ជាតិ
​​​ន​យោ​បាយ​ជាតិ​
ACU ថា លោក ស៊ុត ឌីណា មានលុយជាង​ ៧ លានដុល្លារ និងមាស ៣៣៩ ​តម្លឹង​
07, Apr 2016 , 1:05 pm        
រូបភាព

​អង្គ​ភាព​ប្រឆាំងអំពើ​ពុក​រលួយ បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាននៅ​​មុន​​នេះ​បន្តិច​​ថា លោក ស៊ុត ឌីណា មានលុយក្រៅធនាគារចំនួន ៧,២ លាន​ដុល្លារ និងមាស​ចំនួន ៣៣៩ តម្លឹង ស្មើនឹង​ ១២,៧៤ គីឡូក្រាម។ សេចក្តី​ប្រកាស​ព័ត៌មាន​របស​អង្គ​ភាព​​នេះ ដើម្បី​ឆ្លើយ​តប​នឹងអ្នក​លេង​ហ្វេសប៊ុក​មួយ​ចំនួនដែល​ផ្សព្វផ្សាយ​ថា​លោក ស៊ុត ឌីណា ក្រីក្រណាស់។ ​  



លោក ស៊ុត ឌីណា ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំនៅសាធារណៈរដ្ឋ​កូរ៉េខាង​ត្បូង​ មានលុយក្រៅ​ធនាគារចំនួន ៧,២ លានដុល្លារ និងមានមាស​ចំនួន ៣៣៩ តម្លឹង​។ នេះជាដំណឹង​ដ៏គួរឲ្យភ្ញាក់​ផ្អើល​ ដែលបាន​បញ្ចេញតាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅរសៀល​នេះ​។ អង្គភាព​ប្រឆាំ​ងអំពើ​ពុក​រលួយ(ACU) បានបញ្ជាក់ថា លោក ស៊ុត ឌីណា បានចាក​ចេញ​ពីប្រទេស​កម្ពុជាទៅ​ធ្វើជាឯក​អគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​​ប្រទេស​កូរ៉េ​ខាង​ត្បូង នៅថ្ងៃទី ៧ ខែ​កុម្ភៈ ឆ្នាំ ២០១៤ ដែលមកដល់​ពេល​នេះ មានរយៈ​ពេល​​ ២ ឆ្នាំ ១ ខែ ហើយ​​​ក្នុង​រយៈ​ពេល​នេះ​ លោក​ ស៊ុត ឌីណា បានជិះ​យន្ត​ហោះ​មក​ភ្នំពេញ​ចំនួន ២១ ដង​។ បើតាម​សេចក្តី​ប្រកាស​ដដែល​ មុន​នឹង​ទៅ​ធ្វើ​ជាឯក​អគ្គ​រាជ​ទូត ពោល​នៅ​ឆ្នាំ ២០១៣ ​​លោក ស៊ុត ឌីណាមានលុយ​ចំនួន ៤,២ លាន​ដុល្លារអាមេរិក ហើយ​ក្រោយ​ពី​លោក ស៊ុត​ ឌីណា ​កាន់​តំណែង​ជាឯក​អគ្គរាជទូត​ បាន ២ ឆ្នាំ សាច់​ប្រាក់​​កើន​ឡើងចំនួន​​ ៣ លាន​ដុល្លារ។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក៏ចោទ​ប្រកាន់​អ្នក​លេង​ហ្វេសប៊ុកមួយចំនួន ដែល​ថត​​រូប​ភាព​ផ្ទះមិនល្អ​ និង​យក​រូប​ថត​លោក​ ស៊ុត ឌីណា ដែល​ហូបបាយ​កំសត់​ក្រី​ក្រ​ ​យក​មក​ផ្សព្វផ្សាយ​ ថាជាដៃ​ជើង​ និង​ទទួល​ប្រាក់​ខែ​ពី​លោក ស៊ុត ឌីណា។ ACU ចាត់ទុក​សកម្មភាព​នេះថា​ ជាការ​បំភ័ន្ត​មតិ​សាធារណៈ​។ ជាមួយគ្នា​ អង្គភាព​នេះ​ បានរក​ឃើញថា លោក ស៊ុត ឌីណា មាន​ប្រវត្តិ​អាពាហ៍ពិពាហ៍​អាថ៌កំបាំង ហើយ​លោក ស៊ុត ឌីណា ស្នើ​សុំ​ACU មិន​ឲ្យ​ផ្សព្វផ្សាយ​ជាសាធារណៈ។

សេចក្តី​ប្រកាស​ព័ត៌មានរបស់​អង្គ​ភាព​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​លោក ស៊ុត ឌីណា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅប្រទេស​កូរ៉េ កំពុងឆ្លើយ​បំភ្លឺ​នៅ​​តុលាការតាំងពីព្រឹក​ ដែលមកដល់​ពេលរសៀល​ថ្ងៃទី ៧ ខែមេសា​នេះ ​មិន​ទាន់​ចប់​នោះឡើយ។

នៅ​រសៀល​​ម៉ោង ៣ នេះ លោក ឱម យ៉ិនទៀង ក៏ប្រកាស​ធ្វើសន្និសីទកាសែត បកស្រាយ​ជុំវិ​ញ​ករណី​លោក ស៊ុត ឌីណា នេះដែរ៕

Tag:
 ស៊ុត ឌីណា
© រក្សាសិទ្ធិដោយ thmeythmey.com