ជាតិ
អតីត​សិស្ស​វិទ្យាល័យ ២៤ កញ្ញា បង្កើត​កម្មវិធី​«​សង្ក្រាន្ត​ភូមិ​យើង​»​នៅ​ថ្ងៃ​ចូលឆ្នាំ​
11, Apr 2016 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​អតីត​សិស្ស​វិទ្យាល័យ ២៤ កញ្ញា នៅ​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​មួយក្រុម ផ្តើមគំនិត​រៀ​បំ​កម្មវិធី​ដែល​ពួកគេ​ដាក់ឈ្មោះថា​«​សង្ក្រាន្ត​ភូមិ​យើង​» ដែល​នឹង​ធ្វើឡើង​រយៈពេល​បី​ថ្ងៃ នៅ​វត្ត​ក្រាង​គងពិសី​។ ការបង្កើត​កម្មវិធី​នេះ​ឡើង​ក្នុង​គោលបំណង បង្ហាញ​សារ​អប់រំ​ដល់​យុវជន កៀរគរ​យុវជន​ឲ្យ​សាមគ្គី​គ្នា លេងល្បែង​ប្រជាប្រិយ​ខ្មែរ និង​ការជួយ​ជុំ​បណ្តា​សិស្ស​វិទ្យាល័យ​របស់​ពួកគេ រួមទាំង​ស្វែងរក​មូលនិធិ​ជួយ​ដល់​កុមារ​ផងដែរ​។​



​កម្មវិធី​«​សង្ក្រាន្ត​ភូមិ​យើង​»​លើកទីមួយ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៣-១៥ មេសា នៅ​វត្ត​ក្រាង​គងពិសី ហៅ​វត្ត​២៤​កញ្ញា ត្រូវបាន​កញ្ញា ហុក ធី​ដា ដែលជា​អ​តី​សិស្ស​វិទ្យាល័យ ២៤ កញ្ញា ម្នាក់ ក្នុងចំណោម​សមាជិក​ជាង​២០​នាក់​ដែល​រៀបចំ​កម្មវិធី​នេះ បាន​បញ្ជាក់ថា កម្មវិធី​«​សង្ក្រាន្ត​ភូមិ​យើង​» គឺ​រៀបចំ​ក្នុង​គោលបំណង​បង្ហាញ​សារ​អប់រំ​ដល់​យុវជន តាម​ការសម្តែង​រឿង​ខ្លីៗ​, កៀរគរ​យុវជន​ឲ្យ​សាមគ្គី​គ្នា តាមរយៈ​ការលេង​ល្បែង​ប្រជាប្រិយ និង​ការ​រាំ​កម្សាន្ត រួមទាំង​ការជួបជុំ​មិត្តភក្តិ​នៅ​វិទ្យាល័យ​របស់​ពួកគេ​។​ល​។​

​នៅក្នុង​ន័យ​មួយទៀត ការរៀបចំ​កម្មវិធី​នេះ​ឡើង​ក៏​ដើម្បី​រៃអង្គាស និង​ស្វែងរក​ថវិកា​ជួយ​ដល់​កុមារ​នៅ​សាលាបឋមសិក្សា ២៤ កញ្ញា​ផងដែរ​។​

​សូមបញ្ជាក់ថា រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយនេះ ចាប់ផ្តើម​មាន​ចលនា​ក្រុមយុវជន ផ្តួចផ្តើម​គំនិត​រៀបចំ​កម្មវិធី​តាមបែប​ប្រពៃណី​ខ្មែរ ដោយមាន​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ និង​ការ​រាំ​កម្សាន្ត​ជាដើម នៅតាម​សាលារៀន​, ភូមិ​-​ឃុំ និង​វត្ត​អារាម​នៅតាម​ស្រុកកំណើត​របស់​ពួកគេ​៕


Tag:
 យុវជន​
  ចូលឆ្នាំ​
© រក្សាសិទ្ធិដោយ thmeythmey.com