ពីនេះ ពីនោះ
រឿងនិទាន​គួរ​ពិចារណា​៖ ក្អែក និង​ទទា (​ភាគ​៦)
15, May 2016 , 4:30 pm        
រូបភាព
ដោយ:
 
​ក្អែក​និង​ទទា អាស្រ័យ​នៅលើ​ដើមឈើ​ជា​សុខ​សប្បាយ​។ ថ្ងៃមួយ​បក្សី​ទាំងឡាយ​បបួលគ្នា​ហិចហើរ​ទៅកាន់​ត្រើយ​សមុទ្រ ដើម្បី​ទៅ​គោរព​គ្រុឌ​ជា​ស្តេច​បក្សី​ដ៏​មានបុណ្យ​។ កាលនោះ ទទា ធ្វើដំណើរ​ជាមួយ​ក្អែក​ដល់​ពាក់​កណ្តាលផ្លូវ ទៅ​ជួបនឹង​គោបា​ម្នាក់​ទូល​ភាជន៍​ទឹកដោះ​លើ​ក្បាល ក្អែក​ហើរ​ទៅ​លប​ឆក់​ទឹកដោះ​នោះ​ស៊ី​រឿយៗ​។



គោបា​ក្នាញ់​ណាស់ ដាក់​ភាជន៍​ទឹកដោះ​ទុក​នៅ​ដី ក្រឡេកមើល​ទៅលើ​អាកាស​ឃើញ​ក្អែក និង​ទទា ក៏​រត់​ដេញតាម​។ ក្អែក​កាល​ដឹងខ្លួន​ថា គោបា​ឃើញ​ខ្លួន ក៏​ហើរ​បាត់ទៅ​ភ្លាម​។ ឯ​ទទា ជា​សត្វ​ល្ងង់ខ្លៅ ដឹងខ្លួន​ថា មិនមាន​កំហុស មិន​ហើរ​ទៅណា​ឆ្ងាយ ត្រូវ​គោបា​ចាប់​សម្លាប់ចោល​បង់សៀត​ទៅ​ហោង​។ ព្រោះហេតុនោះ​បានជា​ខ្ញុំ​(​សេក​) ពោលថា «​មិន​គប្បី​ដើរទៅ​ជាមួយ​» ដូច្នេះ​ជាដើម​(​លេខ​២២)​។

កាលនោះ ខ្ញុំបាទ​(​ទី​ឃ៌​មុខ​) និយាយ​តប​ទៅកាន់​សេក​ថា​៖«​នែ​បង​សេក​! បង​សេក​ម្តេចក៏​និយាយ​យ៉ាងនេះ​? រូប​បង​និង​រូបខ្ញុំ​ពីរ​នាក់​នេះ ទុកដូចជា​រូប​ម្ចាស់ផែនដី​ដ៏​មានបុណ្យ​មួយ​ព្រះអង្គ​។ បង​មិនគួរ​និយាយ​បង្កាច់​ដូច្នេះ​ទេ​» សេក​ឆ្លើយតប​មកវិញ​ថា​៖ ពិត​ដូច​បង​កុក​និយាយ​ហើយ តែ​ថា​៖ 
២៣- ពាក្យ​ដែល​ទុជ៌ន​ពោល សូម្បី​និយាយ​ញញឹម​ស្រស់​ពីរោះ​ផ្អែម​ដូចជា​ផ្កា​រី ជួនកាល ក៏​អាច​នឹង​ញ៉ាំ​ភ័យ​ឲ្យ​កើតឡើង​បាន​។ 
 
​សំដី​បង​កុក​និយាយ​ចេញមក​នេះ នាំ​ឲ្យ​ឃើញច្បាស់​ហើយ ថា​ជា​ទុជ៌ន​ស្រេច​ទៅហើយ ឯ​សំដី​ដែលជា​ហេតុ​ដើម នុះ គឺ​សំដី​ដែល​និយាយ​នាំ​ឲ្យ​ព្រះរាជា​ទាំងពីរ ព្រះអង្គ​ធ្វើសឹក​សង្គ្រាម​នឹង​គ្នា​នេះឯង បង​សេក​មើល​!
 
២៤- ទោស​ដែល​បុគ្គល​ធ្វើ​ឲ្យ​ឃើញ​ប្រត្យក្ស ហើយ​មនុស្ស​ល្ងង់​នៅតែ​ពេញចិត្ត​ស្ងប់ស្ងៀម ដោយ​គ្រាន់តែ​គេ​និយាយ​ពាក្យ​ពិ​រោះ​ផ្អែម​ប៉ុណ្ណោះ ដូច​រឿង​ជាង​រថ​ទូល​ភរិយា​លើ​ក្បាល​ព្រមទាំង​សា​ហាយ​ភរិយា​ផង​។ 
 
​ក្ងោក​ចិត្រ​ពណ៌​សួរថា​៖«​ចុះ​រឿង​នោះ​ដូចម្តេច​?»​។ សេក​និយាយ​រៀបរាប់​រឿង​នោះ ដូច​សេចក្តី​តទៅ​នេះ​ថា​៖ 
 
(​សូម​តាមដាន​ភាគ​បន្ត​) 
​ប្រភព​៖ «​ស្រី​ហិ​តោ​បទេស​» បកប្រែ​ពី​ភាសា​ស្ក្រឹ​ត ដោយ​ភ​ក្ខុ ប៉ាង ខាត់  
 

Tag:
 ស្រី​ហិ​តោ​បទេស​
© រក្សាសិទ្ធិដោយ thmeythmey.com