ជាតិ
នយោបាយជាតិ
ACU កោះហៅលោក នី ចរិយា ចូលផ្ដល់ចម្លើយ ទាក់ទងនឹងរឿងស្រីមុំ
×
លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ACU ចេញលិខិតកោះហៅ ដើម្បីមកស្ដាប់ចម្លើយពាក់ព័ន្ធនឹងករណីកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ក្រោយពីមានព័ត៌មានថា មានមន្ត្រីសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀត បានបង្គាប់នាងឲ្យនិយាយកុហកនៅចំពោះមុខសមត្ថកិច្ច។
លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា លោកពិតជាត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចេញលិខិតកោះហៅឲ្យចូលផ្ដល់ចម្លើយ នៅថ្ងៃទី២៨មេសា។ ទាក់ទងនឹងករណីកញ្ញា ស្រីមុំ នេះលោក នី ចរិយា សុំបដិសេធមិនបកស្រាយអ្វីឡើយ ដោយគ្រាន់តែលោកបញ្ជាក់ថា លោកនឹងចូលខ្លួនតាមការកោះហៅ និងបកស្រាយនៅចំពោះមុខប្រធានអង្គភាពប្រឆាំងអំពើពុករលួយតែម្ដង។
នៅក្នុងសន្និសីទព័ត៌មាននៅរសៀលនេះ លោក ឱម យ៉ិនទៀង បានឲ្យដឹងថា អង្គភាពលោកបានចេញលិខិត កោះហៅមន្ត្រីសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធចំនួន៨រូប ដើម្បីមកស្ដាប់ចម្លើយពួកគេ ក្រោយពីមានព័ត៌មានលេចឮថា មន្ត្រីទាំងនេះ បានបង្គាប់ឲ្យកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ និយាយកុហកនៅចំពោះមុខសមត្ថកិច្ច។
បើតាមលិខិតកោះហៅដែលចេញដោយ លោក នួន សុធីមន្ត ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹងនិងអន្តរជាតិ មានខ្លឹមសារដូចគ្នានោះ បានកោះហៅអតីតមេធាវីស្រីមុំ ឈ្មោះ អ្នកស្រី ទ្រី ឈូន ។ លោក លឹម មុនី មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគម។ លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគម ។ លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមនិងលោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត។ តាមលិខិតកោះហៅនោះ អ្នកស្រី ទ្រី ឈូន ត្រូវបង្ហាញខ្លួននៅអង្គភាពនៅថ្ងៃទី២៧ ខែមេសា វេលាម៉ោង៨ព្រឹក លោក នី សុខា នៅម៉ោង៩ព្រឹក លោក យី សុខសាន្ត នៅម៉ោង២រសៀលនិងលោកណៃ វ៉ងដា នៅម៉ោង៣រសៀល។ ចំណែកលោក លឹម មុនី ត្រូវបង្ហាញខ្លួននៅថ្ងៃទី២៨ ខែមេសា វេលាម៉ោង១០ព្រឹក៕
Tag:
ACU
នី ចរិយា
ស្រីមុំ
© រក្សាសិទ្ធិដោយ thmeythmey.com