ជាតិ
សេរីភាពសារព័ត៌មាននៅកម្ពុជាឡើង១១លេខ ហើយនៅតែប្រសើរជាងគេនៅអាស៊ាន
× សេរីភាពសារព័ត៌មាននៅកម្ពុជាឡើងពីចំណាត់ថ្នាក់លេខ១៣៩នៅឆ្នាំ២០១៥ មកលេខ១២៨ក្នុងចំណោម១៨០ប្រទេសនៅឆ្នាំ២០១៦ ។ នេះបើតាមរបាយការណ៍ 2016 World Press Freedom Index របស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ដែលទើបតែចេញផ្សាយកាលពីថ្ងៃពុធ ទី២០ ខែមេសា។
អង្គការអ្នកកាសែតគ្មានព្រំដែន បានផ្តល់០,២៩ពិន្ទុបន្ថែមដល់កម្ពុជា ដើម្បីទទួលបានពិន្ទុសរុប ៤០,៩៩ សម្រាប់ឆ្នាំ២០១៦។ ពិន្ទុសរុបនេះនាំឲ្យសេរីភាពសារព័ត៌មានកម្ពុជាឡើងចំណាត់ថ្នាក់១១លេខ ដោយពី១៣៩ មក១២៨ ក្នុងចំណោម១៨០ប្រទេស។
សម្រាប់ប្រទេសនៅតំបន់អាស៊ាន កម្ពុជាមានចំណាត់ថ្នាក់ល្អប្រសើរជាងគេដោយស្ថិតនៅលេខ១២៨ ដោយនាំមុខប្រទេស៩ផ្សេងទៀត ដែលមានរួមមាន ឥណ្ឌូនេស៊ី (១៣០) ថៃ (១៣៦) ហ្វីលីពីន (១៣៨) មីយ៉ាន់ម៉ា (១៤៣) ម៉ាឡេស៊ី (១៤៦) សឹង្ហបុរី (១៥៤) ប្រ៊ុយណេ (១៥៥) ឡាវ (១៧៣) និងវៀតណាម (១៧៥) ។
ទោះបីជាយ៉ាងណាក៏ដោយ អង្គការអ្នកកាសែតគ្មានព្រំដែន នៅតែកត់សម្គាល់ឃើញថា សារព័ត៌មានជាច្រើននៅកម្ពុជាស្ថិតនៅក្រោមការត្រួតពិនិត្យដោយប្រយោល ហើយអ្នកកាសែតនៅតែមានបញ្ហានៅពេលចុះយកព័ត៌មានទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ ការជូញដូរធនធានធម្មជាតិផ្សេងៗ ជាដើម។ ការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ក៏ផ្នែកមួយដែលធ្វើឲ្យអ្នកសារព័ត៌មានព្រួយបារម្ភផងដែរ៕
Tag:
អ្នកកាសែតគ្មានព្រំដែន
សេរីភាពសារព័ត៌មាន
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com