាង​កំណត់​ពេលវេលា​បម្រើសេវា​សាធារណៈ​របស់ខ្លួន​ជូន​មន្ត្រីរាជការ​ស៊ីវិល​ម្នាក់ៗ​អោយបាន​ច្បាស់លាស់ មាន​លក្ខណៈ​បត់បែន​បាន ឆ្លើយតប​នឹង​និរន្ត​ភាព​សេវាសាធារណៈ​របស់​អង្គភាព គិតគូរ​ពី​ស្ថានភាព​នៃ​ជីវភាព​រស់នៅ​នៃ​មន្ត្រីរាជការ​ម្នាក់ៗ​គោលការណ៍​បំពេញការងារ​ជូន​រដ្ឋ​អោយបាន​៤០​ម៉ោង​ក្នុង​មួយ​សប្តាហ៍ និង​លទ្ធផល​ការងារ​ប្រៀបធៀប​នឹង​ពេលវេលា​ជាដើម​។​

​ជាមួយគ្នានេះ សេចក្តីព្រាង​អនុក្រឹត្យ បាន​តម្រូវ​ឲ្យ​មានការ​រៀបចំ​បញ្ជី​វត្តមាន និង​ឯកសារ​ពាក់ព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ និង​បង្កើត​ឲ្យ​មាន​យន្តការ​តាមដាន​ត្រួតពិនិត្យ ដោយ​មិន​ជូនដំណឹង​ជាមុន​ទាំង​ពេលវេលា​និង​ទីកន្លែង​៕


Tag:
 សម្តេច ហ៊ុន សែន​
  មន្ត្រីរាជការ
© រក្សាសិទ្ធិដោយ thmeythmey.com