ពីនេះ ពីនោះ
តើ​ពាក្យ​«​ចេតិយ​» មានន័យ​ដូច​អ្វីដែល​ពលរដ្ឋ​ខ្មែរ​ធ្វើ​សម្រាប់​ដាក់​ធាតុ​ខ្មោច​ឬ​យ៉ាងណា​?
07, Apr 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា​«​ចេតិយ​» អ្នកណា​អ្នក​ក៏​ដឹង ក៏​ស្គាល់​ដែរ​ក្នុងពេល​បច្ចុប្បន្ននេះ​ថា​ជា​កន្លែង​សម្រាប់​តម្កល់​អដ្ឋិធាតុ​(​ឆ្អឹង​ខ្មោច​) របស់​សាច់ញាតិ ឬ​ឪពុកម្ដាយ អ្នកមានគុណ ជីដូន​ជីតា​ដែល​បាន​ចែក​ឋាន​ទៅ​។ ហើយក៏​នាំគ្នា​កសាងឡើង​តាម​លទ្ធិភាព និង​ទំហំ​តូចធំ​ជាដើម​។ ប៉ុន្តែ​ការដែល​សំខាន់ គឺ​ការកសាង​ចេតិយ​សម្រាប់​ដាក់​អដ្ឋិធាតុ វា​អាចមាន​ភាពខុស​ឆ្គង​ទៅនឹង​និយមន័យ​ពិត​របស់​ចេតិយ ក្នុងសម័យ​ព្រះ​។​



នៅក្នុង​វចនានុក្រម សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​និយមន័យ​យ៉ាងច្បាស់​អំពី​ពាក្យ​ថា «​ចេតិយ​»​នេះ​។ ពាក្យ​ថា «​ចេតិយ​» មាន​ថ្នាក់​ពាក្យ​ជា​(​ន​.) ជា​(​បា​.) និង​ជា​(​សំ​.)​ផង ហើយ​ពាក្យ​នេះ​មានន័យថា ជាទី​ដែល​គេ​គោរពបូជា គឺ​ទីណា​មួយ ទោះ​មាន​ដើមឈើ​ធំ​ជា​ប្រធាន​ជាទី​សម្គាល់​ក្ដី​, មាន​ថ្ម​ធំៗ ជាទី​ចំណាំ​ក្ដី​។​ល​។ ចេតិយ នេះ​គឺជា​កន្លែង​ដែល​អ្នកផង​គេ​សន្មត គេ​ជឿថា​ជាទី​ស័​ក្កិ​សិទ្ធិ គេ​តែង​ធ្វើ​សក្ការបូជា​គោរព ក៏​ហៅ ចេតិយ ទាំងអស់​។ ប្រទេស​យើង​សព្វថ្ងៃនេះ កន្លែង មួយ​ដែល​ហៅ «​ចេតិយ​» បាន​លុះត្រា​ជា​កន្លែង​សម្រាប់​តម្កល់​សារីរិកធាតុ​នៃ​ព្រះសម្មាសម្ពុទ្ធ​ជាដើម​។​

ជារួម ពាក្យ​ថា​«​ចេតិយ​» ឬ​សំណង​«​ចេតិយ​» គឺ​មិនមែនជា​កន្លែង​សម្រាប់​តម្កល់​អដ្ឋិធាតុ​ជន​សាមញ្ញ​នោះទេ ប៉ុន្តែ​គឺជា​ទី​តម្កល់​ព្រះ​សារីរិកធាតុ​របស់​ព្រះសម្មាសម្ពុទ្ធ​។ ហេតុនេះ ចំពោះ​ការយល់ឃើញ​មួយចំនួន​ក្នុងពេល​បច្ចុប្បន្ន​អាចមាន​ការខុសឆ្គង​។​

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com