ពីនេះ ពីនោះ
អំណាច​នៅ​នឹង​ចុង​កាណុង
02, Apr 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ សារជាតិ​នៃ​ការធ្វើ​នយោបាយ​គឺ​ទៅយក​អំណាច​។ អំណាច​នោះ គឺជា​អំណាច​នៅក្នុង​ការធ្វើ​សេចក្ដីសម្រេចចិត្ត​ចំពោះ​ការងារ​ជាតិ​នានា​ដែល​ខ្លួន​បាន​សន្យា​ចំពោះ​ប្រជារាស្ត្រ​។ ប៉ុន្តែ​នៅក្នុង​បុព្វហេតុ​រក្សា​អំណាច​គឺមាន​បែពផែន​ផ្សេងៗ​គ្នា ទៅតាម​របៀប​នៃ​ការគ្រប់គ្រង​ដឹកនាំ​សង្គម​។​



ធម្មជាតិ​របស់​អ្នកដឹកនាំ​គឺ​ត្រូវការ​ជា​ចាំបាច់​នូវ​កិត្យានុភាព​ផ្ទាល់ខ្លួន និង​អំណាច​ក្នុងការ​បង្គាប់បញ្ជា ដើម្បី​សម្រេច​កិច្ចការ​នានា​របស់ខ្លួន​។ ហេតុនេះ​អំណាច​គឺជា​ឧបករណ៍​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត​អ្នកដឹកនាំ​។ ប៉ុន្តែ​សំណួរ​សួរថា ឧបករណ៍​ដ៏​ល្អ​នោះ អាច​បំផ្លាញ់​ជាតិ បំផ្លាញ​ប្រជាជន​ដែរ ឬទេ​? ច្បាស់​ណាស់ ប្រសិនបើ ប្រើ​ក្នុង​ផ្លូវ​វិជ្ជមាន​គឺ​វា​ល្អ​ដល់​ជាតិ តែបើ​ប្រើ​ក្នុង​ផ្លូវ​អវិជ្ជមាន​គឺ​បំផ្លាញ​ជាតិ​ហើយ​។

សំណួរ​មួយទៀត​សួរថា តើ​អ្នកដឹកនាំ​នោះបាន​អំណាច​មកពីណា​? គេ​អាច​ដឹង​ភ្លាម​ថា អាចមកពី​ប្រភព​បួន​យ៉ាង ទី​១. ទទួលបាន​អំណាច​តាមរយៈ​តំណ​វង្ស​ត្រកូល ទី​២. តាមរយៈ​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​អ្នកដឹង​នាំ​ចាស់ ទី​៣. តាមរយៈ​ការ​អំណោយផល​នៃ​ស្ថានភាព​សង្គម​ដែល​កើតមាន​សង្គ្រាម​លេចចេញ​មុខ​អ្នកក្លាហាន និង​ទី​៤. តាមរយៈ​ការបោះឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋនៅក្នុង​សង្គម​តែម្ដង​។​

ប៉ុន្តែ​នៅមាន​សំណួរ​មួយទៀត​សួរថា តើ​ត្រូវ​រក្សា​អំណាច​ដោយ​របៀប​ណា​? តាំងពី​សម័យ​ដើម​មក មាន​របស់​បីយ៉ាង ដែល​អាច​រក្សា​អំណាច​បានយូរ ទី​១. គឺ​ទ្រព្យសម្បត្តិ​ស្ដុកស្ដុ​មរ​បស់​អ្នកដឹកនាំ ទី​២. កងកម្លាំងប្រដាប់អាវុធ​ស្ម័គ្រ​បម្រើ និង​ទី​៣. គឺ​កម្លាំង​គាំទ្រ​ពី​មហាជន​នៅ​ទូទាំងប្រទេស​។ ចំណុច​ទី​៣ គឺជា​កត្ដា​ឈ្នះ​របស់​អ្នកដឹកនាំ​ក្នុងការ​រក្សា​អំណាច​បែប​សុចរិត ប៉ុន្តែ​សម្រាប់​អ្នកដឹកនាំ​ទុច្ចរិត កម្លាំង​មហាជន​មិនសូវ​សំខាន់​ក្នុង​ក្រសែភ្នែក​របស់​មេដឹកនាំ​ប្រភេទ​នោះទេ គឺ​លុយ និង កម្លាំងប្រដាប់អាវុធ គឺជា​ចំណាប់អារម្មណ៍​របស់​មេ​ដឹកនាំ​ប្រភេទ​នេះ​។ កន្លងទៅ​នៅក្នុង​សង្គម​បែប​ផ្ដាច់ការ​ទាំងស្រុង និង​ផ្ដាច់ការ​ក្លាយ​តែងតែ​ប្រើ​លុយ ដើម្បី​ទិញ​ទឹកចិត្ត​មហាជន និង​ប្រើ​កម្លាំងប្រដាប់អាវុធ ចុង​កាណុង​កាំភ្លើង ជា​មធ្យោបាយ​ការពារ​អំណាច​របស់ខ្លួន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​។

ទីបញ្ចប់​គេ​អាច​មើលឃើញថា កម្លាំង​មហាជន​គឺ​ខ្លាំង ប៉ុន្តែ​ប្រសិនបើ​កម្លាំង​មហាជន​នៅមាន ខ្សោយ​ផ្នែក​សាមគ្គីភាព និង​ការ​ហ៊ាន​ចេញមុខ​ដោយផ្ទាល់​ប្រឆាំង អំពើអាក្រក់​របស់​មេដឹកនាំ​អាក្រក់ អំណាច ចុង​កាណុង​នៅតែមាន​ប្រសិទ្ធភាព​សម្រាប់​មេដឹកនាំ​ទុច្ចរិត​។ ប៉ុន្តែ​ប្រសិនបើ​ថ្ងៃ​ណាមួយ​ចុង​កាណុង​កាំភ្លើង​លែង​បែរ​មករក​ប្រជាជន​ស្លូតត្រង់ ហើយ​បែរ​ទៅរក​ក្រុម​មេដឹកនាំ​ទុច្ចរិត​ទាំងនោះ​វិញ នោះ​គឺជា​ជីវិតចុងក្រោយ​របស់​មេ​ដឹកនាំ​ទុច្ចរិត​ហើយ​។ ហេតុនេះ​ចុង​កាណុង​កាំភ្លើង​របស់​កងកម្លាំង​ប្រដាប់អាវុធ​គឺជា​អំណាច​ដ៏​សំខាន់​សម្រាប់​មេដឹកនាំ មិន​ថា​មេដឹកនាំ​សុចរិត និង​ទុច្ចរិត​ឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com