ជាតិ
ត្រី​៦៨​តោន​ងាប់ និង​ឆេះ​ព្រៃ​លិច​ទឹក​ជាង​២០០​ហិច​តា​នៅ​តំបន់​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មារ​
30, Apr 2016 , 7:59 pm        
រូបភាព
រូបពីហ្វេសប៊ុក
រូបពីហ្វេសប៊ុក
ដោយ: ថ្មីៗ
​ត្រី​រាប់​តោន​នៅ​តំបន់​អភិរក្ស​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មារ បាន​ពុល​ងាប់ ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង ខណៈ​ព្រៃ​លិច​ទឹក  ក្នុង​បណ្តា​ខេត្ត​នានា​ជុំវិញ​បឹង​ទន្លេសាប​បាន​រង​ការឆាបឆេះ ជាច្រើន​ហិច​តា​។ ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ទន្លេសាប បាន​ហាមប្រាម​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ដុត​ព្រៃ​ដើម្បី​ចាប់​សត្វ និង​គ្រប់គ្រង​ភ្លើង​ដែល​ខ្លួន​បង្កើតឡើង​ឲ្យ​បានល្អ ចៀស​វាស​ឆេះ​រាលដាល ខណៈ​អាកាសធាតុ​កំពុង​ក្តៅ ព្រមទាំង​ចូលរួម​ពន្លត់ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ដើម្បី ការពារ​ធាន​ធាន​ធម្មជាតិ នៅ​កម្ពុជា​។​



​ត្រី​សរុប​ជាង​៦៨​តោន​នៅ​តំបន់​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មារ ដែល​ស្ថិតនៅក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ងាប់​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃទី​២២​ខែមេសា​។ ភាគច្រើន​ត្រី​ដែល​ងាប់ គឹ ប្រភេទ​ត្រី​មាន​រំអិល​(​ត្រី​រៀល ត្រី​ច្រកែង ត្រី​កញ្ចុះ ត្រី​តា​អោន​ជាដើម​)​។ នេះ​បើ​ផ្អែក​សេចក្តីប្រកាស​ព័ត៌មាន​រួម​រវាង ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ទន្លេសាប​។​

​បើតាម​ស្ថាប័ន​ទាំងពីរ​ត្រី​ងាប់​ដ៏​ច្រើន​នេះ គឺ​មកពី​អាកាសធាតុ​ក្តៅ​ហួតហែង​ខ្លាំង​(​ចន្លោះ​ខែមេសា និង​ឧសភា​) និង​ពុំមាន​ភ្លៀង​ធ្លាក់ ដែល​ធ្វើ​ឲ្យ​ផ្ទៃ​ទឹក និង​ទឹក​ឡើងក​ម្តៅ​ដែល​ធ្វើ​ឲ្យ​បរិមាណ​អុកស៊ីសែន​នៅក្នុង​ទឹក​ថយចុះ រួមផ្សំ​នឹង​បាតុភូតធម្មជាតិ​ខ្យល់​កន្ត្រាក់​ចំ​តំបន់​នោះ ដែល​ធ្វើ​ឲ្យ​ភក់​ឡើង​បង្ក​ឲ្យ​ស្ទះ​ស្រកី​ដកដង្ហើម​។​

​ក្រសួងបរិស្ថាន អាជ្ញាធរ​ទន្លេសាប សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដាក់ចេញ​នូវ​វិធានការ​បឋម ដែល​រួមមាន​ការបង្កើត​ទីជម្រក​ដោយ​ពង្រាយ​កំប្លោក និង​បូមទឹក​បញ្ចូល​ក្នុង​បឹង​ទន្លេ​ឆ្មារ ដើម្បី​បរិមាណ​អុកស៊ីសែន​ទឹក ដើម្បី​សង្គ្រោះ​ជីវចម្រុះ​នៅ​តំបន់​នេះ​។


​សូមបញ្ជាក់ថា ករណី​ត្រី​ងាប់​ដ៏​ច្រើន​នេះ មិនមែនជា​លើក​ទី​១​នោះទេ កាលពី​ខែមិថុនា ឆ្នាំ​២០១៤ មាន​ត្រី​ងាប់​សរុប​៨៩​តោន និង​នៅ​ខែឧសភា ឆ្នាំ​២០១៥ មាន​ត្រី​ងាប់​ចមនួន​១៧៦​តោន ដោយសារ​ខ្យល់ព្យុះ​ដែល​តែង​កើតឡើង​នៅ​ចុងរដូវ​ប្រាំង​ចន្លោះ​ខែមេសា និង​មិថុនា​។​

​នៅ​ឆ្នាំ​២០១៦​នេះ អាកាសធាតុ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ធនធាន​ជលផល ពិសេស​នៅ​តំបន់​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មារ​។ ជាមួយគ្នា​នៅ​តំបន់​នេះ ក៏មាន​ករណី​ឆេះ​ព្រៃ​លិច​ទឹក​ចំនួន​៥​ចំណុច ដោយ​បំផ្លាញ​ព្រៃ​លិច​ទឹក​អស់​ជាង​២២៨​ហិច​តា​។ មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន និង​កំពុង​ចាត់វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​នេះ​។​

​បើតាម​សេចក្តីប្រកាស​ព័​ត៌​ដដែល ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក នៅ​បឹង​ទន្លេសាប ក៏បាន​កើតឡើង​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ដែរ ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង​។ តំបន់​ព្រៃ​លិច​ទឹក​មួយចំនួនទៀត​ក៏​កំពុង​ឆេះ ដែល​រួមទាំង​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​អភិរក្ស​ជលផល​អតីត​ឡូ​តិ៍​លេខ​២ ខេត្តបាត់ដំបង ឬ​តំបន់​ស្នួល​ព្រែក​ទាល់​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប​។ មូលហេតុ​គឺ​ដោយសារ​ប្រជាជន​ដុត​ដើម្បី​ចាប់​សត្វ ការ​ធ្វេស​ប្រហែល​របស់​ប្រជាជន​ដែល​ដាំ​ស្ល​រួច​មិន​ពន្លត់ភ្លើង និង​ការ​រាលដាល​ពី​ដុត​រាន​ព្រៃ​ធ្វើ​កសិកម្ម​នៅ​ខាងក្រៅ​តំបន់​អ​ភរ​ក្ស​។

​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ទន្លេសាប សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ដុត​ព្រៃ​ដើម្បី​ចាប់​សត្វ និង​ត្រូវ​គ្រប់គ្រង​ដែល​ភ្លើង​ដែល​ខ្លួន​បង្កើតឡើង​ឲ្យ​បានល្អ ចៀសវាង​ការឆេះ​រាលដាល ខណៈ​អាកាសធាតុ​កំពុង​ក្តៅ ងាយ​បង្ក​ការឆាបឆេះ​ទៀត​នោះ​។ ជាមួយគ្នា​នោះ ប្រជាពលរដ្ឋ និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​សហការ​ពន្លត់ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ក៏ដូចជា​ការពារ​ធាន​ធាន​ធម្មជាតិ​របស់​ទាំងអស់​គ្នា​៕


Tag:
 អាកាសធាតុ​
  ​ត្រី​
 ​ ឆេះ​ព្រៃ​
© រក្សាសិទ្ធិដោយ thmeythmey.com