ជាតិ
ក្រុម CCC ជិះ​កង់​រក​មូលនិធិ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ជា​លើក​ទី​៣
08, May 2016 , 12:33 pm        
រូបភាព
សៀមរាប​៖ ក្លឹប​អ្នកជិះ​កង់​ដើម្បី​សហគមន៍ ហៅ​កាត់​ថា​CCC បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​ជិះ​កង់​ប្រចាំឆ្នាំ រក​មូលនិធិ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ នេះ​ជា​ឆ្នាំ​ទី​៣​ហើយ ដែល​CCC បាន​កៀងគោ​ក្រុមយុវជន រួមគ្នា​ជិះ​កង់​ដើម្បី​ការងារ​សប្បុរសធម៌ នៅ​ទីក្រុង​សៀមរាប​។​


​មាន​មនុស្ស​ប្រមាណ​ជាង​៥០០​នាក់ បាន​ចូលរួម​ព្រឹត្តិការណ៍​ជិះ​កង់ រក​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ព្រឹក​ថ្ងៃទី​៨ ឧសភា​នេះ​។ កម្មវិធី​ជិះ​កង់​ជា​ទ្រង់ទ្រាយ​ធំ បានរៀបចំ​ឡើង​ដោយ​ក្រុមយុវជន ដែល​ចូលចិត្ត​ជិះ​កង់ CCC  ដែល​កន្លងទៅ ក្រុម​នេះ​បានធ្វើ​សកម្មភាព​ជួយ​សង្គម​ជាច្រើន មាន​ចុះទៅ​សង់ផ្ទះ​ដល់​ជនក្រីក្រ​នៅលើ​ភ្នំ​គូ​លេន ចែក​កង់​ដល់​សិស្ស​ក្រីក្រ និង​នាំ​មនុស្ស​ចាស់​ដែល​រស់នៅ​ក្បែរ​អង្គរវត្ត មក​បាន​ស្គាល់​អង្គរវត្ត​ជា​លើកដំបូង​។​ល​។​

​ប្រធាន​ក្រុម​អ្នកជិះ​កង់​ដើម្បី​សហគមន៍ ហៅ​កាត់​CCC លោក គិ​ម ប៊ុន​ថា​ន់ បាន​ឲ្យ​ដឹងថា នេះ​ជា​ឆ្នាំ​ទី​៣​ហើយ ដែល​ក្រុម​របស់លោក​រៀបចំ​កម្ម​វិធី​មនុស្សធម៌ រក​មូលនិធិ​ជួយ​ពេទ្យ​គន្ធបុប្ផា​។ លោក​ពន្យល់ថា ដោយសារ​ឃើញ​ពី​ទុក​លំបាក ក៏ដូចជា​បុព្វហេតុ ដែល​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ជួយសង្គ្រោះ​ដល់​កុមារ​ក្រីក្រ​កម្ពុជា​រាប់លាន​នាក់​នាពេល​កន្លងមក ទើប​ក្រុម​របស់លោក ចង់​មាន​ចំណែក​ខ្លះ ជួយ​ជីវិត​កុមារ​កម្ពុជា​។

​តាម​ការបញ្ជាក់​របស់​លោក ប៊ុន​ថា​ន់ នៅ​ឆ្នាំ​ទីមួយ តាមរយៈ​ការ​ជិះ​កង់​របស់​ក្រុម​របស់លោក រក​ថវិកា​បាន​ចំនួន ២៥៤៧ ដុល្លារ ឆ្នាំ​ទី​ពីរ បាន ៧០៩៧​ដុល្លារ និង​ឆ្នាំ​ទី​បី​នេះ មាន​ជាង ១៥០០០​ដុល្លារ ដើម្បី​ជួយ​កុមារ​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា គឺ​កើនឡើង​ខ្ទង់​បី​ដង​។ លោក ប៊ុន​ថា​ន់ សប្បាយចិត្ត នៅពេល​ដែលមាន​សន្ទុះ​យុវជន​កាន់តែច្រើន បាន​ចូលរួម​កម្មវិធី​ជិះ​កង់​នេះ​។​

​លោក ឡាវ វ៉ាន់ តំណាង​ក្រុមហ៊ុន​ទឹកបរិសុទ្ធ វី​តា​ល់ ដែលជា​អ្នក​ឧបត្ថម្ភ​ធំជាងគេ​ក្នុង​ព្រឹត្តិការណ៍​ជិះ​កង់​នេះ បាន​និយាយថា នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រុមហ៊ុន​លោក​បាន​ចូលរួម​។ លោក វ៉ាន់ បន្ថែមថា ការចូលរួម​នេះ គឺ​ដើម្បី​ជា​ចំណែក​មួយ ក្នុង​ការជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ក៏ដូចជា​ជួយ​ជីវិត​កុមារ​កម្ពុជា​ផង​។ លោក វ៉ាន់ បានស្នើ​ឲ្យ​បណ្តា​ក្រុមហ៊ុន​ដទៃទៀត គួរ​ចូលរួម​ក្នុង​កម្មវិធី​មនុស្សធម៌​នានា ដើម្បី​បុព្វហេតុ​ការងារ​មនុស្សធម៌​៕


Tag:
 ជិះកង់
  CCC
© រក្សាសិទ្ធិដោយ thmeythmey.com