ព័ត៍មានសុខភាព
កាយវិការ​ពេល​គេង​លក់ ប្រាប់​ឲ្យ​ដឹង​អំពី​ទំនាក់ទំនង​ស្នេហា​
14, Apr 2019 , 4:29 pm        
រូបភាព
ដោយ: ធីតា
 
 
​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​បាន​និយាយថា ក្នុងពេលដែល​យើង​គេង​លក់ ភាសា​កាយវិការ​នៃ​ដងខ្លួន​អាច​បញ្ជាក់ប្រាប់​ពី​អារម្មណ៍​របស់​យើង​បាន​។ ទីតាំង​នៃ​ដំណេក​គ្រប់​រូបភាព​ក្នុងពេលដែល​អ្នក និង​គូស្នេហ៍​ដេក​លង់លក់​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​នៃ​ទំនាក់ទំនង​របស់​អ្នក​ទាំងពីរ​។ គេហទំព័រ Littlethings.com បាន​លើក​យកមក​បង្ហាញ​ពី​ទីតាំង​ដំណេក​ចំនួន ១០ របស់​គូស្នេហ៍​ជាទូទៅ​។​

 
1.​ ​គេង​ស្របគ្នា ដោយ​ម្នាក់​ឱប​ម្នាក់ទៀត​ពីក្រោយ​
​លោក Patti Wood អ្នកឯកទេស​ខាង​ភាសា​នៃ​ដងខ្លួន​បញ្ជាក់ថា ដំណេក​ទម្រង់​នេះ​ធ្វើ​ឲ្យ​ឈឺខ្លួន​ប្រាណ តែ​វា​ជា​ភាសា​ប្រាប់​ពី​ភាព​ផ្អែម​ល្អែ​ម​នៃ​ទំនាក់ទំនង​ស្នេហា និង​ការជឿទុកចិត្ត​គ្នា​។​
 
2.​ ​គេង​ក្បែរ​គ្នា ដោយ​ម្នាក់​យកដៃ​ប៉ះ​ម្នាក់ទៀត​ពីក្រោយ​
​វា​ស្រដៀង​នឹង​ទម្រង់​ទី ១ ដែរ តែ​ខុសគ្នា​ត្រង់​ទម្រង់​នេះ​ម្នាក់ៗ​មាន​គម្លាត​ឆ្ងាយ​ពីគ្នា​បន្តិច​។ នេះ​ជា​ទម្រង់​ដែល​អាច​ឲ្យ​គូស្នេហ៍​ម្នាក់ៗ​គេង​លក់​យ៉ាង​ស្រួល​។ ពិតមែនតែ​វា​មិនសូវ​ស្និទ្ធ​ដូច​ទម្រង់​ទី​១ តែ​ការ​យកដៃ​ប៉ះ​ដៃគូ​របស់ខ្លួន​ពីក្រោយ​ជា​សញ្ញា​បញ្ជាក់​ប្រាប់ថា « ខ្ញុំ​នៅ​ពីក្រោយ​អ្នក​ហើយ សូមកុំ​ភ័យខ្លាច​អ្វី​ទាំងអស់ »​។​
 
3.​ ​ទម្រង់​ដេញតាម​
​ទម្រង់​ដេញចាប់​នេះ​គឺ មនុស្ស​ម្នាក់​គេង​ខិត​ទៅ​ប​បះ​មាត់​គ្រែ ហើយ​ម្នាក់ទៀត​គេង​ខិត​ទៅតាម​។ ទម្រង់​នេះ​ក៏​ស្រដៀង​គ្នា​នឹង​ទម្រង់​ទី ១ ដែរ​។ តែ​វា​មាន​អត្ថន័យ​មិន​ដូចគ្នា​ទេ​។ ទម្រង់​ដេញតាម​មានន័យ​ពីរ​យ៉ាង ទី​១ អ្នក​ដែល​ខិត​ទៅ​ប​បះ​មាត់​គ្រែ​ចង់​ឲ្យ​ម្នាក់ទៀត​មានការ​លំបាក​បន្តិច​ក្នុងការ​តាម​ខ្លួន​។ ទី​២ គឺ​អ្នក​ដែល​ដកថយ​ទៅក្រោយ​នោះ ចង់​ឲ្យ​មាន​គម្លាត​បន្តិច​ពី​ដៃគូ​របស់ខ្លួន​។​
 
4.​ ​ឱប​ជាប់​ប្រទាក់​គ្នា​
​ដៃ​ឱប​គ្នា​ទៅវិញទៅមក ឯជើង​ទាំងពីរ​របស់​គូស្នេហ៍​ប្រទាក់​គ្នា​។ នេះ​ជា​ទម្រង់​ដ៏​ស្និទ្ធស្នាល​ជាទីបំផុត ហើយ​វា​ក៏​កម្រ​នឹងមាន​អ្នក​គេង​ក្នុង​ទម្រង់​របៀប​នេះដែរ​។ ទម្រង់​នៃ​ដំណេក​របៀបនេះ​ច្រើនតែ​ធ្វើ​បន្ទាប់ពី​ការរួម​ភេទ​រួច ឬ​នៅ​គ្រា​ដំបូង​នៃ​ទំនាក់ទំនង​ស្នេហា​ដ៏​ផ្អែម​ល្អែ​ម​។ ប៉ុន្តែ​ដំណេក​របៀបនេះ​បញ្ជាក់ថា គូស្នេហ៍​ទាំងពីរ​ត្រូវការ​គ្នា​យ៉ាងខ្លាំង ហើយ​មិនអាច​គេង​ឆ្ងាយ​ពីគ្នា​បានទេ​។​
 
5.​ ​ឱប​ជាប់​គ្នា រួច​ព្រលែង​វិញ​
​ជាដំបូង​គូស្នេហ៍​គេង​ឱប​ជាប់​ប្រទាក់​គ្នា​ក្នុង​ទម្រង់​ដំណេក​ទី ៤ តែ​បន្ទាប់ពី​ដេកលក់ ក៏​ព្រលែង​គ្នា​វិញ​។ ដំណេក​របៀបនេះ​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​ដ៏​រឹងមាំ​។ អ្នកឯកទេស​បាន​និយាយថា ទម្រង់​នៃ​ដំណេក​នេះ​សបញ្ជាក់​ពី​ភាពស្និទ្ធស្នាល និង​ឯករាជ្យភាព ហើយ​វា​ធ្វើ​ឲ្យ​អ្នក​ទាំងពីរ​មាន​សេចក្តីសុខ​។​
 
6.​ ​បែរខ្នង​ដាក់គ្នា ដោយ​រក្សា​គម្លាត​
​គេង​បែរខ្នង​ដាក់គ្នា ហើយ​ឃ្លាត​ពីគ្នា​បន្តិច​។ ដំណេក​របៀបនេះ​មិនមែនជា​សញ្ញា​អវិជ្ជមាន​ទេ វា​បញ្ជាក់​ពី​ភាពស្និទ្ធស្នាល និង​ឯករាជ្យភាព​ក្នុង​ទំនាក់ទំនង​ស្នេហា​។ ប្តី​ប្រពន្ធ​ប្រមាណ ១/៣ ចូលចិត្ត​ទម្រង់​នេះ​ណាស់​។​
 
7.​ ​បែរខ្នង​ដាក់គ្នា ខ្នង​ប៉ះគ្នា​
​វា​ដូចគ្នា​នឹង​ទម្រង់​ទី ៦ ដែរ ខុសគ្នា​ត្រង់​ខ្នង​ប៉ះគ្នា​។ អ្នកឯកទេស​នៃ​ទំនាក់ទំនង​ស្នេហា​បាន​និយាយថា ដំណេក​របៀបនេះ​បញ្ជាក់ថា ប្តី​ប្រពន្ធ​ទាំងពីរ​មាន​អារម្មណ៍​ធូរស្រាល​ក្នុង​ចិត្ត និង​កក់ក្តៅ​រវាង​គ្នា​។ ទម្រង់​ដំណេក​នេះ​ច្រើន​កើតមាន​ចំពោះ​ប្តី​ប្រពន្ធ​ថ្មីថ្មោង ឬ​គូស្នេហ៍​ដែល​នៅ​ជាមួយគ្នា​តិចជាង​មួយឆ្នាំ​។​
 
8.​ ​គេង​លើ​ដើមទ្រូង​
​ភាគច្រើន​គឺ​ស្ត្រី​គេង​លើ​ដើមទ្រូង​បុរស ហើយ​យក​ជើង​គង​បុរស​។ អ្នកឯកទេស​ផ្នែក​ចិត្តសាស្ត្រ​មួយរូប​អះអាងថា ទម្រង់​នៃ​ដំណេក​នេះ​បញ្ជាក់​ពី​ការផ្តល់​ទំនុកចិត្ត និង​ការការពារ​ខ្ពស់បំផុត​ដល់ដៃ​គូ​។​
 
9.​ ​ជើង​គង​លើ​អ្នក​
​ម្នាក់​យក​ជើង​គង​លើ​ម្នាក់ទៀត ដំណេក​របៀបនេះ​បញ្ជាក់ថា អ្នក​ដែល​យក​ជើង​គង​គេ​នោះ​ត្រូវការ​ការតភ្ជាប់​ផ្នែក​អារម្មណ៍ ឬ​ទំនាក់ទំនង​ផ្លូវភេទ ហើយ​វា​ក៏​ឆ្លុះបញ្ចាំង​ថា អ្នកនោះ​មិនបាន​ទទួល​របស់​ទាំង​ពីរ​យ៉ាងនេះ​គ្រប់គ្រាន់​ទេ​។​
 
10.​ ​គេង​ត្រដាងដៃ​ត្រដាង​ជើង​
​អ្នក​ដែល​ចូលចិត្ត​គេង​ត្រដាងដៃ​ត្រដាង​ជើង​បញ្ជាក់ថា អ្នកនោះ​ជាម​នុស្ស​អ​ត្មា​និយម ព្រោះ​គេ​នឹងធ្វើ​ឲ្យ​ម្នាក់ទៀត​ត្រូវ​ធ្លាក់​ពីលើ​គ្រែ​។ អ្នកឯកទេស​បាន​និយាយថា ដំណេក​របៀបនេះ​បញ្ជាក់​ពី​អ​សមភាព​នៃ​ការប្រើប្រាស់​អំណាច​នៅក្នុង​ទំនាក់ទំនង​ស្នេហា​។​
 
​បើ​ប្តី​ប្រពន្ធ​គេង​ដោយ​ដាក់​ក្បាល​ស្មើគ្នា បញ្ជាក់ថា ពួកគេ​ប្រើប្រាស់​សិទ្ធិអំណាច​ស្មើគ្នា​។ ចំពោះ​ទម្រង់​ដំណេក​ទី ១០ នេះ អ្នក​ដែល​គេង​ជិត​ក្បាល​គ្រែ​ច្រើនតែ​ជាម​នុស្ស​ចូលចិត្ត​គ្រប់គ្រង​គេ និង​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ឯ​អ្នក​ដេ​ល​គេង​ឆ្ងាយ​ពី​ក្បាល​គ្រែ ជា​មនុស្ស​មិនសូវ​ទុកចិត្ត​ខ្លួនឯង​ប៉ុន្មាន​ទេ​៕

Tag:
 ​ប្លែក​
© រក្សាសិទ្ធិដោយ thmeythmey.com