ពីនេះ ពីនោះ
រឿងខ្លីគួរពិចារណា៖ ហង្ស និងក្អែក(ភាគ៥)
×
នៅតាមផ្លូវធំទៅកាន់ក្រុងឧជ្ជយិនី មានដើមបិប្បលៈមួយដើម មានមែកទ្រឈឹងទ្រឈៃ។ សត្វហង្សនឹងក្អែកអាស្រ័យនៅលើដើមឈើនោះ។ នៅក្នុងរដូវក្តៅ មានអ្នកដំណើរម្នាក់ដើរមកដល់អស់កម្លាំងណាស់ ឃើញម្លប់ត្រជាក់ស្រួល ដាក់ធ្នូនឹងសរក្បែរគល់ឈើប្រាស់ខ្លួនដេកលន់លក់ទៅ។
ក្រោយបន្តិចមក ម្លប់ដើមឈើនោះ រែបែរឃ្លាតចេញពីមុខអ្នកដំណើរនោះ។ កាលនោះហង្សទំនៅលើដើមឈើនោះ ក្រឡេកទៅឃើញមុខអ្នកដំណើរ ចាំងដោយកំដៅព្រះអាទិត្យ កើតមានចិត្តល្អជាចិត្តបុណ្យដ៏ត្រជាក់ត្រជំ ទើបកាងស្លាបខ្លួនបាំងកំដៅព្រះអាទិត្យ ឲ្យម្លប់ទៅចំមុខអ្នកដំណើរនោះដោយចិត្តអាណិត។ រីអ្នកដំណើរកំពុងអស់កម្លាំងខ្លាំង បានម្លប់ត្រជាក់ស្រួល ក៏ដេកលក់ស៊ុបច្រហមាត់ធ្លុង។ គ្រានោះឯង, ក្អែកដែលនៅជាមួយគ្នា ជាសត្វមានចិត្តអាក្រក់ជាសភាពទុជ៌នពីកំណើត តែងត្រណែនជនដទៃជានិច្ច មិនចង់ឲ្យគេបានសេចក្តីសុខសោះ ក៏បន្ទោបង់អាចម៍ឲ្យធ្លាក់ទៅចំប៉ាច់ក្នុងមាត់នៃអ្នកដំណើរនោះ ហើយហើរចេញបាត់ទៅភ្លាម។ អ្នកដំណើរត្រូវអាចម៍ក្អែកស្អុយមួយដុំចំមាត់ ក្នាញ់ណាស់ក្រោកគ្រទីគ្រទាឡើងក្រឡេកមើលទៅលើ ឃើញតែហង្សមិនឃើញក្អែក ក៏ចាប់ទាញធ្នូមកហើយបាញ់ ដម្រង់ទៅត្រូវស្លាប់ទៅហោង។ ហេតុនោះហើយបានជាខ្ញុំ(សេក) ពោលថា៖«បុគ្គលមិនគប្បីឋិតនៅ»ដូច្នេះដើម(លេខ២២)។
សេករៀបរាប់តទៅទៀតថា៖«ទេវៈ! ខ្ញុំបាទនឹងនិយាយរឿងក្អែកនឹងទទាតទៅទៀត, សូមលោកម្ចាស់ប្រុងស្តាប់៖
(សូមតាមដានភាគបន្ត)
ប្រភព៖ «ស្រីហិតោបទេស» បកប្រែពីភាសាស្ក្រឹត ដោយភក្ខុ ប៉ាង ខាត់
© រក្សាសិទ្ធិដោយ thmeythmey.com