អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្ស​កាន់អំណាច​មី​យ៉ាន់​ម៉ា ដាក់​សំណើច្បាប់សុំ​តែង​តាំងលោកស្រី​ស៊ូ​ជី ជា​«​ទីប្រឹក្សា​កំពូល​រដ្ឋ​»
31, Mar 2016 , 4:52 pm        
រូបភាព
លោកស្រីស៊ូជី ប្រមុខបក្សកាន់អំណាច និងជាសមាជីកគណៈរដ្ឋមន្ត្រីថ្មីមីយ៉ាន់ម៉ា
លោកស្រីស៊ូជី ប្រមុខបក្សកាន់អំណាច និងជាសមាជីកគណៈរដ្ឋមន្ត្រីថ្មីមីយ៉ាន់ម៉ា
ដោយ:
 
​ប្រមុខ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ក្លាយជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​បួន​នៃ គណៈរដ្ឋមន្ត្រី​ថ្មី​របស់លោក​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា ធិ​ន ច​។ តែ​រឿង​គួរកត់សម្គាល់​នោះ ក្រៅពី​តួនាទី ទាំងនេះ បក្ស​កាន់អំណាច​នេះ ក៏បាន​ដាក់សំណើ​ច្បាប់​ថ្មី​មួយទៀត​ដើម្បី​សុំ​តែងតាំង​លោកស្រី​ស៊ូ​ជី ក្នុង​តំណែង​ថ្មី​ខ្ពស់​ជាងនេះទៀត ដែល​នឹងត្រូវ​ជជែក​នៅ​ថ្ងៃស្អែក​នេះ​ផងដែរ​។​




​បក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ បានដាក់​សំណើ នៃ​សេចក្តីព្រាងច្បាប់​ថ្មី​មួយ​ទៅ សភា​សហភាព​មី​យ៉ាន់​ម៉ា​ដើម្បី​សុំ​តែងតាំង​លោកស្រី អ៊ុង​សាន ស៊ូ​ជី ជា «​ទីប្រឹក្សា​កំពូល​» ឬ «​ទីប្រឹក្សា​រដ្ឋ​»​។ សំណើ​នេះ ត្រូវបាន​បង្ហាញឡើង​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែមីនា​នេះ ដែលជា​ថ្ងៃ​ដំបូង​ហើយ​នៃ​ការឡើង​កាន់អំណាច​រប​ស់​រដ្ឋាភិបាល​ថ្មី​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​។​
 
​ជាទី​ប្រឹក្សា​រដ្ឋ លោកស្រី​ស៊ូ​ជី អាច​ផ្តល់យោបល់​ទាក់ទង​នឹង​ផលប្រយោជន៍​របស់​ប្រជាជន និង​ប្រទេស ជាតិ ដោយ​មិន​ផ្ទុយទៅនឹង​រដ្ឋធម្មនុញ្ញ​ឡើយ ហើយ លោកស្រី មានលទ្ធភាព​សហការ​ជាមួយ​គ្រប់​ស្ថាប័ន​របស់​រដ្ឋាភិបាល និង​គ្រប់​រាល់​បុគ្គល​ពាក់ព័ន្ធ​ដើម្បី​សម្រេច​គោលដៅ​របស់​លោកស្រី​។ នេះ​បើ យោងតាម​សារព័ត៌មាន Irrawaddy ដែល​បាន​ដកស្រង់​ខ្លឹមសារ​ចេញពី​សំណើ​នោះ ដែល​បាន​បន្ថែម ដែរ​ថា​អាណត្តិ​នៃ​ទីប្រឹក្សា​រដ្ឋ​នេះ គឺ​ស្មើនឹង​អាណត្តិ​ប្រធានាធិបតី​ពោលគឺ​បើ​សេចក្តីព្រាងច្បាប់​នោះ ត្រូវ​សភា​អនុម័ត​នោះ អាណត្តិ​លោកស្រី​ស៊ូ​ជី នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២១​។​
 
​ជាមួយគ្នានេះ លោក Phyu Phyu Thin តំណាងរាស្ត្រ​បក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ក៏បាន​អះអាង​ដែរ​ថា ជាទី​ប្រឹក្សា​រដ្ឋ អាចជា​តំណែង​ដែល​ខ្ពស់​ជាងគេ​នៅក្នុង​ប្រទេស ហើយ​បើ​វា​បង្ហាញ​ដូច្នោះ​មែន នោះ​លោកស្រី​ស៊ូ​ជី គឺជា​ប្រៀប​ដូចនឹង​ប្រមុខរដ្ឋ​។ នេះ​បើ​យោង​ប្រភពព័ត៌មាន ដដែល​ដែល​បាន​ដកស្រង់​សម្តី​តំណាង​នោះដែរ​ថា ប្រសិន​ការបង្ហាញ​នោះ ពិតជា​ត្រឹមត្រូវ​មែន​នោះ ច្បាប់​នោះ នឹងធ្វើ​ឲ្យ​មាន​ភាពចម្រូងចម្រាស​នៃ​រដ្ឋធម្មនុញ្ញ​ហើយ​។​
 
​យោងតាម​មាត្រា​៥៨​នៃ​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា មាន អំណាច​អទិភាព​លើ​គ្រប់​បុគ្គល​ទូទាំងប្រទេស​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។ 
 
​យ៉ាងណាក៏ដោយ សំណើ​ច្បាប់​នេះ ធ្វើឡើង​ក្រោយ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​នៃ​ការចូល​កាន់តំណែង​ជា​ផ្លូវការ​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី នៅក្នុង​គណៈរដ្ឋមន្ត្រី​ថ្មី​ដែល​លោកស្រី កាន់តំណែង​ជា​រដ្ឋមន្ត្រី​នៃ ក្រសួង​បួន​រួមមាន​ក្រសួងការបរទេស ក្រសួង​អប់រំ ក្រសួង​ការិយាល័យ​ប្រធានាធិបតី​និង​ក្រសួង​អគ្គិសនី និង​ថាមពល​។ នេះ​មានន័យថា ប្រសិន​ច្បាប់​នេះ អាច​ត្រូវ​សភា​អនុម័ត​មែន​នោះ​លោកស្រី​ស៊ូ​ជី នឹងត្រូវ​ទទួលបាន​តំណែង​បន្ថែម​ពី​រដ្ឋមន្ត្រី​នៃ​ក្រសួង​បួន និង​ជា​ប្រមុខ​បក្ស​កាន់អំណាច​ទៀតផង​។​
 
​អ្វីដែល​គួរកត់សម្គាល់​នោះ ការកាន់កាប់​តួនាទី​របស់លោក​ស្រី ត្រូវបាន​គេ​ផ្ទៀងផ្ទាត់​ជាមួយនឹង​ការអះអាង​របស់លោក​ស្រី​កន្លងមក ដែលថា បើទោះបីជា​លោកស្រី មិនអាច​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ក៏ដោយ លោកស្រី នឹងមាន​«​តំណែង​ខ្ពស់ជាង​ប្រធានាធិបតី​ទៅទៀត​»​។ លោកស្រី ស៊ូ​ជី មិន​អាចមាន​បេក្ខភាព​ជា​ប្រធានាធិបតី​បានឡើយ ដ្បិត​មានការ​ហាមឃាត់​ពី​មាត្រា​៥៩ នៃ​រដ្ឋ​ធម្ម​នុ ញ្ញ​មី​យ៉ាន់​ម៉ា​៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com