អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី​បារម្ភ​ពេល ក្រុម​រដ្ឋ IS​បង្កើន​កម្លាំង​ច្រើន​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​
08, Apr 2016 , 3:14 pm        
រូបភាព
ដោយ: ថ្មីៗ
​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​បាន​អះអាងថា ក្រុម​រដ្ឋ​ឥ​ស្ល​ម ឬ​ក្រុម​ដែ​ស្ហ (Daesh) បង្កើន​កម្លាំង​កាន់តែច្រើន​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​។​ក្រុម​នេះ​កាន់កាប់​ខេត្ត ២៥ ក្នុងចំណោម​ខេត្ត​ទាំងអស់ ៣៤ ចាប់តាំងពី​ឆ្នាំ ២០១៥ មកម្ល៉េះ​។ ទឹកដី​ដែល​ធ្លាប់​ស្ថិតក្រោម​ការកាន់កាប់​ដោយ​ក្រុម​តា​លី​បង់​នោះបាន​ក្លាយជា​ឋានសួគ៌​សម្រាប់​ក្រុម​ដែ​ស្ហ ហើយ​វា​នឹង​ក្លាយជា​ទីតាំង​យុទ្ធសាស្ត្រ​សម្រាប់​ក្រុម​នេះ​ពង្រីក​បណ្តាញ​ខ្លួន​ទៅ​តំបន់​ផ្សេងទៀត​ដែរ​។​



​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌​មានកា​ហ្សា​ក់​ស្ថាន​ថ្ងៃ​ព្រហស្បតិ៍​ទី ៧ មេសា ម្សិលមិញ លោក  Grigory Karasin អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​បានលើកឡើង​ថា​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ  កំពុង​បន្ត​ប្រមែរ​ប្រមូល​ក្រុម​អ្នកគាំទ្រ​ខ្លួន​ពី​តំបន់​អាស៊ី​កណ្តាល​មក​ចូលរួម​ជាមួយ​ខ្លួន​នៅ​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​។​
 
​បើតាម​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​នេះ ក្រុម​អ្នកគាំទ្រ​របស់​ភេរវជន​ដែ​ស្ហ​នេះ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ខេត្ត​ចំនួន ២៥ ក្នុងចំណោម​ខេត្ត​ទាំង ៣៤​របស់​អា​ហ្វ​ហ្កា​នី​ស្ថាន ដែល​មានន័យថា ក្រុម​នេះ​មាន​បណ្តាញ​ស្ទើរតែ​ទូរ​ទាំង​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​ទៅហើយ​។ កាលពីដើមឆ្នាំ ២០១៥ កន្លងទៅ មាន​របាយការណ៍​មួយ​បង្ហាញថា ក្រុម​ដែ​ស្ហ​នេះ​ប្រកាស​បង្កើត​រដ្ឋ​ឥស្លាម Khorasan ដែល​ស្ថិត​លើទឹក​ដី​ប៉ា​គី​ស្ថាន​និង​អា​ហ្វ​ហ្កា​នី​ស្ថាន  ហើយ​ក្រុម​នេះ​តែ​តាំង Hafiz Saeed Khan ជា​មេដឹកនាំ​ក្រុម​ប្រចាំ​អាស៊ី​កណ្តាល​។​
 
​ក្រុម​សកម្ម​យុទ្ធ​ភាគច្រើន​ដែល​ចូលរួម​ជាមួយ​ក្រុម​នេះ ជា​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​អាស៊ី​កណ្តាល ក្នុងនោះ​មាន​ប្រទេស​កៀ​ហ្ស៊ី​ស្ថាន​, អ៊ូ​ស​បេ​គី​ស្ថាន​, តា​ហ្ស៊ី​គី​ស្ថាន​, និង​ទឹកដី Caucus ភាគ​ខាងជើង​របស់​រុស្ស៊ី​ផងដែរ​។​
 
​អ្នកការទូត​រុស្ស៊ី​រូបនេះ​ក៏​កត់សម្គាល់​ផងដែរ​ថា ក្រុម​តា​លី​បង់​ក៏​នៅតែមាន​លទ្ធភាព​ប្រយុទ្ធប្រឆាំង​ទាហាន​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល និង​អាច​ដណ្តើម​កាន់កាប់​ទឹកដី​បាន​ច្រើ​ផងដែរ​។ នៅ​ចុងឆ្នាំ ២០១៥ ក្រុម​នេះ​បាន​ដណ្តើម​កាន់កាប់​ទីក្រុង Kunduz ថែមទៀត​។ 
 
​អា​ហ្វ​ហ្កា​នី​ស្ថាន​ទីកន្លែង​សំខាន់​សម្រាប់​ក្រុម​ភេរវជន​នេះ ដ្បិតថា ប្រទេស​នេះ​មិនទាន់​ស្គាល់​សន្តិភាព​ពេញលេញ​ទេ​។ ការចរចា​រវាង​រដ្ឋា​ភិ​បាល​ក្រុង​កា​ប៊ុល​ជាមួយ​ក្រុម​តា​លី​បង់ ក៏​នៅជាប់​ទ្រឹង ហើយ​កងទ័ព​អាមេរិក​និង​សម្ព័ន្ធមិត្ត​ចាក​ចេញពី​ទឹកដី​នេះ​បន្តិច​ម្តងៗ​ជិត​អស់​ដែរ​។ បើ​ក្រុម​នេះ​ពង្រឹងកម្លាំង​របស់ខ្លួន​បាន​ជោគជ័យ វា​នឹង​ឈានទៅ​ពង្រីក​បណ្តាញ​របស់ខ្លួន​នៅ​តំបន់​ជិតខាង ហើយ​បញ្ហា​នឹង​កាន់តែ​ស្មុគស្មាញ ហើយ​គ្រោះថ្នាក់​កាន់តែខ្លាំង​។ 
 
​ពាក់ព័ន្ធ​ការកើនឡើង​នៃ​គ្រោះថ្នាក់​បង្ក​ឲ្យ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នេះ អនុរដ្ឋមន្ត្រី​រុស្ស៊ី​ខាងលើ​ក៏បាន​អំពាវនាវ​ឲ្យ​មានការ​ប្រឹងប្រែង​កាត់ផ្តាច់​ឲ្យ​បាន​នូវ​លំហូរ​ហិរញ្ញវត្ថុ​របស់​ក្រុម​ភេរវជន​ដែល​អនុលោម​តាម​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ ការប្រឆាំង​ភេរវកម្ម​មិនអាច​សម្រេច​បានឡើយ​បើ​គ្មាន​ការ​កាត់ផ្តាច់​ចំណូល​របស់​ក្រុម​នេះ​។  លោក Grigory Karasin ក៏​ស្នើ​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​ដាក់ចេញ​វិធានការ​ប្រឆាំង​ភេរវកម្ម​បន្ថែម​លើ​វិធាន​ការដែល​ត្រូវបាន​បង្កើតឡើង​ក្រោម​ក្របខណ្ឌ អង្គការ​តំបន់​មានដូចជា​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​(CSO) អង្គការ​សន្ធិសញ្ញា​សន្តិ​សុខ​សមូហភាព (CSTO) ជាដើម​៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com