អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ជុង​អ៊ុន បញ្ជា​សមយុទ្ធ​យោធា សម​ការ​វាយកម្ទេច​វិមាន​ប្រធានាធិបតី​លោកស្រី​ផាក
25, Mar 2016 , 1:08 pm        
រូបភាព
ដោយ:
 
​ប្រមុខ​ដឹកនាំ​ពូ​ល​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន មិន​ត្រឹម​ចេញ​ការព្រមាន​ដើម្បី​កម្ទេច​កូរ៉េខាងត្បូង ប៉ុណ្ណោះ​នោះទេ តែ​ពេលនេះ មេដឹកនាំ​វ័យក្មេង​រូបនេះ ចាប់ផ្តើម​ចេញ​សកម្មភាព​យោធា​ជា​បណ្តើរៗ​ហើយ​។ លោក គីម ជុង​អ៊ុន បាន​បញ្ជា និង​ណែនាំ​យោធា​ធ្វើ​សមយុទ្ធ​ដើម្បី​សម​ដែលជា​គម្រោង​នៃ​ការកម្ទេច​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ផាក ហ្គឺ​ន​ហេ​។​




​លោក​គីម ជុង​អ៊ុន មេបញ្ជាការ​កំពូល​នៃ​កងទ័ព​ប្រជាជន​កូរ៉េ​, អគ្គលេខា​ទី​១​នៃ​បក្ស​កម្មករ​កូរ៉េ និង​ជា ប្រមុខ​នៃ​គណៈកម្មាធិការ​ការពារ​ជាតិ​កូរ៉េខាងជើង នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា នេះ បាន​ណែនាំ និង​តាម ដាន​ការធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់ផ្លោង​ចម្ងាយ​ឆ្ងាយដែលជា​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មួយ​ប្រឆាំង​កូរ៉េខាងត្បូង និង​អាមេរិក​។ 
 
​សមយុទ្ធ​បាញ់​គ្រាប់ផ្លោង​កូរ៉េខាងជើង​ដែល​ត្រូវបាន​បញ្ជា និង​តាមដាន​យ៉ាង​ស្វិត​ស្វាយ​ដោយ​លោក គីម ជុង​អ៊ុន គឺជា​សមយុទ្ធ​មួយ​ដែល​រួមបញ្ចូល​នូវ​ប្រភេទ​អាវុធ​ជាច្រើន​ដើម្បី​ឆ្លើយតប​ទៅនឹង​សមយុទ្ធ​យោធា​របស់​អាមេរិក និង​កូរ៉េខាងត្បូង​នៅក្នុង​ឧបទ្វីប​កូ​រ៉​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA ដែល​បាន​ដកស្រង់​សម្តី លោក គីម ជុង​អ៊ុន​ដែលថា «​ប្រសិនបើ​សត្រូវ​ប្រជែង​យើង គ្រាប់ផ្លោង​ដែលជា​កម្លាំង​វាយបក​របស់​យើង នឹង​ឆ្ពោះទៅរក​ក្រុង​សេ​អ៊ូ​ល​ឲ្យ​ទៅ​ស្ថិតនៅក្នុង​អណ្តាតភ្លើង​តែម្តង​» ។​
 
​តាមពិតទៅ​សមយុទ្ធ​យោធា និង​ការ​ចល័ត​យោធា​របស់​កូរ៉េខាងជើង មិនមែនជា​រឿង​ថ្មី​នោះទេ ពោលគឺ កូរ៉េខាងជើង​តែងតែ​បញ្ចេញ​សកម្មភាព​ទាំងនេះ ដែល​ស្ទើរតែ​ក្លាយជា​ទម្លាប់​មួយ​ទៅហើយ​។​
 
​សូមបញ្ជាក់​ផងដែរ​ថា កូរ៉េខាងត្បូង និង​អាមេរិក បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​របស់ខ្លួន​ចាប់ពី​ថ្ងៃទី​០៧ ខែមីនា ដល់​ថ្ងៃទី​៣០ ខែមេសា​។ សមយុទ្ធ​ទ្រង់ទ្រាយ​ធំ ដែល​បាន​ធ្វើឡើង​ក្នុង​សា្ថ​ន​ភាព​តានតឹង​នេះ បានធ្វើ​ឲ្យ​កូរ៉េខាងជើង​ប្រតិកម្ម​យ៉ាងខ្លាំង ដោយ​ថែមទាំង​ព្រមាន​កម្ទេច​វិមាន​ប្រ​ធានា ធិបតី​កូរ៉េខាងត្បូង លោក​ផាក ហ្គឺ​ន​ហេ​ទៀតផង​។​
 
​បើទោះជា​ការ​គំរាម​របស់​កូរ៉េខាងជើង មិនមែនជា​រឿង​ថ្មី​ក៏ដោយ កូរ៉េខាងត្បូង ក៏​មិនបាន​ព្រងើយ កន្តើយ​ជាមួយនឹង​កូរ៉េខាងជើង​ដែរ​។ ជាក់ស្តែង​នោះ លោកស្រី​ប្រធាន​ធិបតី​កូរ៉េខាងត្បូង ផាក ហ្គឺ​ន​ហេ នៅ​ថ្ងៃទី​២៤ ខែមីនា បានដាក់​បញ្ជា​ឲ្យ​កងកម្លាំង​ជាតិ​កូរ៉េខាងត្បូង​ទាំងអស់​ត្រូវតែ​រក្សា​ការត្រៀមខ្លួន​ជាស្រេច​ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​បង្កហេតុ​របស់​កូរ៉េខាងជើង​។ នេះ​បើ​យោងតាម​ភ្នា​ក់​ព័ត៌មាន Xinhua ដែល​បាន​បន្ថែម​ដែរ​ថា លោកស្រី​ប្រធានាធិបតី ក៏បាន​ស្នើ​ឲ្យ​ប្រជាជនមាន​ការប្រុងប្រយ័ត្ន និង ត្រៀមខ្លួន​ចំពោះ​ស្ថាន​បន្ទាន់​បច្ចុប្បន្ន​ណាមួយ​ដែល​អាច​កើតឡើង​។​
 
​សូមបញ្ជាក់​ផងដែរ​ថា ស្ថានភាព​នៅក្នុង​ឧបទ្វីប​កូរ៉េ​បច្ចុប្បន្ន គឺ​ប្រៀបប្រដូច​ទៅនឹង​«​ច្រកចូល​នៃ​ស​ង្គ្រា ម​» ពោលគឺ​សង្គ្រាម​អាច​កើតឡើង​គ្រប់ពេល ដ្បិត​ភាគី​ទាំងសងខាង ហាក់ដូចជា​ត្រៀមខ្លួន​រួចជាស្រេច​ទៅហើយ​សម្រាប់​ការប្រយុទ្ធ​។ ជាពិសេស​នោះ​គឺ កូរ៉េខាងជើង ដែល​តែងតែ​បង្អួត​សាច់ដុំ​ខ្លួន តាមរយៈ​ការបាញ់​មី​ស៊ី​ល​ជា​បន្តបន្ទាប់ ដែល​បាន​បំពាន​នឹង​បម្រាម​របស់​អង្គការសហប្រជាជាតិ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com