ជាតិ
សិល្បះ
ភរិយា​លោក គ​ង្គ ប៊ុន​ឈឿន គ្រោង​សុំ​អន្តរាគមន៍​ពីស​ម្តេច ហ៊ុន សែន រឿង​ទីតាំង​សង់​សំណាក​ស្វាមី​
27, Apr 2016 , 6:46 pm        
រូបភាព
 
​ភរិយា​កវី គ​ង្គ ប៊ុន​ឈឿន គឺ​អ្នកស្រី តាត គឹម​លន កំពុង​រៀបចំ​សរសេរ​លិខិត​ស្នើសុំ​អន្តរាគមន៍​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​អភិបាលខេត្ត​បាត់ដំបង ច័ន្ទ សុផល ដើម្បី​អ្នកស្រី​អាច​ទទួលបាន​ទីកន្លែង​ដាក់តាំង​រូបសំណាក លោក គ​ង្គ ប៊ុន​ឈឿន ក្បែរ​ស្ទឹង​សង្កែ ក្នុង​ខេត្តបាត់ដំបង​។ អ្នកស្រី​នឹង​នាំ​អដ្ឋិធាតុ​ស្វាមី​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​២១​ឧសភា​ខាងមុខនេះ​។​


 សំឡេងអ្នកស្រី តាត គឹម​លន



 
​អ្នកស្រី តាត គឹម​លន ភរិយា​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ​កំពុង​ស្វែងរក​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរខេត្ត​បាត់ដំបង ដើម្បី​អ្នកស្រី​អាចបំពេញ​បំណង​ចុងក្រោយ​របស់​ស្វាមី​អ្នកស្រី​។ លោក គ​ង្គ ប៊ុន​ឈឿន ដែល​ត្រូវបាន​មហាជន​ហៅថា ជា​កវី​ម្ចាស់​ស្ទឹង​សង្កែ និង​ជា​អ្នកនិពន្ធ​តាំងពី​ទស្សវត្សរ៍​១៩៦០​មក​នោះ មាន​ក្តី​ប្រាថ្នា​ចង់បាន​រូបសំណាក​រប​ស់លោក ប្រតិស្ឋាន​នៅក្បែរ​ស្ទឹង​សង្កែ ដែល​លោក​ចាត់ទុកថា​ជា​ជីវិត​របស់លោក​។ ហើយ​ម្យ៉ាងទៀត​ខេត្តបាត់ដំបង គឺជា​ទីកន្លែង​កំណើត​របស់លោក​ផង​។​
 
​អ្នកស្រី តាត គឹម​លន បាន​មានប្រសាសន៍ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ពី​ប្រទេស​ន័​រវេ​មក​ថា​៖«​សូម​ឲ្យ​រដ្ឋាភិបាល​បើកផ្លូវ​ជួយ ឲ្យ​មាន​រូបសំណាក​របស់គាត់ (​លោក គ​ង្គ ប៊ុន​ឈឿន​)​។ បើសិនជា​អាចដាក់​រូបសំណាក​នៅក្បែ​រ​ដើម​ដូង​ទី​១០ ដូច​លោក​អភិបាលខេត្ត​មានប្រសាសន៍​កន្លងមក​នេះ គឺ​ល្អ​ណាស់​។ ខ្ញុំ​គាំទ្រ​ទាំងស្រុង​»​។​
 
​ទាក់ទង​នឹង​ទីតាំង​តម្កល់​ធាតុ​របស់លោក គ​ង្គ ប៊ុន​ឈឿន វិញ បើតាម​ការបញ្ជា​ក់រប​ស់​អ្នកស្រី គឹម​លន ដដែល ក្រុមគ្រួសារ​អ្នកស្រី​ក៏​ចង់បាន​ទីតាំង​មួយ​ដែល​អាច​សាងសង់​ជា​អាស្រម​ដែល​អាចដាក់​តម្កល់​ធាតុ​ផង និង​អាច​ដាក់តាំង​ស្នាដៃ​របស់លោក គ​ង្គ ប៊ុន​ឈឿន សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​
 
​ដើម្បី​បានទទួល​ផ្លែផ្កា​ទាំងនេះ អ្នកស្រី តាត គឹម​លន បាន​បញ្ជាក់ថា អ្នកស្រី​កំពុង​រៀបចំ​ធ្វើលិខិត​ដើម្បី​ផ្ញើជូន​សម្តេច ហ៊ុន សែន និង​លោក​អភិបាលខេត្ត​ផងដែរ មុននឹង​អ្នកស្រី​នាំ​ធាតុ​របស់​ស្វាមី​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២១​ខែឧសភា​ខាងមុខនេះ​៕
 

Tag:
 គ​ង្គ ប៊ុន​ឈឿន
 តាត គឹម​លន
© រក្សាសិទ្ធិដោយ thmeythmey.com