អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ដូ​ណា​ល់​ត្រាំ​ថា បើ​ហ៊ី​ឡា​រី គ្លី​ន​តុ​ន ជា​ប្រុស គ្មាន​អ្នកបោះឆ្នោត​ឲ្យ​ទេ​
29, Apr 2016 , 8:15 am        
រូបភាព
ដោយ: ថ្មីៗ
​បេក្ខជន​នាំមុខ​បក្ស​សាធារណរដ្ឋ ដូ​ណា​ល់ ត្រាំ ចាប់ផ្តើម​វាយប្រហារ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​កាន់តែខ្លាំង​ក្រោយ​ជ័យជម្នះ​ថ្ងៃ​អង្គារ​ក្នុងការ​បោះឆ្នោត​ក្នុង​រដ្ឋ​ចំនួន ៥​។ លោក​ថា ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានទទួល​ការគាំទ្រ​ច្រើន​ដោយសារតែ​គាត់​ជាម​នុស្ស​ស្រី ហើយ​លោកស្រី​នៅសល់ត្រឹមតែ «​សន្លឹក​បៀរ​ស្ត្រី​»​ប៉ុណ្ណោះ​។
 

​ក្រោយ​ទទួលបាន​ជ័យជម្នះ​នៅ​រដ្ឋ​ចំនួន ៥ កាលពី​ថ្ងៃ​អង្គារ លោក ដូ​ណា​ល់ ត្រាំ បេក្ខជន​នាំមុខ​បក្ស​សាធារណរដ្ឋ​ចាត់ទុក​ខ្លួនឯង​ជា​អ្នកតំណាង​បក្ស​ដែល​ត្រូវ​ប្រជែង​ជាមួយ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ ៨​ខែវិច្ឆិកា​ឆ្នាំ ២០១៦​ទៅហើយ​។ លោក​ឈប់​វាយប្រហារ​គូប្រជែង​ក្នុង​បក្ស តែ​ចាប់ផ្តើម​ងាក​មក​វាយប្រហារ​លោក​ស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដែល​ទើប​ឈ្នះ​ការបោះឆ្នោត​សាកល្បង​នៅ​រដ្ឋ​ចំនួន​បួន​នៅ​ថ្ងៃ​អង្គារ​ដែរនោះ​។ 
 
​សេដ្ឋី​អចលនទ្រព្យ ដូ​ណា​ល់ ត្រាំ នេះ​មើលឃើញថា លោកស្រី អតីតរដ្ឋមន្ត្រី​ការបរទេស​នេះហើយ​ជា គូប្រជែង​របស់ខ្លួន​ក្នុង​សមរភូមិ​នយោបាយ​ចុងក្រោយ​។ តែ​អ្នកនយោបាយ​ម្នាក់នេះ​កាន់តែ​ក្អេងក្អាង និង​មាន​ជំនឿ​ចិត្ត​ថា លោក​នឹង​ផ្តួល​លោកស្រី គ្លី​ន​តុ​ន បាន​។​
 
​យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោក​រិះគន់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ថា លោកស្រី​បានទទួល​ជ័យជម្នះ​និង​ការគាំទ្រ​ច្រើន​ដោយសារតែ​លោកស្រី​ជា​មនុស្ស​ស្រី​ប៉ុណ្ណោះ​។ «​ខ្ញុំ​គិតថា ហ៊ី​ឡា​រី គ្លី​ន​តុ​ន​មាន​ត្រឹម​សន្លឹក​បៀរ​ស្ត្រី​ប៉ុណ្ណោះ​។ គាត់​គ្មានអ្វី​សម្រាប់​ប្រាស់​ទៀត​ទេ​។ ហើយ​និយាយ​តាម​ត្រង់​ចុះ បើសិន​ហ៊ី​ឡា​រី គ្លី​ន​តុ​ន ជា​មនុស្ស​ប្រុស​នោះ ខ្ញុំ​មិន​គិតថា លោកស្រី​អាច​រក​សំឡេងគាំទ្រ​បានត្រឹម​​៥​ភាគរយ​ឡើយ​»​។​
 
​សម្រាប់​លោក ដូ​ណា​ល់ ត្រាំ ជ័យជម្នះ​របស់លោក​ស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​កន្លងមក​បាន​ដោយសារតែ​លោកស្រី​ជា​ស្ត្រី​ប៉ុណ្ណោះ ហើយ​គេ​ផ្តល់​តម្លៃ​ឲ្យ​មនុស្ស​ស្រី​។ នេះ​មិនមែន​មានន័យថា គេ​ពេញចិត្ត​គោលនយោបាយ​ឬក៏​ការដឹកនាំ​របស់លោក​ស្រី​ឡើយ​។ បច្ចុប្បន្ននេះ សេដ្ឋី​អចលនទ្រព្យ​រូបនេះ​កំពុង​ស្វែងរក​ចំណុច​ខ្វះខាត​និង​បញ្ហា​នានា​របស់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដើម្បី​ត្រៀម​វាយប្រហារ​លើ​លោកស្រី​ក្នុងពេលដែល​លោក​ទទួលបាន​ការតែងតាំង​ពី​បក្ស​ខាងមុខ​នោះ​។ 
 
​យ៉ាងណា​ក៏ដោយចុះ ចលនា​ប្រឆាំង​លោក​ដូ​ណា​ល់​ត្រាំ ក្នុង​បក្ស​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដែល​វា​មានន័យថា លោក​មិនអាច​ត្រេកអរ​ឡើយ​បើសិនជា​លោក​មិនទាន់បាន​ជ័យជម្នះ​និង​ការតែងតាំង​ពី​បក្ស​ជា​ផ្លូវការ​ទេនោះ​។ ចំណែក​លោកស្រី ហ៊ី​ឡា​រី​គ្លី​ន​តុ​ន ឯណោះ​វិញ​កំពុង​ទទួលបាន​ការគាំទ្រ​ច្រើន​ទាំង​ក្នុង​និង​ក្រៅប្រទេស ហើយ​លោកស្រី​ឈ្នះ​ដាច់​គូប្រជែង​លោកស្រី លោក ប៊ែ​នី សេន​ដឺ (Bernie Sanders) រួចទៅហើយ​។ ដែល នេះ​បង្ហាញថា លោកស្រី​មានសង្ឃឹម​ច្រើន ហើយក៏​នឹង​អាច​ក្លាយជា​ប្រធានាធិបតី​ស្ត្រី​របស់​អាមេរិក​ដំបូង​បំផុត​ដែរ​៕
 

Tag:
 ហ៊ីឡារីគ្លីនតុន
 ដូណាល់ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com