ជាតិ
ប្រាក់ពិន័យចរាចរណ៍៖ សម្ដេច ស ខេង ព្រមានដកសក្តិស្នងការនគរបាល ដែលអនុវត្តខុសគោលការណ៍
× រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានប្រាប់ឲ្យមន្ត្រីស្នងការដ្ឋាននគរបាលជាតិទាំងអស់ បើកប្រាក់ឧបត្ថមលើកទឹកចិត្តដល់មន្ត្រីប៉ូលីសចរាចរណ៍ឲ្យបានត្រឹមត្រូវ តាមគោលការណ៍ណែនាំរបស់សម្ដេចកន្លងមក។ សម្ដេច ស ខេង បានបញ្ជាឲ្យសវនកម្មក្រសួងមហាផ្ទៃ ចុះទៅត្រួតពិនិត្យតាមបណ្ដាអង្គភាពទាំងនោះឲ្យបានច្បាស់លាស់ផងដែរ ដោយលោកបានព្រមានថា បើសិនជាស្នងការនគរបាលទាំងនោះ មានគំនិតខិលខូចអនុវត្តខុសគោលការណ៍ណែនាំនោះ សម្ដេចនឹងដកតំណែងពួកគេភ្លាម ។
សូមស្ដាប់ប្រសាសន៍សម្ដេច ស ខេង នៅក្នុងមិទ្ទិញរំលឹកខួបលើកទី៧១ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិ នាព្រឹកនេះ ៖
កន្លងមកសម្ដេច ស ខេង បានណែនាំឲ្យអធិការនគរបាលដ្ឋាន ខណ្ឌ ក្រុង ស្រុក ត្រូវរក្សាទុកប្រាក់ចំណូលបានពីការពិន័យចំពោះអំពើល្មើសច្បាប់ចរាចរណ៍ប្រចាំថ្ងៃ១០០ភាគរយ ក្នុងគណនីអង្គភាព ហើយត្រូវបង្វែរប្រាក់ចំណូលប្រចាំខែចូលគណនីស្នងការដ្ឋាននគរបាលជាតិ រួមទាំងរបាយការណ៍ពាក់ព័ន្ធផងដែរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវបូកសរុបចំណូលប្រចាំខែ១០០ភាគរយ ហើយត្រូវបែងចែកបង្វែរប្រាក់ចំណូលចំនួន១៦ភាគរយ ចូលគណនីរបស់នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ ខណៈប្រាក់ពិន័យចំនួន ៩ ភាគរយផ្សេងទៀត ត្រូវរំលែកទៅការិយាល័យចរចរណ៍ផ្លូវគោករាធានី-ខេត្ត ដើម្បីប្រើប្រាស់ក្នុងអង្គភាព និងឧបត្ថមមន្ត្រី។
ជាមួយគ្នានេះប្រាក់ចំណូលបានមកពីពិន័យចំនួន៧៥ភាគរយ ត្រូវបង្វែរចូលគណនីអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ដើម្បីបែងចែកដោយប្រាក់ពិន័យចំនួន ៥ ភាគរយត្រូវផ្ទេរទៅផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោគស្រុក-ខណ្ឌ ដើម្បីពង្រឹងការងារអង្គភាព និងឧបត្ថមដល់មន្ត្រី ហើយប្រាក់ពិន័យចំនួន ៧០ ភាគរយទៀត ទៅឲ្យមន្ត្រីចរាចរណ៍ផ្លូវគោកថ្នាក់ស្រុក-ខណ្ឌ និងមន្ត្រីផ្សេងទៀតដែលចូលរួមបំពេញភារកិច្ចនៅនឹងកន្លែង៕
© រក្សាសិទ្ធិដោយ thmeythmey.com