ជាតិ
គម្រោង «​យើង​ដូចគ្នា​» ដើម្បី​ការពារ​សិទ្ធិ​របស់​ក្រុម LGBTI នៅ​កម្ពុជា​
24, Mar 2016 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​គម្រោង​ថ្មី​មួយ​ដើម្បី​ការពារ​និង​លើក​កំពស់​សិទ្ធិ​របស់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​មនុស្ស​ទាំង​ពីរភេទ អ្នក​កែ​ភេទ និង​អ្នកមាន​លក្ខណៈភេទ​មិន​ចំ​ជា​ប្រុស​ឬ​ស្រី ឬ LGBTI នៅ​កម្ពុជា ត្រូវ​បានប្រកាស​នៅថ្ងៃនេះ ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID)​។

 
​គម្រោង​ដែលមាន​ឈ្មោះថា “​យើង​ដូចគ្នា​” (We are the Same) ដែល​ត្រូវបាន​ប្រគល់អោយ​អង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​ការអប់រំ និង​ការអភិវឌ្ឍន៍​ក្នុង​សកម្មភាព (Media One) អនុវត្ត ហើយនឹង​ជួយ​ដល់​សកម្មភាព​តស៊ូ​មតិ និង​សកម្មភាព​លើក​កំពស់​ការយល់ដឹង​នានា ដើម្បី​ពង្រឹង​សិទ្ធិ​របស់​ក្រុម LGBTI នៅ​កម្ពុជា​។ គំរោង​នេះ​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​សហរដ្ឋអាមេរិក​ចំពោះ​សិទ្ធិ​របស់​ក្រុម LGBTI ជា​ផ្នែក​សំខាន់​មួយ​សំរាប់​ទ្រទ្រង់​សិទ្ធិមនុស្ស ទាំង​នៅ​កម្ពុជា ទាំង​នៅ​ទូទាំង​សាកលលោក​។​
 
​លោកស្រី​ភារធារី​ស្ថានទូត​អាមេរិក Julie Chung បាន​មានប្រសាសន៍ថា “​ខ្ញុំ​មាន​មោទនភាព​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​គាំទ្រ​ដល់​ការខិតខំ​ដើម្បី​ការពារ​សិទ្ធិ​របស់​ក្រុម LGBTI នៅក្នុង​ប្រទេស និង​នៅ​បរទេស​។ គំរោង​ដូចជា​គំរោង “​យើង​ដូចគ្នា​” ឆ្លុះបញ្ចាំង​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុងការ​លុបបំបាត់​ឧបសគ្គ​ចំពោះ​សមភាព ហើយ​ប្រឆាំងនឹង​ការរើសអើង​និង​ហឹ​ង្សា ដោយសារ​ភេទ​ដែល​គេ​ស្រឡាញ់ និង​អត្តសញ្ញាណ​ជេន​ឌ័​រ​”​។​
 
​ដោយសារ​ការ​មាក់ងាយ​និង​ការភ័យខ្លាច ប្រហែល ១ ភាគ ៣ នៃ​ប្រជាជន​កម្ពុជា​ក្នុង​ក្រុម LGBTI មិនដែល​សារភាព​ប្រាប់​អំពី​ខ្លួនគេ​ទេ ហើយ​ចំនួន​ជាង ១ ភាគ ៥ ចង់អោយ​ខ្លួនគេ​ជា​មនុស្ស​ស្រឡាញ់​មនុស្ស​ភេទ​ផ្ទុយគ្នា​ដូច​មនុស្ស​មនុស្ស​ធម្មតា នេះ​បើតាម​លទ្ធផល​នៃ​ការអង្កេត​ដែល​ចេញ​នៅ​ខែធ្នូ ឆ្នាំ ២០១៥ ដោយ​អង្គការ​សហគមន៍​ឥន្ទធនូ​កម្ពុជា​។ 
 
​គម្រោង “​យើង​ដូចគ្នា​” ដែលមាន​រយៈពេល ២ ឆ្នាំ នឹង​បង្កើន​លទ្ធភាព​របស់​ក្រុម និង​បុគ្គល​ក្នុង​ក្រុមមនុស្ស LGBTI ក្នុងការ​ទទួលបាន​ព័ត៌មាន និង​លទ្ធភាព​ក្នុងការ​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​គ្នា​។ គំរោង​នេះ​ក៏​នឹង​ជួយ​ផងដែរ​ដល់​ក្រុម LGBTI តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​កម្មវិធី​សេវា​តាម​ទូរស័ព្ទដៃ ៕

Tag:
 USAID
  LGBTI
© រក្សាសិទ្ធិដោយ thmeythmey.com